ភ្នំពេញ ៖ គ្រូបង្រៀនដែលបាន ចាប់កូនសិស្ស ខ្លួនឯងជំរិត ទារប្រាក់ ជាង៣០០០ ដុល្លារ រួចសម្លាប់ ចោលនោះ ត្រូវបានសាលាដំបូង រាជធានី ភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនាគារ ២៧ឆ្នាំ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១២ ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ ចៅក្រមអ្នកស្រី ចាំង ស៊ីណាត បាន សម្រេចផ្តន្ទាទោស ជនជាប់ចោទ និល សាវ៉ាន់ ដាក់ ពន្ធនាគារ រយៈ២៧ឆ្នាំ ពីបទឃាតកម្ម ដោយ មានស្ថានទម្ងន់ទោស ជំរិតទារប្រាក់ ។

អ្នកស្រី ចំាង ស៊ីណាត ក៏បានបង្គាប់ ឲ្យជនជាប់ចោទ សងសំណងទៅដើមបណ្តឹង ចំនួន២ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ផងដែរ ហើយសំណុំរឿង នេះត្រូវបាន បើកសវនាការជំនុំជម្រះ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ ។

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានី ភ្នំពេញ លោក គឺ ប៊ុណ្ណារ៉ា បានចោទប្រកាន់ លោក និល សាវ៉ាន់ អាយុ១៩ឆ្នាំ មុខរបរគ្រូបង្រៀនកុំព្យូទ័រ ពីបទឃាតកម្ម ដោយមាន ស្ថានទម្ងន់ទោស ជំរិតទារប្រាក់ ដែលបាន ប្រព្រឹត្ដកាលពី ថ្ងៃទី៤ ខែកុម្ភៈឆ្នាំ២០១២ ។

ជនជាប់ចោទនិល សាវ៉ាន់ ត្រូវបានឃាត់ ខ្លួននៅថ្ងៃទី៥ ខែកុម្ភៈ នៅក្នុងសាលាប ង្រៀនអន្ដរជាតិ វែលវ៉ាយ ហើយជនជាប់ចោទរូប នេះ បានសារភាព ទាំងអស់ពី សកម្មភាពរបស់ ខ្លួន ដែលបាន សម្លាប់ កូនសិស្សរៀនកុំព្យូទ័រ ដែលទើបតែមានអាយុ៨ឆ្នាំ ។

ជនជាប់ចោទ និល សាវ៉ាន បានឱ្យដឹងថា មូលហេតុដែលដាច់ចិត្ដ ធ្វើការជំរិត ទារប្រាក់ នេះ ក៏ព្រោះតែខ្វះ លុយដណ្ដឹងប្រពន្ធ ដោយម្ដាយខាងស្រី បានប្រាប់ថា បើប៉ុន្មានថ្ងៃទៀត គ្មានប្រាក់ គ្រប់ចំនួនទេ នឹងលើកកូនស្រីនេះ ទៅឱ្យអ្នកផ្សេង ។ បន្ទាប់ពីមានគំនាបផ្លូវ ចិត្ដយ៉ាងដូច្នេះ ទើបលោក និល សាវ៉ាន់ ដាច់ចិត្ដធ្វើសកម្មភាព នៅថ្ងៃទី៤ ខែកុម្ភៈ ដោយបាននាំ កូនសិស្ស ឈ្មោះ គង់រ៉ាទី សត្យារិទ្ធ ទៅវត្ដចំពុះក្អែក ប្រាប់ថានាំទៅជួបឪពុក ប៉ុន្ដែដោយយូរពេកមិន ឃើញឪពុកក្មេងនោះ ក៏យំ ហើយជនជាប់ចោទ ក៏បានយកដុំថ្មទំហំ ប៉ុនបាតដៃ វាយចំកញ្ចឹងក ចំនួន២ដង ធ្វើឱ្យ ក្មេងនោះ ស្លាប់ រួចយកទៅទម្លាក់ ចោលក្នុងស្រះ លុះដល់ម៉ោង២រសៀល ក៏បាន ទូរស័ព្ទមកឪពុកក្មេង រងគ្រោះ ជំរិតទារប្រាក់ ចំនួន១០ម៉ឺនដុល្លារអាមេរិក ។

