ភ្នំពេញ៖ ទាក់ទិនទៅនឹងជម្លោះដ៏ស្រួចស្រាល ក្នុងគ្រួសាររបស់តារាសម្តែង និងចម្រៀងលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា ដែលលេចឮថា លោកបានប្រើអំពើហិង្សា វាយដំភរិយា យ៉ាងដំណំ រហូតដល់ ភ្លាត់ឆ្អឹងដង កាំបិតនោះ ត្រូវបាន ម្ចាស់សាម៉ីខ្លួន លោក យ៉ែម សំអូន ចេញមុខ បដិសេធ និងច្រានចោល ព័ត៌មាននោះថា ជាការសរសេរ បំប៉ោងព័ត៌មាន ទាមទារការ ចាប់អារម្មណ៍ លើសពីការពិត ។ ម្យ៉ាងទៀតលោក មានចិត្តស្រឡាញ់ ភរិយាខ្លាំងណាស់ គ្មានថ្ងៃដែល លោកធ្វើទង្វើបែបនោះ ដាក់មនុស្ស ដែលខ្លួន ស្រឡាញ់ឡើយ ។

កាលពីពេលថ្មីៗកន្លងទៅនេះ មានព័ត៌មានមួយចំនួន បានធ្វើឲ្យមហាជនមានការភ្ញាក់ ផ្អើល យ៉ាងខ្លាំង បន្ទាប់ពី លេចឮថា គូស្វាមីភរិយា មួយគូ ដែលធ្លាប់ត្រូវមហាជន ដាក់ងារឲ្យថា ជាគូស្នេហ៍គំរូក្នុង វិថីសិល្បៈលោក យ៉ែម សំអូន និងអ្នកនាង យ៉ាន លីនដា បានផ្ទុះ ជម្លោះ ជាមួយគ្នា យ៉ាងតឹងសរសៃក រហូតដល់ ប្រើអំពើហិង្សា កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ នេះដោយ លោក យ៉ែម សំអូន បានវាយដំ ភរិយារូបស្អាត រហូតដល់ភ្លាត់ ឆ្អឹងកញ្ចឹងក ជាំភ្នែក និងរបួស ត្រង់ឆ្អឹងដងកាំបិត ដោយសារតែ ភ្លើងប្រច័ណ្ឌ ខុសទំនង របស់ភរិយានាង លីនដា ។

ជុំវិញព័ត៌មានដែលលេចឮខាងលើនេះ ត្រូវបានម្ចាស់សាម៉ីខ្លួនបុរសសង្ហាលោក យ៉ែម សំអូន ចេញមុខ បកស្រាយយ៉ាងខ្លី ប្រាប់គេហទំព័រកម្សាន្ត LookingTODAY ឲ្យដឹង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ នេះថា ពាក្យចចាម អារ៉ាម ពេលខ្លះចេះ តែបំប៉ោង អត់មានអីធំដុំ តែបែរជា ត្រូវបានអ្នក សារព័ត៌មាន យកទៅសរសេរ បំភ្លៃការពិត នាំឲ្យគ្រួសារ លោកមានបញ្ហា កាន់តែខ្លាំង ។

លោក យ៉ែម សំអូន បានប្រាប់ឲ្យដឹងថា «ធម្មតាចានក្នុងរាវ គង់មានប៉ះទង្គិចគ្នា ចុះទម្រាំ តែជីវិតប្តី ប្រពន្ធ ក៏គង់តែមាន បញ្ហាខ្លះៗ វាមិនអត់នោះទេ តែអ្វីដែលខ្ញុំដឹងពេលនេះ គឺខ្ញុំនៅតែ ប្រកាន់ជំហរ ស្រឡាញ់ភរិយាខ្ញុំ ដូចដើមគ្មានអ្វី ប្រែប្រួលឡើយ ហើយខ្ញុំ និងភរិយាក៏ គ្មានការបែកបាក់គ្នា ដោយសារតែ រឿងប៉ុណ្ណឹងដែរ ព្រោះថាអស់រយៈ ពេលជាង ១០ឆ្នាំហើយ ដែលពួកយើងរស់ នៅជាមួយគ្នា យល់ចិត្តគ្នា ដូច្នេះបញ្ហានេះ មិនអាចធ្វើ ឲ្យស្នេហានេះ មានភាព រង្គោះរង្គើឡើយ» ។

លោក សំអូន បានប្រាប់បែបឲ្យដឹងខ្លីៗ មិនចង់បកស្រាយច្រើនថា ទន្ទឹមជាមួយគ្នា នោះដែរ លោកក៏សុំ អរគុណចំពោះ អ្នកគាំទ្រ ដែលមានអ្នកខ្លះ បានទូរស័ព្ទមកលើកទឹកចិត្ត និងមិនចង់ ឲ្យពួកលោកបែ កបាក់គ្នា លោកសុំផ្តាំ ផ្ញើទៅថា លោកមិនដែល មានគំនិត ចង់បែកពីភរិយាឡើយ ពេលនេះភរិយាលោក មានអារម្មណ៍អន់ ចិត្តដូច្នេះ លោកត្រូវទុក ពេលឲ្យភរិយា ហើយរឿង ផ្សេងៗទុក ឲ្យពេលវេលាជា អ្នកសម្រេច ។ មួយវិញទៀត លោកចង់ប្រាប់ថា លោកស្រឡាញ់ ភរិយាខ្លាំងណាស់ លោកគ្មានថ្ងៃធ្វើ រឿងមិនល្អ លើគាត់ដូចការ ចុះផ្សាយកន្លង មកឡើយ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]