ខេត្ត​បាត់​ដំបង​ ៖ ជាង​១សប្តាហ៍​​ហើយ​ដែល​ស្នង​ការដ្ឋាន​​នគរ​បាល​ខេត្ត​​បាត់​ដំបង​បាន​ពង្រាយ ​កម្លាំង​​គ្រប់​ច្រក​ល្ហក​តាម​ប្រមាញ់​មុខ​សញ្ញា​​លួច​កាំ​ភ្លើង​​ម្នាក់ ​ដែល​គេ​ដឹង​ថា បាន​លួច​យក​កាំ​ភ្លើង​​អាកា​បត់​១​ដើម មាន​គ្រាប់​២​ទូ​សៀ ព្រម​ទាំង​​ឯក​សណ្ឋាន​​នគរ​បាល​ និង​សង្ស័យ​ថា មាន​ទាំ​ង​គ្រាប់​បែក​ទៀត​ផង ពី​ប៉ុស្តិ៍​​នគរ​បាល​វរ​ការ​ពារ​ព្រំ​ដែន​​គោក​លេខ​៨២១ នៅ​ខេត្ត​ប៉ៃ​លិន ហើយ​បាន​ចូល​មក​ដល់​ទឹក​ដី​ខេត្ត​បាត់​ដំបង ។ ចំណែក​លោក​ស្នង​ការ​​ខេត្ត​​ប៉ៃ​លិន​ប្រាប់​ថា លោក​មិន​ទាន់​​ទទួល​បាន​ព័ត៌​មាន​នេះ​​​នៅ​ឡើយ​ទេ ។

លោក​ជេត វណ្ណនី ស្នង​ការ​រង​ខេត្ត​ដែល​បាន​ដឹក​នាំ​កិច្ច​ប្រតិ​បត្តិ​ការ​នេះ​​តាំង​ពី​ ថ្ងៃ​​ដំបូង​បាន​ប្រាប់​កោះ​សន្តិ​ភាព​នៅ​ព្រឹក​ថ្ងៃទី​១៧ កក្កដា ​ថា មុខ​សញ្ញា​នោះ​បាន​លួច​យក​អាវុធ​​អាកា​​១​ដើម​​ពី​ប៉ុស្តិ៍​​នគរ​បាល​ការ​ ពារ​ព្រំ​ដែន​​ខេត្ត​ប៉ៃលិន ហើយ​ចូល​មក​ទឹក​ដី​ខេត្ត​បាត់​ដំបង​ ។ លោក​បន្ថែម​ថា ខ្មាន់​កាំ​ភ្លើង​នោះ​ត្រូវ​គេ​ប្រទះ​ឃើញ​បង្ហាញ​​ខ្លួន​ក្នុង​​ភូមិ​ សាស្ត្រ​​ទឹ​ក​ដី​ឃុំ​អន្លង​់​រុន ស្រុក​ថ្ម​គោល ក្នុង​ឯក​សណ្ឋា​ន​​នគរ​បាល​ ស្ពាយ​កាំ​ភ្លើង​ និង​​​មាន​​​​​ស្ពាយ​​គ្រាប់​២​ទូ​សៀ​ទៀត​ផង​ ។ លោក​ថា​ ជន​នេះ​មាន​គ្នា​២​នាក់ ដែល​ម្នាក់​​នោះ​ជា​ជន​​សម​គំនិត ហើយ​ត្រូវ​សមត្ថ​កិច្ច​ស្រុក​ថ្ម​គោល​ឃាត់​ខ្លួន​​និង​​បាន​បញ្ជូន​ទៅ​ឱ្យ​ សមត្ថ​កិច្ច​ខេត្ត​ប៉ៃ​លិន​​វិញ ក្រោយ​ពី​សួរ​នាំ​រួច​​មក​ ។ លោក​ជេត វណ្ណនី បញ្ជាក់​បន្ថែម​ថា រឿង​រ៉ាវ​នេះ​បែក​ធ្លាយ​​​ដោយ​សារ​តែ​​យើង​ឃាត់​ខ្លួន​ជន​សម​គំនិត​​បាន​ ម្នាក់​ ទើប​ដឹង​ថា ពួក​គេ​បាន​លួច​កាំ​ភ្លើង​​នោះ​ពី​សមត្ថ​កិច្ច​ការ​ពារ​​ព្រំ​ដែន​ខេត្ត​ ប៉ៃលិន ។

