ចំណេះ៖ នៅក្នុងថ្ងៃនេះ វេបសាយខ្មែរឡូត ចង់ចែករំលែកចំណេះដឹងបន្តិចបន្តួច ជូនដល់ប្រិយមិត្ត សំរាប់ជាប្រយោជន៍ ពេលដែលចង់ទិញ កុំព្យូទ័រប្រភេទយួរដៃ (Laptop) ប្រើប្រាស់។ តើគ្រាន់តែទិញ កុំព្យូទ័រយួរដៃ ត្រូវចាំបាច់ គិតច្រើនដល់ម្លឹង? សំរាប់អ្នកមានលុយច្រើន ប្រហែលមិនសូវចោទជាបញ្ហា តែសំរាប់អ្នកមាន ថវិកាមានកំណត់ ពិតជាអ្វីដែលត្រូវគិតគូរពិតមែន ព្រោះគ្មាននរណាម្នាក់ ដែលចំណាយអស់លុយហើយ ចង់បានរបស់ប្រើមិនត្រូវចិត្ត មិនត្រូវនឹងតំរូវការនោះទេ។ បើចឹងមែននោះ តោះស្វែងយល់ទាំងអស់គ្នា!


រូបភាពតំណាង

គ្រាន់តែនឹកឃើញចង់ទិញកុំព្យូទ័រប្រភេទ Laptop ភ្លាម គួរតែសួរខ្លួនឯងភ្លែតថា៖ ខ្ញុំមានកញ្ចប់ថវិកាសំរាប់ទិញខ្ទង់ប៉ុន្មានដុល្លារ? ខ្ញុំមានតម្រូវការធ្វើអ្វីខ្លះ ពេលទិញវាមក? ពីរសំនួរនេះ គ្រប់គ្រាន់ អាចឲ្យអ្នកដឹងពីគោលបំណងរបស់ខ្លួន បានហើយ។ ភាគច្រើន តម្រូវការមានដូចជា៖ ទិញយកមកប្រើប្រាស់ លើការងាររដ្ឋបាល(Word, Excel)? ឆែកអ៊ិនធើណេត ធ្វើកិច្ចការសាលា កិច្ចការស្រាវជ្រាវ ជាដើម? យកមកលេងហ្គេម? យកមកកាត់-ត រូបភាព-វីដេអូ? ទាំងនេះ សុទ្ធតែជា ហេតុផល ពេញនិយម ដែលអ្នកប្រើប្រាស់ភាគច្រើន ទិញកុំព្យូទ័រយកមកប្រើ។ ចុះកញ្ចប់ថវិកា ប៉ុន្មានដុល្លារនោះ យ៉ាងម៉េចទៅវិញ? រឿងលុយ នរណាគេក៏ដឹង និងចេះនិយាយដូចតែគ្នា ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺថា តើកុំព្យូទ័រនោះ បានមកសមនឹង ថវិកាដែលយើងខំចំណាយ ដែរទេ ឬក៏ចំណាយអស់លុយច្រើន គគោក ឯគុណភាពយកមកប្រើមិនត្រូវចិត្ត មិនត្រូវតម្រូវការដែលខ្លួនឯងចង់បាន?

ដូច្នេះ និយាយត្រឹមនេះ ប្រិយមិត្តអាចនឹងយល់បានខ្លះហើយ ពីគោលបំណង ដែលខ្មែរឡូត ចង់ប្រាប់ ។ ចឹងយើងងាកមើល និងចាប់អារម្មណ៍ ទៅលើចំនុចសំខាន់ ដែលអ្នកត្រូវស្វែងយល់តែម្តង។

