ភ្នំពេញ ៖ សាច់ញាតិអ្នក ជំងឺម្នាក់ ដែល ទៅព្យាបាលជំងឺរបស់ខ្លួន នៅក្នុងគ្លីនិកឯកជន យីហោ អង្គរធំ ដែលមានទីតាំង តាម បណ្ដោយផ្លូវកម្ពុជាក្រោម ខាងលិច វិទ្យាល័យ សន្ធរម៉ុក ក្នុងខណ្ឌទួលគោក រាជធានីភ្នំ ពេញ បាននិយាយថា សាច់ញាតិរបស់ខ្លួន ក្រៅពីចំណាយលុយបង់ទៅឱ្យគ្រូពេទ្យគ្លីនិក ខាងលើ សម្រាប់ថ្លៃ ព្យាបាលជំងឺនោះ គឺរូប គាត់ត្រូវអស់លុយមួយផ្នែកទៀត ដោយសារ តែចាញ់បោកជនខិលខូចមួយចំនួន ដែលបន្លំ ខ្លួនធ្វើជាគ្រូពេទ្យ ចូលទៅលួចលុយរបស់ គាត់នៅក្នុងគ្លីនិកឯកជនខាងលើនេះ ។

យោងតាមសាច់ញាតិមួយរូបដែលសុំមិន បញ្ចេញឈ្មោះ បានលួចប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលឱ្យដឹងថា ករណីមានជន ខិលខូចបន្លំធ្វើជាគ្រូពេទ្យ ចូលលួចលុយអ្នក ជំងឺនៅក្នុងគ្លីនិកយីហោ អង្គរធំខាងលើនេះ បានកើតឡើង កាលពីថ្ងៃព្រហស្បតិ៍ទី១២ ខែកក្កដា ឆ្នាំ២០១២ ដោយអ្នកជំងឺបានបាត់ លុយចំនួន៣២០ដុល្លារ ។

ប្រភពព័ត៌មានខាងលើបានបន្ដថា លោក ម៉ៅ សុវណ្ណ អាយុជាង៤០ឆ្នាំ ដែលមានស្រុក កំណើតនៅភូមិតាសាល ឃុំខ្ទង់ក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បានចូលទៅ សម្រាកព្យាបាល ដើម្បីវះកាត់ពោះវៀនដុះ  ខ្នែង នៅក្នុងគ្លីនិកអង្គរធំ ហើយគ្រោង ចំណាយលុយចំនួន ៤២០ដុល្លារ សម្រាប់ធ្វើ ការវះកាត់ រយៈពេល ៣យប់៣ថ្ងៃ ។

ប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះ ដដែលនេះ បានបន្ដទៀតថា នៅថ្ងៃកើតហេតុ ខាងលើ ស្រាប់តែមានជនខិលខូចម្នាក់បាន ចូលទៅក្នុងបន្ទប់អ្នកជំងឺ ខណៈដែលគ្រូពេទ្យ ប្រចាំគ្លីនិកមិននៅ គឺមានតែបងប្អូនរបស់ អ្នកជំងឺតែប៉ុណ្ណោះ ហើយជនខិលខូចរូបនេះ បានស្លៀកពាក់តឺនុយស្អាតបាត ដោយអះ អាងថា ខ្លួនជាបុគ្គលិកនៃគ្លីនិកខាងលើនេះ ។ ពេលចូលទៅដល់បន្ទប់អ្នកជំងឺ ជនខិលខូច រូបនេះ បានប្រាប់ទៅសាច់ញាតិនិងអ្នកជំងឺ ថា ត្រូវយកលុយទៅបង់ ពាក់ កណ្ដាលពី ព្រោះថា បានដេកសម្រាកព្យាបាលអស់ រយៈពេលប៉ុន្មានថ្ងៃមកហើយ ។ ដោយ ឃើញជននេះ ស្លៀកពាក់ស្អាតបាតនិងអះ អាងខ្លួនជាបុគ្គលិក នៃគ្លីនិក ខាងលើ ជនរង គ្រោះនិងសាច់ញាតិ ក៏បានយល់ព្រមទៅ ជាមួយជនខិលខូច ដោយយកលុយទៅបង់ ពាក់កណ្ដាល ដោយធ្វើដំណើរចេញពីបន្ទប់ ដែលខ្លួន សម្រាកព្យាបាល គឺបន្ទប់លេខ ៣០៦ ជាន់ទី៣ ចុះទៅជាន់ក្រោម ដើម្បី យកលុយទៅបង់ ។ ប៉ុន្ដែនៅពេលជនខិល ខូចរូបនេះ និងសាច់ញាតិ របស់ជនរងគ្រោះ បានចុះទៅដល់ជាន់ទី២ ស្រាប់តែជនខិលខូច រូបនេះ បានប្រកៀកប្រកិតរបៀបជាអ្នក ស្និទ្ធិស្នាល ពេលនោះស្រាប់តែលូកយក លុយនៅក្នុងហោប៉ៅ ជនរងគ្រោះរូបនេះ អស់ចំនួន ៣២០ដុល្លារ រួចហើយក៏គេច ខ្លួនចេញពីគ្លីនិតបាត់តែម្ដងទៅ។

ប្រភពព័ត៌មានខាងលើ បានបន្ដទៀតថា បន្ទាប់ពីមានរឿងហេតុការណ៍យ៉ាងដូច្នេះ សាច់ញាតិជនរងគ្រោះរូបនេះ ក៏បានទៅដល់ កន្លែងបង់លុយ ហើយប្រាប់អ្នក បង់លុយ នោះថា តើឯណាគ្រូពេទ្យម្នាក់ដែលប្រាប់ឱ្យ ខ្ញុំមកបង់លុយពាក់កណ្ដាលនោះ ពេលនោះ ហើយនៅពេលសាច់ញាតិជនរងគ្រោះ លូក ហោប៉ៅ ស្រាប់តែមិនឃើញលុយ ក៏មានការ ភ្ញាក់ផ្អើលនិងឆោឡោតែម្ដងទៅ ។

ទាក់ទិនករណីបាត់លុយ ដោយសារតែពុំ មានការរឹតបន្ដឹងសន្ដិសុខ ដើម្បីរក្សាសុវត្ថិ ភាពជូនអ្នកជំងឺពីសំណាក់គ្លីនិកខាងលើនេះ ម្ចាស់គ្លីនិក មិនមាន ការទទួលខុសត្រូវនោះ ឡើយ ពោលតម្លៃព្យាបាលពេញ គឺមានចំនួន ៤២០ដុល្លារ ត្រូវបង់ដោយគ្មានចុះថ្លៃនោះ ឡើយ ។

ទាក់ទិនករណីខាងលើនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរកការ បកស្រាយណាមួយពីម្ចាស់គ្លីនិកនេះនៅឡើយទេ រហូតមកដល់ រសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១២  ៕

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]