លោក​ហៀង ប៊ុន​ថា នាយក​ផ្នែក​ព្រហ្ម​ទណ្ឌ​​អធិ​ការ​ស្រុក​ថ្ម​គោល​ បាន​ឱ្យ​ដឹង​ដែរ​ថា ជន​សម​គំនិត​​នោះ​ឈ្មោះ​គឹម ប៊ុនណា អាយុ​២៧​ឆ្នាំ នៅភូមិ​ឡា​ក់​៦២ ឃុំ​កំរៀង ស្រុក​កំរៀង ខេត្ត​បាត់​ដំបង ។ ជន​នេះ​​ត្រូវ​សមត្ថ​កិច្ច​​​របស់​លោក​ឃាត់​ខ្លួន​សួរ​នាំ​កាល​ពី​ថ្ងៃទី​​ ១០ កក្កដា ខណៈ​កំពុង​អង្គុយ​ផឹក​ស្រា​រាប់​ម៉ោង​​គួរ​ឱ្យ​សង្ស័យ​នៅ​​តូប​មួយ​ក្នុង​ ភូមិ​កៀន​កេស ឃុំ​គោក​ឃ្មុំ ស្រុក​ថ្ម​គោល ។ លោក​ប៊ុន​ថា បញ្ជាក់​ថា ក្រោយ​ពី​សួរ​នាំ​ទើប​ដឹង​ថា បុរស​នេះ​មាន​ពាក់​ព័ន្ធ​​ជា​មួយ​បុរស​ម្នាក់​ទៀត​​ដែល​ជន​នេះ​​ប្រាប់​ថា ឈ្មោះ​ហេង សុធី អាយុ​៣៥​ឆ្នាំ ដែល​បាន​លួច​កាំ​ភ្លើង​​ពី​ប៉ុស្តិ៍​​នគរ​បាល​ការ​ពារ​ព្រំ​ដែន​លេខ​៨២១​នៅ​ ខេត្ត​ប៉ៃលិន ។

តាម​ការ​ស្រង់​​សម្តី​ជន​​សម​គំនិត​ឈ្មោះ​គឹម ប៊ុនណា ​បាន​និយាយ​ថា ឈ្មោះ​ហេង​ សុធី ​​មាន​ទី​លំ​នៅ​​នៅ​ក្នុង​ភូមិ​​អូរ​គ្រាត ឃុំ​គារ ស្រុក​ម៉ោង​ឫស្សី ។ ជន​​នេះ​និយាយ​ថា ពួក​ខ្លួន​​ជា​កម្ម​ករ​ដាំ​ដំឡូង​ ឬ​កាច់​ពោត​នៅ​តំបន់​ព្រំ​ដែន​​ក្បែរ​ប៉ុស្តិ៍​​នគរ​បាល​​ការ​ពារ​ព្រំ​ដែន​ ​​លេខ​៨២១​នោះ ។ គឹម​ ប៊ុន​ណា ​​ប្រាប់​សមត្ថ​កិច្ច​ថា ហេង សុធី បាន​លួច​​យក​កាំ​ភ្លើង​​នោះ​ពី​ប៉ុស្តិ៍​​ការ​ពារ​ព្រំ​ដែន​ខាង​លើ​កាល​ពី​ ថ្ងៃ​ទី​៩ កក្កដា តែ​ខ្លួន​មិន​បាន​ដឹង​​ទេ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ កក្កដា ​ពេល​ដែល​ឈ្មោះ​សុធី នេះ​បបូល​ខ្លួន​ជិះ​តាក់​ស៊ី​មក​ខេត្ត​បាត់​ដំបង​ជា​មួយ​ទើប​ដឹង​ដោយ​​សារ​ គេ​និយាយ​ប្រាប់​ ។ លុះ​ពេល​មក​ដល់​​ចំណុច​ភូមិ​កៀន​​កេស ​ឈ្មោះ​សុធី ​បាន​ឱ្យ​ចុះ​​​ចាំនៅទី​​នោះ បែរជា​គេ​​ជិះ​តាក់​ស៊ី​គេច​​បាត់​ស្រមោល​ ។ ជន​នេះ​​ប្រាប់​ថា ​ឈ្មោះ​សុធី បាន​លួច​យក​កាំ​​ភ្លើង​​អា​កាបត់​​​១​ដើម​​ គ្រាប់​​​២​ទូ​សៀ​មាន​៧​បង់​ ឯ​ក​សណ្ឋាន​​នគរបាល​ និង​មាន​គ្រាប់​បែក​​ដៃ​ផង​ ។