នៅពេលទិញ អ្វីដែលយើង ត្រូវមើលនោះ មានដូចជា៖ CPU, RAM, HARD DISK, VIDEO CARD,  អេក្រង់, សំបកកុំព្យូទ័រ, ទំហំ រូបរាង និងរចនាបថ -ល-។ ពាក្យទាំងអស់នេះ ប្រិយមិត្តភាគច្រើន ច្បាស់ជាបានដឹងហើយ ប៉ុន្តែពពួក Hardware ទាំងនេះ វាមានសេរ៊ី គុណភាព សមត្ថភាព ច្រើនប្រភេទខុសៗគ្នា ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ការអភិវឌ្ឍន៍របស់អ្នកផលិត កាន់តែទៅមុខជានិច្ច ចឹងហើយ យើងត្រូវតែយល់ដឹងដែរ មិនមែនលឺតែឈ្មោះ លឺតែគេថា លឺតែគេប្រាប់ ឃើញតែខាងក្រៅ ហើយបែរជាយល់ថា អ្វីៗវាដូចគ្នានោះទេ។ ចឹងកុំឲ្យខាតពេលយូរ និងវែងអន្លាយខ្លាំងពេក ខ្មែរឡូត គ្រាន់តែលើកចំនុចគោលធំៗ ខ្លីៗ ដើម្បីជម្រាបជូន។

CPU : វាជាអ្នកធ្វើ Process ឬ គណនាដំណើរការ ទាំងឡាយរបស់កុំព្យូទ័រ។ វាប្រៀបបានដូចជា ខួរក្បាលចឹងដែរ បើសិនជាខួរក្បាលខ្សោយ គិតអ្វីក៏យឺត និងមិនសូវបានល្អ តាមហ្នឹងដែរ។ បើឃើញឈ្មោះដូចគ្នា កុំច្រឡំថាវាដូចគ្នាឲ្យសោះ ព្រោះវាមានឆ្នាំផលិត និងសមត្ថភាពខុសគ្នា។ ឧទាហរណ៍ថា ផលិតផល CPU ម៉ាក Intel ប្រភេទ Core i5 ឬ i7 អញ្ចឹងទៅចុះ។ ប្រិយមិត្តគ្រាន់តែឃើញ ឈ្មោះវា ប្រាកដជា ជ្រើសរើស i7 មិនខាន តែមុនពេលជ្រើសរើស ត្រូវមើលដែរ ថាតើវាផលិតឆ្នាំណា ម៉ូដែលអ្វី មានប៉ុន្មាន GHz មាន Clock Speed ប៉ុន្មាន អាច Turbo Boost បានប៉ុន្មាន? និយាយឲ្យស្រួលយល់ សេរ៊ីចុងក្រោយ វាតែងតែល្អ និងលឿនជាង។ ចឹងហើយបើសិនជា Core i-5 សេរ៊ីថ្មី វាអាចខ្លាំងជាង Core i-7 សេរ៊ីចាស់ ក៏មានដែរ។ នេះជាឧទាហរណ៍ជាក់ស្តែងមួយ ដែលខ្មែរឡូត ចង់ពន្យល់ ឲ្យប្រិយមិត្តបានយល់ កុំឲ្យចំណាយលុយ លើកុំព្យូទ័រ ដែលមានតម្លៃថ្លៃ ឬ ប្រហាក់ប្រហែលគ្នា ប៉ុន្តែគ្រឿងក្នុង បាន CPU ប្រភេទអន់ ប្រើបានតែបន្តិចហួសសម័យ ព្រោះកម្មវិធីសម័យឥឡូវ ធំៗណាស់ មិនថាហ្គេម ឬ កម្មវិធីអ្វីទេ បើសិនជា CPU រត់មិនរួច គឺចប់ហើយ ព្រោះប្រើអត់កើត បើមិនចឹងទេ ក៏ដើរយឺតដែរ។ ជាដំបូន្មានបន្ថែម លើចំនុចនេះថា គួរតែបើក Google ឆែកមើល ប្រភេទ CPU ហ្នឹងជាមុនសិន ដើម្បីដឹងពីព័ត៌មានលម្អិតរបស់វា កុំចាំតែអ្នកលក់ប្រាប់ ព្រោះគ្មាននរណាម្នាក់ ប្រាប់ថា របស់ដែលខ្លួនឯងលក់ ជារបស់អន់ទេ។

