រាជ​ធានី​ភ្នំពេញ​ ៖ ​បុរស​ចំណាស់​ម្នាក់​​ ខណៈ​មាន​ទំនាស់​​ជាមួ​យ​ប្រពន្ធ​​បន្តិ​ច​បន្តួ​​ច​​ដែល​តាម​អ្នក​ជិត​ខាង​​ ​អះ​អាង​​​ថា​ ​ផ្តើម​​ចេញ​ពី​រឿង​​ប្រចណ្ឌ​​​នោះ​ បាន​​ទាញ​កូន​កាំ​បិត​​ចិត​បន្លែ​​ចាក់​ប្រពន្ធ​ ​​ពេល​កំពុង​​ដេក​លក់​​ចំ​បំពង់​ក​​ប៉ុន​ប៉ង​សម្លាប់​​​ ប៉ុន្តែ​​បាន​អ្នក​ជិត​ខាង​​​ជួយ​ទាន់​ហើយ​ក៏​​​នាំ​ស្ត្រី​ជា​​​​ប្រពន្ធ​​ ទៅ​​កាន់​​មន្ទីរ​ពេទ្យ​​​ជួ​យ​សង្គ្រោះ​​ទាន់​ពេល​វេលា​ ។ ​​ក្រោយ​ពី​​ចាក់​​ប្រពន្ធ​រួច ​បុរស​​នេះ​បាន​រត់​​ចេញ​ពី​ផ្ទះ​​ទាំង​យប់​​បាត់​ទៅ​​ ហើយ​ប្រពន្ធ​​នឹក​​ស្មាន​ថា​ប្តី​​​រត់​ទៅ​ស្រុក​​កំណើត​​ក៏​មិន​បាន​​​តាម​ រក​​​ទេ រហូត​​១​យប់​​១​ថ្ងៃ​​ក្រោយ​មក​ទើប​ប្រទះ​ឃើញ​​សព​​​នៅ​​ក្រោយ​ផ្ទះ ។

សព​បុរស​នេះ​ត្រូវ​បាន​គេ​​​ប្រទះ​ឃើញ​​កាល​ពីវេលា​​​ ​ម៉ោង​១​និង​៣០​នាទី​​រសៀល​ថ្ងៃ​ទី​​១៥ កក្កដា ​នៅ​​វាល​ស្រែ​​ ក្នុង​ភូមិ​​គោក​ចំបក់​ ​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​។ បុរស​​ចំណាស់​រូប​​នេះ​ឈ្មោះ​​ភួង សៅ អាយុ​​៧៨​ឆ្នាំ ​មាន​ទី​លំនៅ​ភូមិ​ព្រែក​​តា​ថុក ឃុំ​​ព្រែក​ស្លែង​ ​​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល ​ចំណែក​ប្រពន្ធ​​ឈ្មោះវង្ស ​ភ័ណ្ឌ  អាយុ​​៥០​ឆ្នាំ ​ជា​​​កម្មការិ​នី​រោង​ចក្រ​​ រង​របួស​​បំពង់​ក​​ខាង​ឆ្វេង​​ និង​ស្នាក់​នៅ​​ផ្ទះ​ជួល​​ក្នុង​ភូមិ​​កើត​ហេតុ​​ខាង​លើ ។

​ស្ត្រី​ជា​ប្រពន្ធ​​បាន​​ឱ្យ​​​​ដឹង​ថា សព្វ​ថ្ងៃ​​គាត់​និ​ង​ប្តី​​​រស់​នៅ​​បែក​គ្នា​​ ដោយ​គាត់​​មក​​​ស្នាក់​នៅ​​ផ្ទះ​ជួល​​ខាងលើ​ ចំណែក​​ប្តី​របស់​​​គាត់​​រស់​នៅ​ឯ​​ស្រុក​​កំណើត​ ប៉ុន្តែ​​តែង​តែ​ឧស្សា​ហ៍​មក​លេង​​គាត់​ញឹក​ញាប់​​​ដែរ ។ ​មុន​ពេល​កើត​​ហេតុ​​​​៤​ថ្ងៃ​​ ប្តី​របស់​គាត់​​បាន​មក​លេង​នឹង​​​គាត់​ហើយ​ក៏​​មិន​មាន​​បញ្ហា​អ្វី​​កើត​​ ​ឡើង​នោះ​​ទេ និង​​​​​​មាន​បំណង​​ត្រឡប់​​ទៅ​​ផ្ទះ​វិញ​​នៅ​​​ព្រឹក​​ថ្ងៃ​ទី​​១៥ កក្កដា ​ប៉ុន្តែ​​នៅ​​យប់​ថ្ងៃ​ទី​​១៤​ កក្កដា ​ពេល​ដែល​គាត់​ដេកបែរ​ខ្នង​​ ប្តី​បាន​និយាយ​ថា​​កុំ​ដេក​បែរ​មុខ​​​​ បែរ​មុខ​​មក​នេះ​​អញ​មើល​​​មុខ​បន្តិច ។ ចំណែក​​គាត់​​បាន​​និយាយ​តប​វិញ​ថា មុខ​ធ្លាប់​​មើល​ហើយ​​តើ​ចង់​មើល​អី​​ទៀត​​ ខណៈ​នោះ​ ស្រាប់​តែ​​​បុរស​​​ជា​ប្តី​​​​ខឹង​សម្បា​​​ តែ​គាត់​​​មិន​បាន​ចាប់​អារម្មណ៍​​​​ទេ ក៏​​ដេក​លក់​​ទៅ​រហូត​​ដល់​វេលា​ម៉ោង​​១​រំលង​អធ្រាត្រ​​ ស្រាប់​តែ​ប្តី​​​យក​កូន​កាំ​បិត​​ចុង​ស្រួច​​ចាក់​គាត់​ចំបំពង​់​ក​​​ ហើយ​​​គាត់​​ក៏​បាន​ស្រែក​​​បង្ក​ឱ្យ​មាន​​​ការ​ភ្ញាក់​ផ្អើល​​ទាំង​យប់ ។