ជុំ​វិញ​​សំណុំ​រឿង​​ចោរ​លួច​កាំ​ភ្លើង​​ពី​ប៉ុស្តិ៍​ នគរ​បាល​​កា​រពារ​ព្រំ​ដែន​​ខេត្ត​ប៉ៃ​លិន​​នេះ លោក​​​ឧត្តម​សេនីយ៍​​ត្រី ឡី ចាន់​ឆាយ ​ស្នង​ការ​​ខេត្ត​ប៉ៃ​លិន​​បាន​បំ​ភ្លឺ​​កាល​ពី​ព្រឹក​ថ្ងៃទី​​​១៧ កក្ក​ដា ​តាម​ទូរ​ស័ព្ទ​ប្រាប់​​កោះ​សន្តិ​ភាព​ថា លោក​មិន​​ទាន់​ទទួល​បាន​ព័ត៌​​​មាន​​នេះ​នៅ​ឡើយ​​ទេ ព្រោះ​​លោក​កំពុង​​នៅ​​​ភ្នំពេញ ។​ គិត​មក​ដល់​ថ្ងៃ​ទី​១៧ កក្ក​ដា ​​​ករណី​​ចោរ​​លួច​កាំ​ភ្លើង​​ខាង​លើ​នេះ​​មាន​រយៈ​ពេល​​ជាង​​១​​សប្តាហ៍​​ ហើយ​ ប៉ុន្តែ​​បែរ​ជា​សមត្ថ​កិច្ច​​ខេត្ត​ប៉ៃ​លិន​​នៅ​មិន​ទាន់​​​ដឹង​រឿង​នេះទៀត ​ ។ តាម​​ប្រភព​ពី​អ្នក​​ភូមិ​ដែល​​ប្រទះ​ឃើញ​​​ខ្មាន់​កាំ​ភ្លើង​​នេះ​បាន​​ ប្រាប់​សមត្ថ​កិច្ច​​ថា​ជន​នោះ​ស្ថិត​​ក្នុង​ឯក​សណ្ឋាន​​នគរ​បាល​​ការពារ​ ព្រំ​ដែន​ ត្រូវ​គេ​​​ឃើញ​ដើរ​​កាល​ពី​រសៀល​​ថ្ងៃ​ទី​​១១ កក្កដា ​នៅ​ក្នុង​ភូមិ​​សូភី ​​ឃុំ​​អន្លង់​រុន ​ស្រុក​ថ្ម​គោល ។ អ្នក​ភូមិ​​ប្រាប់​ថា ជា​មួយ​​​និង​អាវុធ​​១​ដើម​ គេ​ឃើញ​ជន​នេះ​​មាន​ស្ពាយ​​ទូ​សៀ​ចំនួន​​២​ទៀត​ ដែល​ទូ​សៀ​​១​​ស្ពាយ​​ចំហៀង​ និង​​១​​ទៀត​ចង​នៅ​​ចង្កេះ​​ពី​ចំហៀង​​ដែរ​ធ្វើ​ដូច​ខ្លួន​ជា​នគរ​បាល​ការ​ ពារ​ព្រំ​ដែន​​ពិត​ៗ ។ ​គេ​បាន​សួរ​នាំ​ខ្មាន់​​​កាំ​​​ភ្លើង​នោះ​ តែជន​​នោះ​ប្រាប់​អ្នក​​​ភូមិ​ថា គេ​​​ចុះ​ម​ក​បង្ក្រាប​​ក្រុម​ក្មេង​ទំនើង​ ហើយ​ក៏​ដើរ​​បាត់​ទៅ​​ តែ​គ្មាន​​អ្ន​ក​ណា​ម្នាក់​​ប្រហាក់​ប្រហែល​​មុខ​នោះ​ទេ។​