RAM : វាជាកន្លែងផ្ទុកទិន្នន័យបណ្តោះអាសន្ន។ ពេលយើងបើកកម្មវិធីអ្វីមួយ ទាមទារឲ្យមាន កន្លែងផ្ទុក ដើម្បីអាចឲ្យកម្មវិធីនោះ ដំណើរការនៅលើកុំព្យូទ័របាន។ មើលលើពាក្យ បណ្តោះអាសន្ន ឲ្យច្បាស់ វាមានន័យថា ពេលយើងបិទកម្មវិធី ទិន្នន័យរបស់កម្មវិធីនោះ វានឹងបាត់បង់ទៅវិញ។ ចឹងហើយ សួរថា បើកម្មវិធីកាន់តែធំ បើកកាន់តែច្រើនក្នុងពេលតែមួយ តើត្រូវការ RAM ច្រើនដែរទេ? វាអាស្រ័យ ទៅលើប្រភេទកម្មវិធីដែរ ខ្លះត្រូវការកន្លែងផ្ទុកបណ្តោះអាសន្នតិច ហើយខ្លះក៏ច្រើន។ ដូច្នេះ បើសិនជា ប្រិយមិត្ត ចង់បើកកម្មវិធីច្រើន ក្នុងពេលតែមួយ កុំឲ្យវាយឺត ឬ គាំង គួរតែដឹងហើយ ថាចង់បាន RAM ប៉ុន្មាន។ បច្ចុប្បន្នជាមធ្យម គួរតែមាន 8GB ឡើងទៅ ល្មមប្រើការបានច្រើនសមរម្យ។ ហើយបើ RAM ធំ វាមិនប្រាកដ ថាកុំព្យូទ័រហ្នឹង វាដើរលឿនទេ គឺវាអាស្រ័យលើខួរក្បាលអ្នកគិតដែរ (CPU) ឬ អ្នកបញ្ចូនរូបភាព (VGA)។ ចឹងសមត្ថភាពរបស់ Hardware និមួយៗ ត្រូវដើរទន្ទឹមគ្នាដែរ ទើបទទួលបាន លទ្ធផល គួរជាទីគាប់ចិត្ត។ តោះនិយាយចំនុចបន្ទាប់ទៀត!

HARD DISK : ច្បាស់ណាស់ គ្មានអ្នកប្រើកុំព្យូទ័រណា មិនស្គាល់ពាក្យនេះទេ។ តែបើសិនជា សួរថាគេចេញដល់សេរ៊ីណា ឬបច្ចេកវិទ្យាណាហើយ អាចនឹងទាល់គំនិតក៏អាចថាបាន ព្រោះយើងម្នាក់ៗ មិនមែនសុទ្ធតែជាអ្នក តាមដានការអភិវឌ្ឍន៍របស់វាទេ។ ចឹងហើយ យើងមិនចាំបាច់អ្វី ទៅដឹងស៊ីជម្រៅពេកដែរ គ្រាន់តែដឹងពីម៉ាក ប្រភេទ និងសមត្ថភាពវាទៅបានហើយ។ បច្ចុប្បន្ននេះ Hard Disk ដែលគេនិយម ប្រើប្រាស់មាន ៣ប្រភេទ៖ HDD (Hard Disk Drive), SSHD (Solid State Hard Drive) និង SSD (Solid State Drive)។ ទាំង៣នេះ គេចង់បានជាងគេគឺ SSD ដែលមានបច្ចេកវិទ្យាចុងក្រោយ បញ្ជូនទិន្នន័យចេញចូល ឬផ្ទុក បានលឿនរហ័សទាន់ចិត្ត ហើយថែមទាំងមានរូបរាង តូចស្តើងនិងស្រាល ប៉ុន្តែនិយាយពីតម្លៃវិញ វាពិតជាថ្លៃមែន គឺថ្លៃជាង HDD និង SSHD។ សំរាប់ HDD ជាសេរ៊ី ចេញមុនដំបូងគេ ក្នុងចំណោមទាំង៣នេះ ដែលវាត្រូវបានគេប្រើប្រាស់ យ៉ាងទូលំទូលាយ យូរយារណាស់មកហើយ ដោយតម្លៃ ក៏ធូរថ្លៃជាងគេដែរ ប៉ុន្តែសមត្ថភាពវា មិនអាចប្រកួតប្រជែងជាមួយ ប្រភេទ ២ ទៀត ខាងលើបានទេ។ ចំពោះ SSHD វិញ និយាយឲ្យស្រួលយល់ វាដូចជាកូនកាត់អីចឹងដែរ មានន័យថា វាជាការរួមផ្សំរវាង HDD លាយជាមួយនឹង SSD។ លាយម៉េចទៅ? ឧទាហរណ៍ 1000 GB របស់ SSHD មាន 128GB ជា SSD និងសល់ប៉ុន្មានជា HDD ជាដើម។ សង្ឃឹមថាប្រិយមិត្ត យល់ត្រង់ចំនុចនេះ បើលម្អិតថែមទៀត ខ្លាចកាន់តែវែងអន្លាយ។ តោះចំនុចបន្ទាប់ទៀត!

