អាជ្ញាធរ ស្វែងរកការទប់ស្កាត់ ការរួម ភេទ ក្នុងចំណោមយុវវ័យ នៅថ្ងៃបុណ្យ នៃ សេចក្ដីស្រឡាញ់

ភ្នំពេញៈ បើទោះបីជាទិវា នៃក្តីស្រឡាញ់ ឬអ្នកខ្លះនៅតែហៅថា បុណ្យសង្សា មិនមែនជាពិធីបុណ្យប្រពៃណីខ្មែរ និងបុណ្យជាតិយ៉ាង ណាក៏ដោយ ក៏យុវជនខ្មែរមួយចំនួន ត្រូវបានគេមើល ឃើញថា ពួកគេមានការពេញចិត្ត និងសប្បាយរីករាយបង្ហាញក្តី ស្រឡាញ់ ព្រមទាំងប្រារព្ធទិវានោះយ៉ាងព្រោងព្រាត និងងុបងុល ដោយមិនដឹង និងមិនស្គាល់ ពីអត្ថន័យ នៃពិធី បុណ្យនេះពិតប្រាកដ។

ទិវានៃក្តីស្រឡាញ់ ត្រូវបានគេដឹងថា វាបានហូរចូលមកប្រទេសកម្ពុជានៅក្នុងសតវត្សរ៍ទី២០ តាមរយៈការផ្សព្វ  ផ្សាយតាមអ៊ីនធឺណែត ទូរទស្សន៍ និងបណ្តាញផ្សព្វផ្សាយផ្សេងៗទៀត ហើយពាក់ព័ន្ធនឹងទិវានេះ វាមិនមែនជា  ព្រឹត្តិការណ៍ថ្មីសម្រាប់កម្ពុជានោះទេ តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ត្រង់ថា យុវជនខ្មែរមួយចំនួន ជាពិសេសស្រ្តី ដែលជា  ជនរងគ្រោះជាងគេសម្រាប់ថ្ងៃនេះ ទទួលរងការរិះគន់យ៉ាងចាស់ដៃពីអ្នកជំនាញប្រវត្តិសាស្រ្ត ប្រពៃណី និងមហាជនយ៉ាងណាក៏ដោយ ក៏ពួកគេទាំងប្រុស ទាំងស្រី នៅតែចូលរួមបង្ហាញក្តីស្រឡាញ់ របស់ពួកគេនៅថ្ងៃនោះយ៉ាងសកម្ម។

ការរិះគន់របស់អ្នកជំនាញប្រវត្តិសាស្ត្រ ប្រពៃណី និងមហាជន មិនមែនមិនពេញចិត្តនឹងការបង្ហាញក្តីស្រឡាញ់ របស់យុវជនខ្មែរនោះទេ ប៉ុន្តែអ្នកជំនាញទាំងនោះ ព្រួយបារម្ភថា យុវជនបាននិងកំពុងយល់អត្ថន័យពីទិវា នៃក្តី ស្រឡាញ់ខុស ដោយពួកគេមិនបង្ហាញក្តីស្រឡាញ់របស់ពួកគេចំពោះឪពុកម្តាយ បងប្អូន លោកគ្រូ អ្នកគ្រូ មិត្ត ភក្តិទេ បែរជាបង្ហាញតែក្តីស្រឡាញ់ចំពោះសង្សារបស់ខ្លួន ដោយជួនកាលលះបង់ភាពបរិសុទ្ធ (ព្រហ្មចារី) ដើម្បី បង្ហាញភាពស្មោះត្រង់ជូនសង្សាទៀតផង ដែលទង្វើនេះ ត្រូវបានអ្នកជំនាញប្រវត្តិសាស្ត្រ ប្រពៃណី លើកឡើងថា វាធ្វើឱ្យបាត់បង់ភាពថ្លៃថ្នូរសម្រាប់ស្រ្តី ក្រុមគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ។

ទីប្រឹក្សាក្រុមជំនុំទំនៀមទម្លាប់ខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ លោក មៀច ប៉ុណ្ណ បានមាន ប្រសាសន៍ ដោយលោកសង្ឃឹមថា យុវជនខ្មែរនឹងស្គាល់ខ្លួនឯងឱ្យបានច្បាស់ថា ខ្លួនឯងមកពីណាជាសាសន៍ ជាតិអ្វី មានប្រពៃណីវប្បធម៌យ៉ាងណា ហើយពួកគេទាំងអស់នោះ ត្រូវតែធ្វើការប្រៀបធៀបថា តើការនាំគ្នា ប្រារព្ធទិវា នៃក្តីស្រឡាញ់ ឬបុណ្យសង្សានោះ មានប្រយោជន៍យ៉ាងណាខ្លះ និងផ្តល់ក្តីវិនាសយ៉ាងណាខ្លះ សម្រាប់សង្គមខ្មែរ។