លោក​ជេត វណ្ណ​នី ​ស្នង​ការ​រង​ន​គរ​បាល​​ខេត្ត​បាន​បញ្ជាក់​ថា ក្រោយ​ពី​​ទទួល​បាន​​ព័ត៌​មាន​នេះ​ភ្លាម​​នៅ​រសៀល​​ថ្ងៃ​ទី​១១ កក្កដា ​លោក​ស្នង​ការ​​ខេត្ត​​បញ្ជា​ភ្លាមៗ​​​ឱ្យ​លោក​​ដឹក​នាំ​កម្លាំង​​ចុះ​តាម​​ ដាន​មុខ​សញ្ញា​​នេះ​ដល់​តំបន់​​នោះ ។ លោក​ថា ​កម្លាំង​​សម្ងាត់​​បាន​តាម​ពី​ក្រោយ​​ខ្មាន់​កាំ​ភ្លើង​​នោះ តែ​​បាន​បាត់​ដាន​​នៅ​ពេល​​​មុខ​សញ្ញា​​បាន​តម្រង់​​ទៅ​​កាន់​ភូមិ​​សាស្ត្រ ​ភ្នំ​១៥០​ ក្នុង​ទឹក​ដី​​ឃុំ​​តា​គ្រាម ​ស្រុក​បាណន់​ ខណៈ​​គ្រា​នោះ​​ថ្ងៃ​លិច​ និង​យប់​​ងងឹត​​ផង ។ ​ប៉ុន្តែ​លោក​​ថា កម្លាំង​សមត្ថ​កិច្ច​​រាប់​សិប​​​នាក់​​បាន​ឃ្លាំ​មើល​​មុខ​សញ្ញា​​រហូត​ដល់ ​ពាក់​​កណ្តាល​​អធ្រាត្រ​​ទើប​ដក​ថយ​​ ។ លុះ​ម៉ោង​​៤​ទៀប​​ភ្លឺ​​ថ្ងៃ​ទី​១២ កក្កដា ​លោក​បន្ត​នាំ​កម្លាំង​​ចុះ​កំណត់​​មុខ​សញ្ញា​​​ជា​ថ្មី​​​ទៀត តែ​ជន​នេះ​​បាន​​គេច​ខ្លួន​​បាត់​ស្រមោល​​​រហូត​​ដល់​ពេល​នេះ​ ។ លោក​ជេត វណ្ណ​នី ​បាន​បញ្ជាក់​​ថា លោក​កំពុង​​​មាន​ការ​ព្រួយ​បារម្ភ​​អំពី​មុខ​សញ្ញា​​នេះ ព្រោះ​ជន​ម្នាក់​​នេះអាច​​ប្រព្រឹត្ត​​បទ​ល្មើស​​បាន​យ៉ាង​ងាយ​ស្រួល​​​​នៅ​ តាម​​បណ្តា​​​ស្រុក​ ឬ​ខេត្ត​​ផ្សេង​​ៗ​​ ។

នេះ​​ជា​បន្ទុក​ថ្មី​​មួយ​ករណី​ទៀត​លើ​បន្ទុក​​ចាស់​ ដែល​​មាន​ស្រាប់​ ដែល​សមត្ថ​កិច្ច​​គ្រប់​ស្ថា​ប័ន​​ត្រូវ​តែ​មាន​​កា​រប្រុង​ប្រយ័ត្ន​។ ​លោក​ប្រាប់​ថា ​លោក​ស្ន​ងការ​​នៅ​តែ​មាន​ចំណាត់​​ការ​ឱ្យកង​​កម្លាំង​តាម​​បណ្តា​ស្រុក​ ក៏ដូច​ជា​​នៅ​ក្នុង​​​ក្រុង​បន្ត​​ការ​ទប់​​ស្កាត់​​ជា​និច្ច​​ ហើយ​​ពេល​យប់​កម្លាំង​​ស្នង​ការ​​ដ្ឋាន​ខេត្ត​​បាន​ចុះ​តាម​​គោល​ដៅ​ឆែក​ឆេរ ​​អាវុធ​ជាតិ​ផ្ទុះ​​ជា​ប្រចាំ​ផង​ដែរ ៕​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]