VIDEO CARD : វាជាបន្ទះដោតមួយ មានមុខងារ ផ្តល់រូបភាពទៅឲ្យកុំព្យូទ័រ។ បើសិនជា Video Card សេរ៊ីថ្មី និងមានសមត្ថភាពកាន់តែខ្លាំង នោះកំរិតរូបភាព ដែលបង្ហាញលើអេក្រង់ ក៏កាន់តែច្បាស់ល្អ និងដំណើរការរលូន ទៅតាមនោះដែរ។ ហេតុអ្វី? អ្នកផលិតកម្មវិធី ឬ ហ្គេម អភិវឌ្ឍន៍កាន់តែទៅមុខជានិច្ច ឯរូបភាព កាន់តែច្បាស់ មានទំហំកាន់តែធំ នឹងធ្វើឲ្យរូបភាព កាន់តែទាក់ទាញទៅតាមនោះដែរ ដូច្នេះហើយ សួរថា បើសិនជាកុំព្យូទ័រមាន Video Card សេរ៊ីចាស់ និងមានសមត្ថភាព មិនគ្រប់គ្រាន់ទេនោះ តើអាចដំណើរការកម្មវិធី ដែលគេខំផលិតថ្មីៗនោះ បានទេ? ចម្លើយច្បាស់ជា អត់ហើយ បើមិនអីចឹងទេ ក៏ដើរយឺត ឬ គាំងៗដែរ ព្រោះសមត្ថភាពអត់ដល់ តម្រូវការ ដែលកម្មវិធីនោះ ទាមទារឲ្យមាន (Requirement)។