លោក មៀច ប៉ុណ្ណ បានលើកឡើងថា “ ១៤ កុម្ភៈ (ទិវានៃក្តីស្រឡាញ់) នាំយើងឱ្យទៅចំរុងចំរើនអ្វីខ្លះទេ? នាំ យើងឱ្យទៅវិនាសអ្វីខ្លះ? យើងអត់ទាន់ដឹងអ្វីទាំងអស់ រៀនសូត្រសុទ្ធតែឧត្តមសិក្សា ធ្វើអីឆ្គួតៗ មានន័យថា បើ និយាយឱ្យស្រួលស្តាប់ ប្រុសៗយកឱកាសនោះ បោកស្រីៗ។ ពួកស្រី អ្នកណាភ្លេចខ្លួនខ្លាំង ចាញ់បោកគេនឹងផ្កា កុលាបពីរបីទងហ្នឹង”។

លោកព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ មានបំណងស្នើឱ្យនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន យកបញ្ហាទិវានៃក្តីស្រឡាញ់ ឬបុណ្យសង្សាទៅពិចារណា ដើម្បីកំណត់ព្រំដែន នៃការប្រារព្ធ ទិវានោះ ព្រោះថា បញ្ហានេះ បានធ្វើឱ្យភាពថ្លៃថ្នូរ ជាពិសេសព្រហ្មចារីរបស់និស្សិតខ្មែរ កូនខ្មែរ បាត់បង់អស់ ហើយ។

ទិវានៃក្តីស្រឡាញ់ ឬអ្នកនិយមជ្រុលហៅថា បុណ្យសង្សានោះ ត្រូវបានគេប្រារព្ធ និងទទួលស្គាល់ទូទាំងពិភពលោក ដោយ ទិវានេះ តែងតែធ្វើឡើងនៅថ្ងៃទី១៤ ខែកុម្ភៈជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ជនជាតិរ៉ូមុំាងម្នាក់ លោក Saint Valentine ដែលបានបាត់បង់ជីវិតនៅថ្ងៃទី១៤ ខែកុម្ភៈ គ្រឹស្គរាជ ២៦៩ ព្រោះតែការប្រឆាំងដាច់ខាតរបស់លោក មិនបោះបង់គ្រឹស្តសាសនារបស់ខ្លួនចោល ប៉ុន្តែនេះគ្រាន់តែជាបកស្រាយរបស់អ្នកជំនាញមួយតែប៉ុណ្ណោះ ដោយសារតែមានការបកស្រាយផ្សេងៗគ្នាទៀត ពាក់ព័ន្ធនឹងកើតកំណើតនៃទិវានៃក្តីស្រឡាញ់ ឬក៏វ៉ាឡិន ថាញដេនេះ។

ចាប់ពីពេលនោះមក ថ្ងៃទី១៤ ខែកុម្ភៈ បានក្លាយជាថ្ងៃឈប់សម្រាក និងថ្ងៃជួបជុំក្រុមគ្រួសារ មិត្តភក្តិសម្រាប់ បណ្តាប្រទេសលោកខាងលិចដែលកាន់គ្រឹស្គសាសនា ក្នុងការចែករំលែកក្តីស្រឡាញ់ ហើយបើពួកគេនៅឆ្ងាយ ពីគ្នា ពួកគេតែងតែផ្ញើក្តីស្រឡាញ់របស់ពួកគេ តាមរយៈកាតជូនពរ និងផ្ញើសារទៅកាន់អ្នកជាទីស្រឡាញ់របស់ ពួកគេជាដើម។ ជាងនេះទៅទៀត កាតជូនពរសម្រាប់ទិវានៃក្តីស្រឡាញ់ បានបង្កើតឡើងជាលើកដំបូង ដោយ សហរដ្ឋអាមេរិកនៅឆ្នាំ១៨៤០ ហើយបច្ចុប្បន្ននេះ កាតជូនពររាប់លានសន្លឹក បានលក់ដាច់ជារៀងរាល់ឆ្នាំ។

