រាជធានី​ភ្នំពេញ ៖​​ ​ជាង​ជួស​ជុ​ល​រ​ថយន្ត​វ័យ​ក្មេង​ម្នាក់​ត្រូវ​អ្នក​ឃើញ​ហេតុ​ការណ៍​​ចោម​ រោម​វាយ​ទ្រម​ខ្លួន ដោយ​សារ​ជន​នោះ​បើក​រថយន្ត​ម៉ាក​កូរ៉ូឡា ពណ៌​ក្រហម​បុក​រះ​ម៉ូតូ និង​រថយន្ត​​អស់​ជា​ច្រើន​គ្រឿង​តាម​ដង​ផ្លូវ​លេខ​១០៨ កាល​ពី​វេលា​ម៉ោង​៧ និង​២០​នាទី​យប់​ថ្ងៃ​ទី​១៥ កក្កដា ហើយ​ព្យា​យាម​បើក​រត់​គេច​ពី​ការ​ទទួល​ខុស​ត្រូវ​ ។

សមត្ថ​កិច្ច​​មូល​ដ្ឋាន​​សង្កាត់​វត្ត​ភ្នំ ឱ្យ​ដឹង​ថា នៅ​ម៉ោង​កើតហេតុ​មាន​រថយន្ត​​មួយ​គ្រឿង​ម៉ាក​កូរ៉ូឡា ពណ៌​ក្រហម បើក​បរ​ដោយ​យុវ​ជន​ម្នាក់​បាន​បុក​ស្ត្រី​ម្នាក់​ និង​បុក​រះ​ម៉ូតូ​ជា​បន្ត​បន្ទាប់​អស់​បួន​​គ្រឿង​​នៅ​ចំណុច​ក្រោយ​ផ្សារ​ រាត្រី​​ផ្លូវ​លេខ​១៣ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ហើយ​មិន​ឈប់​ដោះ​ស្រាយ​​ដោយ​ព្យា​យាម​បើក​រត់​ ស្រប​ពេល​​នោះ​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​ស្រែក​ថា «ចោរ​លួច​រថយន្ត​» ក៏​បង្ក​​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ។ លុះ​មក​ដល់​ខាង​​កើត​ហាង​លក់​សាច់​​ក្លែម​យីហោ​ធារ៉ា ផ្លូវលេខ​១០៨ ដែល​ស្ថិត​​​​ក្នុង​សង្កាត់​វត្ត​ភ្នំ ក៏​​បុក​រថយន្ត​ពីរ​គ្រឿង​និង​ម៉ូត​ូ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​បែក​កង់​​ទៅ​មុខ​លែង​រួច ។ ខណៈ​ពេល​នោះ​​​អ្នក​ដេញ​តាម​ពី​ក្រោយ​​ និង​អ្នក​ឃើញ​ហេតុ​ការណ៍​បាន​ស្ទុះ​ទាញ​អ្នក​បើក​បរ​ចេញ​ពី​ក្នុង​រថយន្ត​​ ហើយ​ស្វាគមន៍​​ម្នាក់​មួយ​ដៃ​មួយ​ជើង​ជា​ការ​ព្រមាន​ តែ​​ត្រូវ​​នគរ​បាល​ប៉ុស្តិ៍​រដ្ឋ​បាល​វត្ត​ភ្នំ​បាន​ទៅ​ដល់​ រួច​នាំ​អ្នក​បើក​រថយន្ត​​​​ទៅ​ស្នាក់​ការ​ដើម្បី​សាក​សួរ ។

អ្នក​បើក​រថយន្ត​កូរ៉ូឡា ឈ្មោះ​កែវ សុវណ្ណ​ដារ៉ា ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​ជាង​ជួស​ជុល​រថយន្ត​នៅ​យាន​ដ្ឋាន​មួយ​ ស្ថិត​​ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សី​កែវ បាន​និយាយ​ថា រូប​គេ​មិន​មែន​ចោរ​លួច​រថយន្ត​ដូច​ការ​ចោទ​ប្រកាន់​ពី​បុរស​ម្នាក់​នោះ​ទេ មុន​ពេល​កើត​ហេតុ រថយន្ត​​មួយ​គ្រឿង​ម៉ាក​កូរ៉ូឡាខូច ហើយម្ចាស់​រថយន្ត​​នោះ​បាន​ហៅ​​ខ្លួន​ឱ្យ​ជួយ​​ជួស​ជុល​រហូត​ទាល់​តែ​ឆេះ​ រួច​ក៏​បើក​រថយន្ត​សាក​ម៉ាស៊ីន លុះ​ដល់​អតី​ត​រោង​ចក្រ​ទឹក​ដោះ​គោ​ឫស្សី​កែវ ស្រាប់​ ​តែ​មាន​បុរស​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញា​ណ​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​ និង​គោះ​ទ្វារ​រថយន្ត​​ឱ្យ​ឈប់​តែ​ខ្លួន​​មិន​ហ៊ាន​ឈប់​ដោយ​សារ​មិន​ស្គាល់​   ទើប​ព្យា​យាម​បើក​គេ​ច​រហូត​ទាត់​តែ​បុក​ស្ត្រី​ម្នាក់​​នៅ​ចំណុច​ខាង​ក្រោយ ​ផ្សារ​រាត្រី​​ បុក​​​ម៉ូតូ​ ព្រម​ទាំង​រថយន្ត​​ជា​បន្ត​បន្ទាប់​ ហើយ​ត្រូវ​បានអ្នក​ឃើញ​ហេតុ​ការណ៍​ប្រើ​អំពើ​ហិង្សា​ទៀត ។

មន្ត្រី​​នគរ​បាល​មូលដ្ឋាន​​បាន​បញ្ជាក់​ថា ហេតុ​ការណ៍​ខាង​លើ​ត្រូវ​បាន​នគរបាល​ការិយា​ល័យ​​ចរចរ​ផ្លូវ​គោក​ស្ទូច​ រថយន្ត​បង្ក​យក​ទៅ​រក្សា​ទុក​នៅ​​ការិយាល័យ​ដើម្បី​ដោះ​ស្រាយ​ និង​ឃាត​់ខ្លួន​​អ្នក​បើក​រថយន្ត​នោះ​ផង​ដែរ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]