មកដល់ត្រឹមនេះ ដូចជាច្រើនដែរហើយ ខ្លាចប្រិយមិត្តអានយូរងងុយដេក ចឹងយើងសរុបសេចក្តីមកវិញ គឺថាសួរខ្លួនឯង នូវសំនួរពីរ ដូចបានជម្រាបខាងដើម រួចងាកមកពិនិត្យលើ គ្រឿងក្នុងរបស់កុំព្យូទ័រ Laptop នោះ ថាតើវាមានសមត្ថភាព ធ្វើអ្វីដែលយើងចង់បាន និងសមតម្លៃដែលយើង ចំណាយដែរទេ? ឧទាហរណ៍មួយទៅចុះ ដូចជា Laptop ពីរ មានរូបរាង និងប្រភេទដូចគ្នាបេះបិត ប៉ុន្តែបែរជា មួយមានតម្លៃថ្លៃជាងទៅវិញ។ ហេតុនេះហើយ យើងមើលទៅលើ គ្រឿងក្នុងរបស់វា (Specification) ថាវាមានអ្វីខ្លះ ទើបបានជាវាថ្លៃ ឬ ថោក។ ពេលខ្លះ កុំព្យូទ័រមួយ គេដាក់តម្លៃធូរថ្លៃមែន តែអាចមកពីកត្តាមួយចំនួន ដូចជា គ្រឿងក្នុងវាសេរ៊ីចាស់ ម៉ូដែលចាស់ចេញយូរហើយ សំបកវាជ័រ ឆាប់ខូច ឆាប់ប្រឡាក់ ឆាប់ឆ្កូត ម៉ាស៊ីនវាឆាប់ក្តៅ ជាដើម -ល- និង -ល- នៅមានច្រើនទៀត តែរៀបរាប់អត់អស់។ គ្មានរណាគេ លក់របស់សេរ៊ីថ្មី ដែលនរណាៗ ចង់បាន ក្នុងតម្លៃថោកទេ លុះត្រាតែរបស់នោះ គេលែងសូវត្រូវការ ទើបចេះតែលក់ឲ្យដាច់ៗ អស់ពីស្តុកទៅ កុំឲ្យផ្អូម ណាមួយរបស់ថោក លក់ឆាប់ដាច់ ព្រោះអ្នកទិញ មិនសូវជាចេះមើល កុំព្យូទ័រទេ។ ទាំងនេះជាហេតុផល ដែលខ្មែរឡូត ចង់ចែករំលែកចំណេះដឹងបន្តិចបន្តួចនេះ ឲ្យប្រិយមិត្តបានជ្រាប ព្រោះមិនចង់ឲ្យ ការចំណាយថវិកា ដែលខំរកមកយ៉ាងលំបាក បែរជាទិញបានរបស់ដែលប្រើហើយ មិនពេញចិត្ត មិនត្រូវតម្រូវការ ប្រើឆាប់ខូច ឬខ្ចះខ្ចាយមិនចាំបាច់នោះ។

រីឯចំនុចសល់ប៉ុន្មានទៀត អាស្រ័យទៅលើ ចំណង់ចំណូលចិត្ត របស់ប្រិយមិត្ត ដូចជា ទំហំ រូបរាង រចនាបថ ជាដើម។ តែចង់បន្ថែមមួយទៀតត្រង់ Resolution លើអេក្រង់កុំព្យូទ័រ បើសិនជាអាច គួរតែយកកំរិត Full HD (1920 x 1080) ព្រោះមើលទៅច្បាស់ ត្រជាក់ភ្នែក និងអាចបើកវីដេអូ ហ្គេម ឬ កម្មវិធី ដែលមានកំរិតរូបភាពធំៗបាន។ តែធម្មតាទេ របស់ដែលកាន់តែទំនើប និងបច្ចេកវិទ្យាចុងក្រោយ តម្លៃវាកាន់តែឡើង ទៅតាមនោះដែរ៕

ប្រិយមិត្ត យល់ស្របដែរទេ ចំពោះចំនុចទាំងអស់ ដូចបានរៀបរាប់ខាងលើនេះ? ខ្មែរឡូតដឹង ថាអ្នកខ្លះដឹងរួចហើយ តែមានខ្លះ អាចនឹងមិនធ្លាប់បានចាប់អារម្មណ៍ លើចំនុចទាំងនេះ។ ដូច្នេះ វាគ្រាន់តែជា ការចែករំលែកចំណេះដឹងតូចមួយ ប៉ុណ្ណោះ។ រីករាយបញ្ចេញមតិ របស់អ្នក នៅខាងក្រោម ឲ្យខ្មែរឡូត បានដឹងផងណា!

 

ប្រភព៖ បទពិសោធន៍ + ស្រាវជ្រាវ

អត្ថបទដោយ៖ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]