ខេត្ត​ស្ទឹងត្រែង ៖ កុមារតូចៗក្រោមអាយុ៥​ឆ្នាំ​ជាច្រើនរូបត្រូវបានឪពុកម្តាយនាំមក​កាន់មន្ទីរ​ពេទ្យ​បង្អែកខេត្ត កាលពីថ្ងៃទី១៥ កក្កដា ២០១២ ដើម្បី​ព្យាបាលជំងឺគ្រុនក្តៅ និងមាន​ពង​បែកក្នុងមាត់ ហើយរយៈពេលមួយ​ថ្ងៃ​ចេញពងលើបាតដៃជើងបន្ថែមទៀត។

លោកជា វុត្ថា អាយុ៣៥ឆ្នាំ និងប្រពន្ធ​ឈ្មោះ​វុន ម៉ាច អាយុ២៤ឆ្នាំ រស់នៅភូមិកណ្តាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ប្រាប់ឱ្យ​ដឹង​ថា កូនរបស់គាត់​ឈ្មោះថាច់ សុវិជ្ជា អាយុ៤ឆ្នាំ ក្តៅ​ខ្លួន​តែមួយថ្ងៃសោះ ស្រាប់តែរោគ​សញ្ញា​ចេញ​ពង​បែកក្នុងមាត់ និង​បាតដៃ​ជើង​ធ្វើឱ្យ​ប្រជាពល​រដ្ឋដែលមាន​កូនតូចៗ​នាំគ្នាព្រួយបារម្ភមិនដឹង​ថា មានកើតជំងឺអ្វី ហើយបើតាមការ​សង្កេតនៅ​ក្នុងមន្ទីរពេទ្យបង្អែកមានកុមារ​ប្រមាណ​ជិត​១០នាក់ហើយ មកសម្រាកនៅមន្ទីរ​ពេទ្យ​ដែល​មកពីភូមិអូរត្រែល និងភូមិកណ្តាលក្នុងស្រុក​ថាឡាបរិវ៉ាត់។ គ្រូពេទ្យប្រចាំការនៅមន្ទីរពេទ្យ​បានមាន​ប្រសាសន៍ថា នៅក្នុងរយៈពេល៣ថ្ងៃ​នេះ តាម​ការ​សង្កេត​ឃើញមានកុមារ​ប្រមាណ​ជិត​១០​នាក់​ហើយកើតមានជំងឺ​ប្រភេទ​ខាង​លើនេះ តែមិន​ទាន់សន្និដ្ឋានថា​ជាជំងឺអ្វីនៅឡើយ​ទេ។

នៅព្រឹកថ្ងៃទី១៦ កក្កដា នេះ ប្រធានមណ្ឌល​សុខ​ភាពស្ទឹងត្រែង បានផ្សព្វផ្សាយនៅឯមណ្ឌល​សុខភាពផ្ទាល់​ដល់អាណាព្យាបាលដែលមានកូន​ក្រោមអាយុ១០ឆ្នាំ បើ​មានរោគសញ្ញាក្តៅខ្លួន ចេញពងបែក​ក្នុងមាត់ និងតាមដៃជើង សូម​ប្រញាប់​​បញ្ជូនកូនមកមន្ទីរពេទ្យ ឬ​មណ្ឌល​សុខ​ភាពភ្លាម ដើម្បីធ្វើការព្យាបាល។ លោក​ប្រធាន​មណ្ឌល​សុខភាព​បានសំណូមពរ​ដល់​ប្រជាពល​រដ្ឋ​ដែល​ស្តាប់ការណែនាំរបស់គ្រូ​ពេទ្យ​ឱ្យធ្វើការ​ផ្សព្វ​ផ្សាយតៗគ្នា ដើម្បីបង្ការ និងជៀសវាង​ការ​គ្រោះថ្នាក់ណាមួយចំពោះ​កុមារ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]