ខេត្តបាត់ដំបង ៖ ជនម្នាក់រួមជាមួយអ្នកសមគំនិតម្នាក់ផង ត្រូវសមត្ថកិច្ចស្រុកសង្កែតាមចាប់ខ្លួនដល់ខេត្តប៉ៃលិន ក្រោយពីមានបណ្តឹងចោទប្រកាន់ថា ជននេះបានខ្ចីម៉ូតូជិះទៅទិញសាច់ក្លែម រួចជិះគេចខ្លួនក្នុងគោលបំណងស៊ីដាច់ ដែលកើតឡើងកាលពីល្ងាចថ្ងៃទី១៤ កក្កដា នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ។
មន្ត្រីនគរបាលស្រុកសង្កែនិយាយថា ជនសង្ស័យឈ្មោះម៉ាណ ហាំម៉ាត់ អាយុ២៤ឆ្នាំ ជាខ្មែរអ៊ិស្លាម នៅភូមិនរា២ ឃុំនរា ជននេះជាអ្នកដៃដល់ រីឯម្នាក់ទៀតឈ្មោះសាន ក្លឹ អាយុ១៩ឆ្នាំ នៅភូមិអូរតាពុក សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ជាអ្នកសមគំនិតដោះគ្រឿងម៉ូតូគេយកទៅលក់ ។ ដោយឡែកម្ចាស់ម៉ូតូឈ្មោះហេង សុចិត្រា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិនរា២ ឃុំនរា ស្រុកសង្កែ ឯម៉ូតូនោះម៉ាកវីវ៉ា ពណ៌ខ្មៅ សេ៊រី២០០៩ ។ សមត្ថកិច្ចបញ្ជាក់ថា ជននេះបានជិះគេចទៅខេត្តប៉ៃលិន ហើយត្រូវបានតាមចាប់ខ្លួនដល់ទីនោះ តែម៉ូតូត្រូវពួកគេដោះកាង និងកុងទ័រលក់អស់ហើយ ។
ជនសង្ស័យឈ្មោះម៉ាណ ហាំម៉ាត់ បានសារភាពថា ខ្លួនពិតជាមានបំណងចង់ស៊ីដាច់ម៉ូតូនោះមែន ។ ជននេះនិយាយថា ដំបូងខ្លួននិងម្ចាស់ម៉ូតូនៅផឹកស៊ីជុំគ្នា តែពេលអស់ស្រា និងគ្រឿងក្លែមខ្លួនក៏ខ្ចីម៉ូតូឈ្មោះត្រា ជិះទៅផ្ទះសុំប្រាក់ម៉ែ តែពេលទៅដល់ត្រូវម៉ែស្តីបន្ទោសធ្វើឱ្យក្តៅក្រហាយក៏ជិះ ម៉ូតូឈ្មោះត្រាទៅខេត្តប៉ៃលិនទាំងយប់ ក្នុងគោលបំណងយកទៅលក់ ។ ជននេះថា ខ្លួនបានដោះកាងក្រោយដូរសាំងបាន៣លីត្រ ចាក់ជិះទៅប៉ៃលិន លុះដល់ប៉ៃលិនខ្លួនបានដោះកុងទ័រឱ្យឈ្មោះក្លឹ យកទៅលក់យកប្រាក់ចាយអស់ទៀត ស្អែកឡើងក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន ។ ជនឈ្មោះហាំម៉ាត់ ប្រាប់ថា ខ្លួនធ្លាប់ជាប់គុកម្តងហើយពីបទស៊ីដាច់ម៉ូតូគេនេះ ឥឡូវត្រូវចូលគុកវិញពីបទដដែលទៀត ។
ម្ចាស់ម៉ូតូឈ្មោះហេង សុចិត្រា បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ពេលផឹកស៊ីឈ្មោះម៉ាត់ បានខ្ចីម៉ូតូខ្លួនថាទៅទិញសាច់ក្លែម លុះពេលជិះចេញទៅមិនឃើញត្រឡប់មកវិញ ។ ជនរងគ្រោះបញ្ជាក់ថា ដោយបាត់រាប់ម៉ោងមិនឃើញមក ទើបខ្លួនមានការសង្ស័យក៏សួរទៅទើបដឹងថាជននេះបានជិះម៉ូតូ ខ្លួនគេចក្នុងបំណងស៊ីដាច់ ខ្លួនក៏ទៅប្តឹងសមត្ថកិច្ចតែម្តងទៅ ។ជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាន ខេត្ត ហើយមន្ត្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានប្រាប់ថា គេបានបញ្ជូនខ្លួនជនត្រូវចោទទាំង២នាក់នេះទៅកាន់តុលា ការហើយ ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]