ខេត្តរតនគិរី ៖ វីឡាដ៏ប្រណីតមួយ របស់លោក ខាំ ឃឿន អតីតអភិបាលខេត្ត ដែលរត់ចោលស្រុក ត្រូវម្ចាស់វា បោះបង់ចោល ស្ទើរក្លាយជាផ្ទះខ្មោចទៅ ហើយនោះត្រូវចោរលួច គាស់យកអស់ទ្វារ បង្អូច និងដំបូលប្រក់ក្បឿង ស្ទើរអស់រលីងដែល មើលពីក្រៅទៅ នៅសល់តែ តួ ឈរត្រមង់ត្រមោច ក្នុងដីឡូត៍ ដែលមានព្រៃនិង ស្មៅដុះទ្រុបទ្រុល ។

ខុសពីពេលមុន ដែលជាអ្នកមាន សក្ដានុពលនៅក្នុងខេត្ត សូម្បីតែដើរក្បែរក៏ មិនហ៊ានផង ។ វីឡាស្ដុក ស្ដម្ភមួយនេះ ស្ថិតនៅទល់មុខ សាលាបឋមសិក្សា ឡាបានសៀក២ ក្នុងភូមិអូរកន្សែង សង្កាត់អូរកន្សែង ក្រុងបានលុង ដែលស្ថិតនៅខាងឆ្វេង ដៃផ្លូវឆ្ពោះទៅស្រុកអូរជុំ ។ 

តាមការសង្កេតឃើញ និងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ ដែលមានលំនៅឋាន ក្បែរវីឡាអតីតអភិបាល ខេត្តលោក ខាំ ឃឿន បានឱ្យដឹងថា វីឡាមួយនេះមានរចនាម៉ូដ ដ៏ល្អប្រណីតមានកម្ពស់២ជាន់ ដំបូលប្រក់ក្បឿង ក្បាច់ពណ៌ក្រហម ។ បច្ចុប្បន្ននេះ ត្រូវចោរលួចគាស់ យកដំបូលក្បឿង ផ្នែកខាងក្រោយ អស់មួយចំនួនធំ ដោយសុវត្ថិភាពទៅហើយ ។ ចំណែកទ្វារដែល ធ្វើពីឈើប្រណីត ក៏ត្រូវចោរលួចគាស់អស់ទាំងទ្វារ ខាងក្រៅនិងខាងក្នុង ។ រីឯបង្អួចធ្វើពីគ្រោង ដែកមានកញ្ចក់ពណ៌ខ្មៅ ក៏ត្រូវចោរលួច គាស់អស់គ្មានសល់ដែរ ។ 

ប្រភព ដដែលបានបន្តទៀតថា វិឡាដ៏ស្កឹមស្កៃនេះ ធ្វើអស់ប្រាក់រាប់សែន ដុល្លារគួរណាស់មានបងប្អូន សាច់ញាតិជួយមើលថែ ប៉ុន្តែទំនង ជាមិនមានអ្នកណាហ៊ាន ចេញមុខមើលថែទេ ដោយសារអតីត អភិបាលខេត្តរូបនេះជាប់ទោសជា ឧក្រឹដ្ឋជនព្រៃឈើ និងកំពុងត្រូវបានស្វែងរកចាប់ខ្លួន តាមអំណាចដីកាតុលាការ ។ គេមិនដឹងថា លោក ខាំ ឃឿន អតីតអភិបាល ខេត្តរូបនេះកំពុងលាក់ ខ្លួនពួនអាត្មានៅកន្លែង ណានោះទេ ទំនងដូរដីពីស្រុកខ្មែរ ឆ្លងដែនទៅរស់នៅ ប្រទេសឡាវ ដែលមានត្រកូល«ខាំ»ដូចគ្នាផងក៏មិនដឹង គឺគេចផុតពីការ ចាប់ខ្លួនដាក់ពន្ធនាគារយ៉ាងរំភើយ ។ 

លោក ខាំ ឃឿន អតីតអភិបាលខេត្តរូបនេះ បានជាប់ចោទជាមេខ្លោង ក្នុងការកាប់ឈើយ៉ាងរង្គាល នៅតំបន់កន្ទុយនាគ ក្នុងអំឡុងឆ្នាំ ២០០០ ហើយបានរត់គេច ខ្លួនបាត់ស្រមោល ក្នុងឋានៈជាអភិបាល ខេត្តនាសម័យនោះ ។ ចំណែកភរិយា របស់គាត់តាមដំណឹងថា មានប្ដីថ្មីទៀតទៅរស់នៅឆ្ងាយ ទើបគ្មានអ្នកថែទាំផ្ទះ របស់គាត់ ។ មិនអាចសុំការ បំភ្លឺពីក្រុមគ្រួសារ ឬកូនចៅរបស់ លោក ខាំ ឃឿនបានទេ គ្រាន់ តែអ្នកជិតខាងមានការ សោកស្ដាយជុំវិញចោរ លួចគាស់សម្ភារក្នុងផ្ទះ ដែលបានបោះបង់ ចោលនេះតែប៉ុណ្ណោះ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ

កាតុ