ស្វាយរៀងៈ លោកគ្រូអនុវិទ្យាល័យស្វាយធំម្នាក់ ត្រូវរថយន្តលុច្សស៊ីសបុកស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូទៅ ធ្វើអនុរក្សប្រលងនៅមណ្ឌលវិទ្យាល័យស្វាយជ្រំ នាព្រឹកថ្ងៃចន្ទ ទី១៦ ខែកក្ដដា ឆ្នាំ ២០១២ នៅក្នុងឃុំ ស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ យោងតាមមន្រ្តីនគបាលស្រុកស្វាយជ្រំ បានប្រាប់ឲ្យដឹងថា រថយន្តដែលបង្ក ហេតុម៉ាកលុច្សស៊ីសកូនកាត់ពណ៌ ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2F-4753 បើកបរដោយ បុរសម្នាក់មិនស្គាល់ អត្តសញ្ញាណ ហើយក្រោយបង្កហេតុ បុរសរូបនេះ បានបើករថយន្ត មកទុកចោល នៅមុខមូលដ្ឋាន កងរាជអាវុធ ហត្ថស្រុកស្វាយជ្រំ បន្ទាប់មកក៏បើកទ្វារ រថយន្តរត់គេចខ្លួនបាត់តែម្ដង រីឯលោកគ្រូ ដែលបានស្លាប់បាត់បង់ជីវិត នោះ ឈ្មោះ ព្រាប ថន អាយុ ៣៩ ឆ្នាំ ជាគ្រូបង្រៀននៅអនុវិទ្យាល័យស្វាយធំ។

បើតាមសាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះ បាន បើកម៉ូតូម៉ាកសង់១២៥ ពណ៌ខ្មៅ បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងទៅធ្វើអនុរក្សប្រលង នៅ វិទ្យាល័យស្វាយជ្រំ ក្នុងល្បឿនមធ្យម ស្រាប់តែមកដល់ចំណុចកើតហេតុ ប្រទះនឹងរថយន្តលុច្សស៊ីសមួយគ្រឿង ដែលបើកក្នុងល្បើនយ៉ាងលឿនបញ្ច្រាសទិសគ្នា ដោយជែងនឹងរថយន្តមួយទៀត ដែលនៅពីមុខជ្រុលចូល ចំណែកផ្លូវម៉តូ ហើយបានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យខ្ទាតចេញពីម៉ូតូផ្លោង ប្រមាណជា៣៥ម៉ែត្រទៅធ្លាក់ ក្នុងរបងដីឡូតិ៍មួយ ស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ។ ក្រោយកើតហេតុគេឃើញកម្លាំងនគរបាល និង កងរាជ អាវុធហត្ថស្រុកស្វាយជ្រំ ចុះមកធ្វើការវាស់វែងនៅកន្លែង កើតហេតុដោយ ហៅរថយន្តសង្រ្គោះមកដឹក សព យកទៅធ្វើបុណ្យនៅផ្ទះជនរងគ្រោះស្ថិតក្នុងភូមិស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ចំណែករថយន្តត្រូវបានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ប្រគល់ឲ្យអធិការដ្ឋាននគរ បាលស្រុកស្វាយជ្រំ ដើម្បីស្រាវជ្រាវ រកម្ចាស់ និងដោះស្រាយទៅតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

ដោយៈ គុជ វិភាគ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]