ភ្នំពេញ៖ មានករណីពីរផ្សេងគ្នា បានកើតឡើងក្នុងថ្ងៃតែមួយ ក្នុងទឹកដីខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយករណីទី១ ត្រូវបានគេរាយការណ៍មកថា បានកើតឡើង នៅវេលាម៉ោង៤និង៥០នាទីព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ដោយមានក្រុមចោរ ២នាក់ ជិះម៉ូតូសេ១២៥ ពាក់ស្លាកលេខ ខ.ម ប្រដាប់ដោយអាវុធខ្លី ធុន កា៥៤ បាន ទៅភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះ ដល់មុខផ្ទះ ហើយជិះចេញទៅដោយសុវត្ថិភាព។

ប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ឈ្មោះ កែប សុភក្ដ្រ័ ភេទប្រុស អាយុ ៣៣ឆ្នាំ មានមុខងារជាមន្ដ្រី នៅក្រសួងសង្គមកិច្ច បានជិះម៉ូតូម៉ាកស្កុបពី ពណ៌ ផ្កាឈូក ពាក់ ស្លាកលេខកំពង់ស្ពឺ 1D-5095 ចេញពីផ្ទះមិត្ដភក្ដិ រហូតមកដល់មុខផ្ទះលេខ ១៧៧ តាម បណ្ដោយផ្លូវបេតុងលេខ១៩៥ ស្ថិតក្នុងភូមិបាយ៉ាប ស្ថិតក្នុង សង្កាត់ភ្នំពេញថ្មី ដែលជាផ្ទះ របស់ជនរងគ្រោះផ្ទាល់ ក៏ឈប់ម៉ូតូហើយចាក់សោរបងផ្ទះ។

ប្រភពបន្ដថា នៅពេលដែល ជនរងគ្រោះកំពុងឈរចាក់សោរបង ស្រាប់តែមានក្រុមចោរ ២នាក់ ជិះម៉ូតូសេ១២៥ ពណ៌ខ្មៅមកដល់ ហើយដកកាំភ្លើងខ្លីម៉ាក កា៥៤ ភ្ជង់លើជនរងគ្រោះ រួចយកម៉ូតូម៉ាកស្កុបពីនោះ ព្រមទាំងកុំព្យូទ័រយួរដៃ១គ្រឿងទៀត ចេញទៅបាត់ដោយសុវត្ថិភាព។

ដោយឡែករណីមួយទៀត ត្រូវបានប្រភពរាយការណ៍មកថា បុរសម្នាក់ដែលមានមុខរបរ ជួញដូរ និងកាប់គោលក់ ត្រូវបានសាច់ញាតិភ្ញាក់ផ្អើល បន្ទាប់ពីដឹងថា គាត់ ដេកស្លាប់លើគ្រែក្នុងផ្ទះរបស់គាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើង កាលពីវេលាម៉ោង ៦ព្រឹក ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០១២ នៅផ្ទះរបស់ជនរងគ្រោះ លេខ១៤ ក្រុមទី៧ ភូមិសែនសុខទី១ សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ រាជធានីភ្នំពេញ។

ប្រភពពីនគរបាលមូលដ្ឋាន បានរាយការណ៍មកថា ជនរងគ្រោះមានឈ្មោះ រ័ត្ន ចាន់ថន អាយុ ៤៥ឆ្នាំ ជាអ្នកជំនួញសត្វគោ មានប្រពន្ធឈ្មោះ ឡៃ សុខ អាយុ៤៥ឆ្នាំ មានកូន០៣នាក់ក្នុង បន្ទុក។ ការស្លាប់របស់ជនរងគ្រោះរូបនេះ ត្រូវសមត្ថកិច្ចសន្និដ្ឋានថា បណ្ដាលមគពីជំងឺខ្យល់គរ ឬគាំងបេះដូង ដោយរោគលើសឈាម មិនពាក់ ព័ន្ធនិងករណីអ្វីផ្សេងទេ។

ប្រភពបានបន្ដថា មុនកើតហេតុ គឺនៅវេលាម៉ោងប្រហែល ៥ល្ងាច ថ្ងៃទី១៧ ខែកក្កដា គេឃើញជនរងគ្រោះ អង្គុយផឹកស្រាជាមួយអ្នកជិតខាង ប្រមាណជា ៤ទៅ ៦នាក់ រហូតដល់ម៉ោងប្រហែល ៧យប់ ទើបនាំគ្នាឈប់ ហើយជនរងគ្រោះ បានចូលផ្ទះដេក លុះដល់ ម៉ោង០៦ព្រឹក នៅពេលកូនគាត់ទៅដាស់ ទើបដឹងថា ជនរង គ្រោះស្លាប់បាត់ទៅហើយ ប៉ុន្ដែមិនដឹងថា គាត់បានស្លាប់ តាំងពីពេលណានោះទេ៕

www.dap-news.com

សមត្ថកិច្ចចុះត្រួតពិនិត្យក្រោយពីក្រុមចោរភ្ជង់ប្លន់យកម៉ូតូស្កុបពីនៅមុខផ្ទះ

www.dap-news.com

www.dap-news.com

លិខិតឆ្លងដែននិងរោងបុណ្យសពជនរងគ្រោះដែលជាថៅកែរកស៊ីកាប់គោលក់ ឈ្មោះ រ័ត្ន ចាន់ថន

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]