ជនជាប់ចោទបន្ដថា បន្ទាប់មកឪពុក ក្មេងរងគ្រោះនេះ ក៏បានចរចាគ្នា រហូតធ្លាក់ថ្លៃ ត្រឹម៣៥០០ដុល្លារ រួចក៏ណាត់ ជួបគ្នានៅមុខ វត្ដបទុមវត្ដី ដោយ បង្គាប់ ឱ្យឪពុក ក្មេងរងគ្រោះ ទុកប្រាក់ នៅក្រោមរថយន្ដ នៅពេល ទទួលប្រាក់បាន និងមានរថយន្ដ មួយគ្រឿង យកក្មេងមកឱ្យ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៤ ខែកុម្ភៈ មានកើតករណី ផ្អើលឆោឡោមួយ ដោយសារតែ មានករណី ចាប់ក្មេង ប្រុសអាយុ៨ឆ្នាំ ម្នាក់ឈ្មោះ គង់ រ៉ាទីសត្យារិទ្ធ មានទីលំ នៅផ្ទះលេខ១១២ ក្រុមទី៤ ផ្លូវលេខ១៦៧ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ខណៈក្មេងប្រុសរងគ្រោះ ជិះកង់ចេញ ពីផ្ទះ ទៅរៀនកុំព្យូទ័រ នៅក្បែរនោះ ។ តាមលោក គង់ រ៉ាទី ដែលជាឪពុកធ្វើការ នៅ ស្ថានទូតអាមេរិក បានអះអាងថា ក្រោយពីបាត់កូនមិន ឃើញវិល ត្រឡប់មកវិញ នៅ ម៉ោងប្រមាណ ៦ល្ងាច ស្រាប់តែ លោកទទួល ទូរស័ព្ទពីក្រុមឧក្រិដ្ឋជន ដោយអះអាងថា កូនរបស់ខ្លួននៅក្នុង កណ្ដាប់ដៃ របស់ គេបើមិន ចង់ឱ្យកូនស្លាប់ ត្រូវយកលុយ ទៅលោះដោយ ចុងក្រោយ ភាគីទាំង សងខាង បានឯកភាពគ្នា បង់លុយលោះ ចំនួន៣៥០០ដុល្លារ ដោយ យកលុយទៅ ផ្លុងចោល នៅក្នុងវត្ដចំពុះក្អែក នៅវេលាម៉ោង៨យប់ តែក្រោយពី ឧក្រិដ្ឋជន បានប្រាក់ហើយ ខ្លួនបានអង្គុយ រង់ចាំកូន រហូតដល់ម៉ោង ១២យប់ នៅតែមិនឃើញ ទូរស័ព្ទ ទៅឧក្រិដ្ឋជន ក៏មិនចូល ទើបសម្រេច ធ្វើដំណើរ មកផ្ទះវិញ ក្រែងលោឧក្រិដ្ឋជន យកមកផ្លុង ចោលក្បែរផ្ទះ ។ លុះដល់វេលាថ្ងៃត្រង់ថ្ងៃ ទី៥ ខែកុម្ភៈ ទើបខ្លួនទទួល បានព័ត៌មានពី សមត្ថកិច្ចថា ឃើញសាកសព ក្មេងប្រុស ម្នាក់ ត្រូវបាន គេសម្លាប់ ចោលនៅ ក្បែរចេតិយ៍ក្នុង វត្ដចំពុះក្អែក លុះនាំគ្នាទៅមើល ទើបដឹងថា ជាកូនប្រុសរបស់ ខ្លួនពិតប្រាកដមែន ៕

Photo by DAP-News

Photo by DAP-News

ដោយៈ ទូច វណ្ណៈ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]