មកទល់ឆ្នាំ២០១២នេះ ទិវានៃក្តីស្រឡាញ់ ទទួលការរិះគន់កាន់តែខ្លាំងឡើងៗពីបណ្តាស្ថាប័នរដ្ឋ ដោយសាររូប ភាព នៃការប្រារព្ធទិវានេះ ត្រូវបានយល់ច្រឡំ និងផ្តល់អត្ថន័យខុសពីសំណាក់យុវជនខ្មែរ ដោយប្រែក្លាយអត្ថ ន័យទិវា នៃក្តីស្រឡាញ់ ទៅជាពិធីឡើងផ្ទះសំណាក់ ដើម្បីរួមភេទទៅវិញ។

កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងឱកាសពិធីសន្និបាតប្រចាំឆ្នាំរបស់កម្មសិក្សាការី ប្រទេសជប៉ុន រដ្ឋលេខា ធិការក្រសួងអប់រំ យុវជន និងកីឡា លោក ពិត ចំណាន ក៏បានធ្វើការរិះគន់ផងដែរ ចំពោះទិវានៃក្តីស្រឡាញ់ ឬ បុណ្យសង្សា ដោយលោកយល់ឃើញថា កាលពីមុនទិវា នៃក្តីស្រឡាញ់នេះ មិនទាន់ខ្លាំងក្លានៅឡើយទេ ប៉ុន្តែ ប៉ុន្មានឆ្នាំក្រោយមកនេះ យុវជនខ្មែរទាំងប្រុស ទាំងស្រី បានកែអត្ថន័យ និងយកឱកាសនូវពិធីបុណ្យសេចក្តី ស្រឡាញ់នាំគ្នាឡើងផ្ទះសំណាក់ទៅវិញ។

លោក ពិត ចំណាន បានសម្តែងការព្រួយបារម្ភចំពោះយុវជនខ្មែរយ៉ាងដូច្នេះថា “១៤ កុម្ភៈនេះ ពីមុនមក វាមិន ជាប៉ុន្មានទេ ឥឡូវនេះក្លាយជាក្តីព្រួយបារម្ភទៅវិញ ហើយឥឡូវនេះ ហ៊ាននិយាយត្រង់ៗតែម្តង ព្រួយហ្នឹងព្រួយ ត្រង់ថា ផ្ទះសំណាក់ថ្ងៃហ្នឹង អត់មានផ្ទះសំណាក់ ដែលនៅទំនេរសោះ។ ចំណុចហ្នឹងហើយ ជាការព្រួយបារម្ភ របស់យើងចំពោះយុវវ័យរបស់យើង។ បើយុវវ័យយើង កំពុងតែវង្វេងទៅលើផ្លូវមួយដែលយើងមិនចង់បានហើយ នោះជាការព្រួយបារម្ភធំជាងអ្វីទាំងអស់”។

ដោយឡែក លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្នុងឱកាសសន្និបាតបូកសរុបការងារប្រចាំឆ្នាំ ២០១១ និងផែនការសកម្មភាពការងារ ២០១២ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១២ បានសម្តែងការមិនចិត្ត និង មិនគាំទ្រចំពោះទិវា នៃក្តីស្រឡាញ់នេះផងដែរ ដោយលោកស្រីបានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំនេះ យុវជន មានការជ្រួលច្របល់ណាស់ ក្នុងការចូលរួមអបអរសាទរទិវា នៃក្តីស្រឡាញ់។

លោកស្រី បានបន្តថា យុវជន កំពុងតែផ្តល់អត្ថន័យខុសចំពោះទិវា នៃក្តីស្រឡាញ់ ដោយយុវជនយល់ថា វាជាបុណ្យសង្សា ដូច្នេះត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីបង្ហាញពីភាពស្មោះត្រង់ “យើងក៏បានគិតគូរ ក្នុងរង្វង់ថ្នាក់ដឹកនាំទាំង អស់ផងដែរថា មិនគប្បីទុករក្សាថ្ងៃចលនាហ្នឹងទៅមុខយ៉ាងដូច្នេះទេ វាប៉ះពាល់ទៅលើប្រពៃណីខ្មែរ កិត្តិយសខ្មែរ ពិតមែនតែវាជារឿងបុគ្គលមួយៗពិតប្រាកដ ប៉ុន្តែវាប៉ះពាល់ដល់រូបភាពនៅក្នុងប្រទេសកម្ពុជា”។