​ប្រភព​ដដែល​​បាន​ប​ន្ត​ថា ​ក្រោយ​ពេល​​មាន​រឿង​​បែប​​នេះ​ រូប​គាត់​​ត្រូវ​បាន​​​ម្ចាស់​ផ្ទះ​ជួល​​​​​នាំ​យក​ទៅ​​​កាន់​​មន្ទីរ​ពេទ្យ ​​ដើម្បី​សង្គ្រោះ​​បន្ទាន់​ ចំណែក​ប្តី​​បាន​រត់​ចេញ​ពី​ផ្ទះ​ជួល​​ទៅ​បាត់​ស្រមោល​​​ ។ ​ក្រោយ​​ពេល​គ្រូ​ពេទ្យ​​​ដេរ​របួស​​​រួច​គាត់​ក៏​​​ត្រឡប់​មក​ផ្ទះ​ជួល​​​​ វិញ​ និង​​មិន​បាន​​តាម​រក​ប្តី​​ទេ ​ព្រោះ​​មិន​​បាន​ចាប់​អារម្មណ៍​​ ដោយ​នឹក​​ស្មាន​ថា​ប្តី​​គាត់​ត្រឡប់​​​ទៅ​ស្រុក​កំណើត​​វិញ​បាត់​ទៅ​ហើយ ។ ​រហូត​​ដល់​​​វេលា​ម៉ោង​​១​រសៀល​​ថ្ងៃ​ទី​​១៥ កក្ក​ដា ​ទើប​មាន​​កម្មករ​​សំណង់​​ដើ​រ​ទៅ​​បត់​ជើង​​​នៅ​ចំណុច​​​ខាងលើ​ក៏​ប្រទះ​​ ឃើញ​​ប្តី​របស់​​គាត់​​ដេក​ស្លាប់​​ផ្កាប់​មុខ​​​ក្នុង​ស្មៅ​​វាល​ស្រែ​ ។

ទាក់​ទិន​​ទៅ​នឹង​​ហេតុ​ការណ៍​​​នេះ​ សមត្ថ​កិច្ច​​បាន​ចុះ​ទៅធ្វើ​​កោស​ល្យ​​វិច័យ​ឃើញ​ថា​​ បុរស​រូប​នេះ​​បាន​​ធ្វើ​អត្ត​ឃាត​​ដោយ​ផឹក​ថ្នាំ​ពុល​សម្លាប់​​ខ្លួ​ន​ ក្រោយ​​ពេល​គាត់​​ចាក់​ប្រពន្ធ​​រួច​ហើយ​​និ​ង​ស្មាន​ថា​​ប្រពន្ធ​ស្លាប់​ ។ មិន​តែ​ប៉ុណ្ណោះ​ សមត្ថ​កិច្ច​​បាន​រក​ឃើញ​​សំបុត្រ​​បណ្តាំ​១​ច្បាប់​​​មាន​​២​ទំព័រ​​សរសេរ​ យ៉ាង​ក្បោះ​ក្បាយ​​ដែល​មាន​​ខ្លឹម​សារ​​​បង្ហាញ​ពី​ការ​​ប្រចណ្ឌ​ប្រពន្ធ​​ យ៉ាង​​ងប់​ងល់​​បំផុត​​ ដោយ​បុរស​​នោះ​បាន​​ចោ​ទ​​ប្រកាន់​​​ប្រពន្ធ​ថា​មាន​សហាយ​​​ប្រុស​ក្មេង​​ ដើរ​ផឹក​ស៊ី​​ជាមួយ​​​គ្នា​ និង​មាន​​ការ​រៀប​រាប់​ជា​ច្រើន​​ទៀត​​ ព្រម​ទាំង​​និយាយ​​​ចុង​ក្រោយ​​​ថា​ពេល​គាត់​​ស្លាប់​ទៅ​​​ចង់​​​នរណា​យក​​​ គាត់​ទៅ​ណា​ក៏​​​យក​ទៅ​ ៕​

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]