ទីភ្នាក់​ងារ​​ឱសថ​អាមេរិក​FDAបាន​​​អនុម័ត​កាលពី​ ថ្ងៃទី១៦កក្កដា​​ឱ្យ​លក់​​លើទីផ្សារ​នូវ​ថ្នាំ​បង្ការ​ជំងឺ​អេដស៍ឈ្មោះ​ ទ្រូវ៉ា​ដា  TRUVADA ហើយ​។  នេះជា​​ថ្នាំ​បង្ការ​ជំងឺ​អេដស៍​សម្រាប់​បណ្តា​មនុស្ស​​​ដែល​ងាយ​រងគ្រោះ​​ ។ ​បើ​យោង​តាម​​​អាជ្ញាធរ​ថា អាចរួម​ចំណែកកាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​​នេះ​ថ្មីៗបាន​ទៀត​ផង ។​

​ក្រោយ​ពី​ទទួល​​អនុសាសន៍​​របស់​គណៈ​កម្មា​ធិការ​ ពួកអ្នក​​ជំនាញ​ការមក​ពី​ទីភ្នាក់​ងារ​ត្រួត​ពិនិត្យ​​​​​ស្បៀង​អាហារ​និង​ ថ្នាំពេទ្យ​អាមេរិក ​​FDA ​​បាន​​​យល់​ព្រម​​ឱ្យ​​​មន្ទីរ​ពិសោធន៍ផលិត​ថ្នាំពេទ្យ​អាមេរិក​​​ GILEAD SCIENCESចេញ​លក់​ថ្នាំ​​​នេះ​ដើម្បី​​កាត់​បន្ថយ​​​​ការឆ្លង​វីរុស​ហ៊ីវ​ ចំពោះ​​បណ្តា​មនុស្ស​ដែល​ងាយ​រង​គ្រោះ​ឆ្លង​វីរុស​នេះ​។ ​ក្នុង​សេចក្តីប្រកាស​មួយ​ FDA  បញ្ជាក់​​ថា​ ថ្នាំ​ទ្រូវ៉ាដា​ លេប​រាល់​ថ្ងៃបង្ការមុន​ប៉ះ​ពាល់​ជាមួយ​​វីរុស​ហ៊ីវ​​ ដោយ​​រួម​បញ្ចូល​​​ជាមួយ​ការ​អនុវត្ត​​ពិធី​បង្ការ​ពេល​រួម​​​ភេទ​នានា​​ទៀត ​​ ដូចជា​​ការ​​ប្រើ​​​ស្រោម​អនាម័យ​​​​ព្រមទាំង​​វិធានការ​​​បង្ការ​ផ្សេងៗ​​ ទៀត ដើម្បី​​រារាំងការ​​​ឆ្លងវីរុសហ៊ីវ​ចំពោះ​​បណ្តា​មនុស្ស​​ពេញ​វ័យ​ដែល​​ ស្ថិត​ក្នុង​ស្ថានភាព​​​​ងាយ​រង​​គ្រោះ​​បំផុត ។​

​ក្នុង​សេចក្តី​ប្រកាស​នេះ  FDA ទទូច​ថា ទោះជា​មាន​ថ្នាំ​​​ទ្រូ​វ៉ា​ដា ក៏​​មិន​ត្រូវ​​បោះបង់​​ចោល​ការ​អនុវត្ត​ការ​បង្ការ​គួរឱ្យ​ជឿទុកចិត្ត​​ ឯទៀតៗឡើយ ។​ ​ការ​​ផ្តល់​​​ភ្លើងខៀវ​នេះ​របស់​FDAធ្វើ​​ឡើង​មុនពេល​​​ជិត​ដល់​​សន្និសីទ​ ​អន្តរជាតិ​​ស្តីពី​ជំងឺ​អេដស៍ ដែល​​​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​​ទីក្រុង​វ៉ាស៊ីន​​​​តោន​ពីថ្ងៃទី២២ដល់​២៧​ កក្កដា​ ​ក្រោម​​ប្រធាន​បទ​​​«ផ្លាស់​ប្តូរ​​និន្នាការ​នៃការ​​​ឆ្លងជំងឺ​​អេដស៍​ ដើម្បី​បញ្ចប់វា» ។

​លោក​ស្រី​​​MAGARET HAMBURG​នាយិកា​​របស់​​ FDA ថ្លែង​ថា ការ​យល់​​ព្រម​​ឱ្យ​​ដាក់​លក់​​ថ្នាំ​​ទ្រូវ៉ាដា កំណត់​ពី​​ដំណាក់​កាល​​សំខាន់​មួយ​នៃការ​តស៊ូ​របស់​យើងប្រឆាំង​ជំងឺ​​​អេដស៍ ។ ​លោក​​ស្រី​​គូសបញ្ចាក់​ថា ក្នុង​​១ឆ្នាំៗមនុស្សពេញ​វ័យ​និង​មនុស្ស​​ជំទង់​​អាមេរិក​ប្រមាណ​ជា​៥០.០០០​ ​នាក់ ពិនិត្យ​ឃើញ​ឆ្លង​​​វីរុស​​ហ៊ីវ​​ទោះបី​ជាមាន​វិធី​បង្ការ​​នានា​ ​យុទ្ធ​សាស្ត្រ​​នៃការអប់រំ​​និង​ការ​ព្យាបាល​​ពន្យារ​អាយុ​សម្រាប់​​បណ្តា​ អ្នក​រស់​នៅ​ជាមួយ​វីរុស​ក្តី  ។ ទិស​ដៅ​របស់​​អាមេរិក​គឺ​កាត់​បន្ថយ​​​ចំនួន​អ្នក​ឆ្លង​​វីរុសថ្មី​​ឱ្យ​​ បាន​​​២៥% រហូត​​​ដល់​ឆ្នាំ​​​២០១៥ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]