លោកស្រីរដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានគូសបញ្ជាក់ឱ្យដឹងថែមទៀតថា កម្ពុជា មានវប្បធម៌ និងអរិយធម៌ខុសពី សហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសមួយចំនួនទៀត ដូច្នេះយុវជនខ្មែរ ត្រូវតែរក្សាភាពជាខ្មែរ ហើយមិន ត្រូវធ្វើអ្វី ដែលបំផ្លាញវប្បធម៌ និងអរិយធម៌ខ្មែរឡើយ “យើងអាចជួបគ្នាបាន ប៉ុន្តែយើងចង់និយាយថា ប្តូរពាក្យ លែងប្រើបុណ្យសង្សាហើយ យើងសុំឱ្យមកជាទិវានៃក្តីស្រឡាញ់។ ទិវានៃក្តីស្រឡាញ់ មានន័យថា យើងអាច បង្ហាញនូវក្តីស្រឡាញ់នៅក្នុងរូបភាពមួយ ក្នុងការដឹងគុណឪពុកម្តាយយើង ក្នុងរូបភាពមិត្តភាព នៅក្នុងការដឹង គុណគ្រូបង្រៀន ហើយមួយទៀតជារូបភាពសង្សាក៏បានដែរ ប៉ុន្តែក្នុងកម្រិតមួយដែលសង្គមខ្មែរ អាចទទួល យកបាន មិនមែនជាថ្ងៃទៅកក់សណ្ឋាគារ ឬផ្ទះសំណាក់នោះទេ”។

ចំណែកប្រទេសថៃដែលជាប្រទេសជិតខាងរបស់កម្ពុជា ថ្ងៃទី១៤ ខែកុម្ភៈ ក៏បានដាក់បំរាមគោចរចាប់ប្រមូល ពួកក្មេងៗ អាយុក្រោម១៨ឆ្នាំដែលនៅរេរង់នៅតាមទីសាធារណៈនៅក្រោយម៉ោង ១០យប់ ដោយសារតែនៅ ក្នុងប្រទេសថៃពួកយុវតីភាគច្រើន ត្រៀមលះបង់ព្រហ្មចារីនៅថ្ងៃបុណ្យនៃក្តីស្រឡាញ់។

មន្ត្រីអ្នកនាំពាក្យប៉ូលីសថៃ បាននិយាយថា ប៉ូលីសនឹងដាក់ពង្រាយ ដើម្បីល្បាតតាមសួនសាធារណៈ រោងកុន ខារ៉ាអូខេ ក្លឹបរាត្រី ផ្ទះសំណាក់ និងសណ្ឋាគារ ដោយសារតែមានការព្រួយបារម្ភថា ពួកក្មេងៗ នឹងប្រព្រឹត្តអ្វីមិន សមរម្យ ប្រើថ្នាំញៀន ឬពាក់ព័ន្ធអំពើអបាយមុខនានានៅថ្ងៃនោះ។

សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានធ្វើការស្ទង់មតិមួយ បានឱ្យដឹងថា ដៃគូស្នេហាក្មេងៗស្ថិតចំណោម ក្រុមយុវវ័យអាយុចន្លោះ ពី១៤ ទៅ១៨ឆ្នាំ មានគម្រោងរួមភេទជាមួយគ្នាជាលើកដំបូង នៅថ្ងៃប្រារព្ធសេចក្តី ស្រឡាញ់។

ចំពោះខ្មែរវិញ មានវិធានការដោយ អាជ្ញាធរមានសមត្ថកិច្ច បានចេញបម្រាមមិនឱ្យអ្នកលក់ផ្កា ដាក់តូបលក់ផ្កា ឬក៏វត្ថុអនុស្សាវរីយ៍ នៅក្បែរសាលារៀនឡើយ។ រីឯសាលាមួយចំនួន បានចេញកាលវិភាគប្រឡង នៅចំថ្ងៃទី១៤ កុម្ភៈ នេះតែម្ដង។

គួរបញ្ជាក់ឱ្យដឹងថា ផ្កាកុលាបដែលត្រូវបានប្រើជានិមិត្តរូប នៃទិវាក្តីស្រឡាញ់ ត្រូវបានគេរំពឹងថា នឹងឡើងដល់ ១០ដុល្លារក្នុងមួយទងនៅថ្ងៃ១៤ ខែកុម្ភៈ ហើយជារៀងរាល់ឆ្នាំ ផ្កាកូឡាបគ្រប់ពណ៌ និងស្រស់ៗ ត្រូវបានគេ មើលឃើញថា បានដាក់តាំងលក់ជុំវិញសាលារៀន ដោយសារសិស្សសាលា ជាគោលដៅទីផ្សាររបស់ពួកគេ។

