ខេត្តបាត់ដំបង ៖ អ្នកលក់ត្រីម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយពីប្រើអំពើ ហិង្សាវាយអ្នកទិញត្រីជាអតិថិជនរបស់ខ្លួនឲ្យរងរបួសធ្ងន់ដោយបោច សក់មូល.ករហូតសន្លប់ កាលពីល្ងាចថ្ងៃទី១៤ កក្កដា នៅក្នុងផ្សារតាឡន ស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ដែលគេអះអាងថា បណ្ដាលមកពីការទិញដូរមិនត្រូវចិត្តគ្នា ។
សមត្ថកិច្ចស្រុកសំពៅលូនបានឲ្យដឹងថា ស្រ្តីអ្នកលក់ត្រីចិត្តក្ដៅដែលត្រូវចាប់ខ្លួនឈ្មោះ នួន បូផល អាយុ៣៦ឆ្នាំ នៅភូមិ-ឃុំខាងលើ ។ រីឯស្រ្តីរងគ្រោះឈ្មោះ ឆាន់ ផាលី ហៅលីវ អាយុ២៩ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា ។ សមត្ថកិច្ចនិយាយថា ការឈានដល់ប្រើអំពើហិង្សានេះ គឺដោយសារអ្នកលក់ក្ដៅក្រហាយ នឹងអ្នកទិញត្រីដែលទិញហើយបែរជាមកដូរយកប្រាក់វិញ ។ ដោយមិនអាចសម្រួលគ្នាបានទើបមានការប្រទូស្ដរាយគ្នា តែអ្នកលក់ដៃធ្ងន់ជាងក៏ចាប់បោចសក់អ្នកទិញបោកមូល.កសន្លប់នៅ កន្លែងកើតហេតុ ។
ប្ដីស្រ្តីរងគ្រោះលោក សំ វុត្ថា ប្រាប់សមត្ថកិច្ចថា គាត់មិនបានដឹងរឿងនោះទេ ក្រោយមកក៏មានអ្នកភូមិមកប្រាប់ ពេលគាត់រត់ទៅមើលឃើញភរិយាដេកសន្លប់ស្ដូកនៅក្នុងផ្សារក្រោមការ ចោមរោមមើលពីមនុស្សរាប់សិបនាក់។ លោកក៏នាំប្រពន្ធទៅសង្គ្រោះដោយមិនទាន់បានសួរនាំអ្វីទេ ។ បុរសនេះបញ្ជាក់ថា ភរិយាគាត់ទើបនឹងឆ្លងទន្លេរួចថ្មីៗប្រហែលអាចប៉ះពាល់ធ្ងន់ធ្ងរ ហើយ ។នៅក្នុងកំណត់ហេតុស្រ្តីឈ្មោះ នួន បូផល បាននិយាយថា ស្រ្តីរងគ្រោះបានប្រើកូនស្រីឲ្យមកទិញត្រីដំរី១ក្បាលថ្លៃ២០០០ រៀល លុះទិញទៅហើយបែរជាម្ដាយមកដូរយកប្រាក់វិញ ។ គាត់និយាយថា គ្រានោះក៏មានការប្រកែកគ្នាយ៉ាងខ្លាំង តែដោយសារស្រ្តីរងគ្រោះដាល់គាត់១ដៃចំមុខ ទើបរូបគាត់ក្ដៅក្រហាយវាយវិញទៅ។
ប៉ុន្តែសាក្សីដែលជួយអន្តរាគមន៍បានប្រាប់ សមត្ថកិច្ចដែរថា កូនស្រីរបស់ជនរងគ្រោះបានសួររកទិញត្រីកញ្ចុះ តែអត់មានហើយគ្រានោះអ្នកលក់បានបង្ខំឲ្យក្មេងស្រីនោះទិញត្រី ដំរីវិញ ហើយក្មេងស្រីក៏ទិញតាមការបង្ខំនោះ ។ សាក្សីបញ្ជាក់ថា លុះទិញទៅបានបន្តិចស្រាប់តែម្ដាយនាងកាន់ត្រីមកដូរយកប្រាក់ វិញ ដោយគាត់ប្រាប់ថា គាត់ហូបមិនកើតខ្លាចទាស់សរសៃខ្ចី ព្រោះទើបសម្រាលកូនរួច ។ ប៉ុន្តែអ្នកលក់បានប្រកែកមិនប្ដូរវិញទេ រហូតតឹងសរសៃ.កដាក់គ្នាខ្លាំងឡើងៗ ។ ប្រភពដដែលបញ្ជាក់ថា គ្រានោះគេឃើញភាគីទាំង២បោះត្រីដំរីឲ្យគ្នាទៅវិញទៅមកដូចលេង បោះឈូងអ៊ីចឹង។ តែដល់ភាគីអ្នកទិញបោះត្រីនោះត្រូវចំមុខអ្នកលក់ ទើបអ្នកលក់ក្ដៅក្រហាយស្ទុះទៅវាយបោចសក់អ្នកទិញ បោកមូលករហូតដល់សន្លប់ ព្រោះអ្នកទិញមាឌតូចជាង ហើយសរសៃខ្ចីទៀត ។ ការពិតមិនមែនអ្នកទិញដាល់មុខអ្នកលក់ទេ ។
សមត្ថកិច្ចបញ្ជាក់ថា ស្រ្តីអ្នកលក់ត្រីនោះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ រីឯស្រ្តីរងគ្រោះនៅមិនទាន់ដឹងស្ថានភាពរបួសយ៉ាងណានោះទេ តែប្រភពពីក្រុមគ្រួសារថា កំពុងស្ថិតក្នុងស្ថានការសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យបង្អែក ខេត្ត៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]