ភ្នំពេញ៖ តារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា បន្ទាប់ពីផ្ទុះជម្លោះបែកផ្សែងជាថ្មី ជាមួយអតីតគូស្នេហ៍ មិនទាន់បានប៉ុន្មានផង ពេលនេះស្រាប់តែបែកធ្លាយព័ត៌មាន ដ៏រសើបមកថា នាងបាននឹងកំពុងលួច មានទំនាក់ទំនង សាងសម្ព័ន្ធភាពស្នេហា ថ្មោងថ្មី ជាមួយបុរសខុសជាតិសាសន៍ម្នាក់ ខណៈគេទើបដឹងថា អ្នកទាំងពីរធ្លាប់បានបណ្តើរគ្នា ចេញទៅកម្សាន្ត ក្រៅប្រទេសសាងអនុស្សាវរីយ៍ជាមួយគ្នាទៀតផង ។

ផ្អែកតាមប្រភពពីរង្វង់អ្នកសិល្បៈ ដែលកំពុងនិយាយខ្សឹបខ្សៀវគ្នា ពីមួយទៅមួយបានឲ្យដឹងថា តារាសម្តែងកញ្ញា វណ្ណ ម៉ូនីកា ក្រោយពេលបែកស្នេហ៍ ជាមួយអតីតសង្សារចាស់ គឺមានបុរសជនជាតិអ៊ីតាលីម្នាក់ តាមទាក់ទងសុំស្នេហ៍រហូតតារាស្រីរូបនេះ ផ្តល់ឱកាសបើកភ្លើងខៀវឲ្យ ដើម្បីស្វែងមើលពីចិត្តគំនិតគ្នាទៀតផង ។

ប្រភពបានបញ្ជាក់ថា ចំពោះទំនាក់ទំនងស្នេហ៍រវាងពួកគេទាំងពីរ គឺមានរយៈពេលប្រហែល៥ខែមកហើយ ក្រោយពេលបែកបាក់ ពីអតីតសង្សារចាស់ក្នុងនោះ តារាសម្តែកញ្ញា វណ្ណ ម៉ូនីកា ជាមួយបុរសសង្សារជនជាតិអ៊ីតាលីដែលកំពុង បម្រើការងារនៅក្រុង Dubai ប្រទេសអារ៉ាប់រួម ក៏ធ្លាប់ស្កាត់ជួបគ្នា និងបានចេញដើកម្សាន្ត នៅក្រៅប្រទេស ជាមួយគ្នាជាញឹកញាប់ផងដែរ ។ ទន្ទឹមនឹងគ្នានេះកាលពីព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៥ នេះត្រូវបានប្រភពទម្លាយមកថា វណ្ណ ម៉ូនីកា បានចាកចេញពីស្រុកខ្មែរចេញទៅ ប្រទេសវៀតណាម តែពីរនាក់គូស្នេហ៍ដោយស្ងាត់ៗ ។

ប្រភពបាននិយាយទៀតថា បុរសជនសម្បូរទ្រព្យស្តុក ដែលកំពុងមានទំនាក់ទំនង ស្នេហ៍ផ្អែមល្អែមជាមួយកញ្ញា វណ្ណ ម៉ូនីកា ម្នាក់នោះ មានវ័យប្រមាណជា៣៨ជាជនជាតិអ៊ីតាលី បច្ចុប្បន្នគឺកំពុងរស់នៅបម្រើការងារនៅក្រុង Dubai ។ ក្នុងដំណើរកម្សាន្តរបស់អ្នកទាំងពីរ នៅប្រទេសវៀតណាមពេលនេះ គឺមានរយៈពេលរហូតដល់ទៅមួយសប្តាហ៍ឯណោះ ។

ប្រភពដដែលបានបន្ថែមថា បើតាមការដឹង ក្រោយពីត្រឡប់មកពីប្រទេសវៀតណាមវិញ វណ្ណ ម៉ូនីកា និងគូស្នេហ៍ក៏មានគម្រោង ចេញទៅដើកម្សាន្ត នៅបណ្តាប្រទេសចំនួន ២ ឬ ៣ប្រទេសផ្សេងគ្នាទៀត បន្ទាប់ពីនាងដោះស្រាយរួចរាល់នូវបញ្ហាផ្ទាល់ខ្លួន ។

នៅរសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៥ នេះគេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីស្វែងរកការបំភ្លឺ ពីសំណាក់កញ្ញា វណ្ណ ម៉ូនីកា តាមទូរស័ព្ទបាននៅឡើយទេ ខណៈនេះនាងកំពុងទៅសាងស្នេហ៍ នៅប្រទេសវៀតណាម ជាមួយគូស្នេហ៍ ។ យ៉ាងណាមិញ LookingTODAY នឹងព្យាយាមស្វែងរក ការបកស្រាយពីសំណាក់ វណ្ណ ម៉ូនីកា នៅពេលក្រោយ ដើម្បីឲ្យមហាជនបានដឹងច្បាស់ ពីការពិតជុំវិញរឿងរ៉ាវខាងលើនេះ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]