ប្រការនេះ អ្នកវិភាគមួយចំនួនយល់ឃើញថា សិស្សសាលាចង់ ឬមិនចង់ ក៏ជ្រើមជ្រួលជាមួយគ្នាទៅហើយ ដោយពួកគេចង់សប្បាយ ចង់ស្គាល់អ្វីដែលពួកគេមិនធ្លាប់ជួប។ លើសពីនេះ សណ្ឋាគារ ក៏ដូចជាផ្ទះសំណាក់ ត្រូវបានគេដឹងថា សម្បូរទៅដោយក្មេងៗ នាំគ្នាឡើងនៅថ្ងៃទី១៤ កុម្ភៈ។

អ្នកវិភាគបានបន្តថា ដូច្នេះ ស្ថាប័នរដ្ឋ និងស្ថាប័នពាក់ព័ន្ធ ត្រូវតែគិតគូរ និងដាក់ចេញនូវនីតិវិធីផ្សេងៗ ទាក់ទងនឹងបញ្ហាទិវា នៃក្តី ស្រឡាញ់នេះ ឱ្យបានត្រឹមត្រូវថាតើកម្ពុជា គួរតែកំណត់កម្រិតអនុវត្តប៉ុន្មាន សម្រាប់បរិបទប្រពៃណី ទំនៀម ទម្លាប់ខ្មែរ ដើម្បីលើកកម្ពស់តម្លៃស្រ្តី ក៏ដូចជាវប្បធម៌ ប្រពៃណីឱ្យមានភាពល្អប្រសើរឡើងវិញ។

- អាជ្ញាធរ ស្វែងរកការទប់ស្កាត់ ការរួម ភេទ ក្នុងចំណោមយុវវ័យ នៅថ្ងៃបុណ្យ នៃ សេចក្ដីស្រឡាញ់

វិធានការទប់ស្កាត់ សកម្មភាព លួចរួមភេទពីសំណាក់ក្រុមយុវវ័យ និងបណ្ដា សិស្ស-និស្សិត នាថ្ងៃបុណ្យនៃសេចក្ដី ស្រឡាញ់ ដែលចូលមកដល់នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១២ នេះ ត្រូវបានដាក់ចេញ ពីសំណាក់ អាជ្ញាធរពាក់ព័ន្ធមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ។

រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី លោកស្រី ស៊ីវ៉ាន់ បុទុម បានថ្លែងប្រាប់ទី ភ្នាក់ងារក្យូដូរ កាលពីចុងសបា្ដហ៍ថា អាជ្ញាធរកម្ពុជា បានបើកយុទ្ធនាការជា សាធារណៈមួយ ដើម្បីទប់ស្កាត់ការរួមភេទ ក្នុងចំណោមយុវវ័យ និងសិស្ស-និស្សិត នៃ អំឡុងការប្រារឰពិធី ទិវាថ្ងៃនៃសេចក្ដី ស្រឡាញ់ ១៤ កុម្ភៈ ខណៈរដ្ឋាភិបាលបាន ស្វែងរកការកំណត់មួយនៃការមានផ្ទៃពោះ  ដោយមិនបានរៀបការ ក្នុងចំណោមយុវវ័យ ក្មេងៗ ។

លោកស្រី ស៊ីវ៉ាន់ បុទុម បានបញ្ជាក់ថា “យុវវ័យក្មេងៗខ្លះ មិនបានយល់ពីអត្ថន័យ នៃថ្ងៃបុណ្យសេចក្ដីស្រឡាញ់ ហើយពួកគេ បានចំណាយពេលរួមគ្នា នៅក្នុងសណ្ឋាគារ និងផ្ទះសំណាក់ ”។ សូមបញ្ជាក់ថា ទិវានៃ ថ្ងៃបុណ្យសេចក្ដីស្រឡាញ់ ១៤ កុម្ភៈ ត្រូវ បានគេមើលឃើញថា មានការពេញនិយម កាន់តែខ្លាំងឡើង ក្នុងចំណោមយុវវ័យ និង បណ្ដាសិស្ស-និស្សិត ដែលគេចពីការរៀន សូត្រ ក្នុងអំឡុងពេលនេះ ហើយណាត់ជួប គ្នា ដើម្បីធ្វើសកម្មភាពអ្វីមួយនោះ ។

ឆ្លើយតបនឹងការទប់ស្កាត់ កុំឱ្យសកម្ម ភាពលួចរួមភេទ ពីសំណាក់ក្រុមយុវវ័យ កាន់តែមានការកើនឡើងនោះ អាជ្ញាធរ មានសមត្ថកិច្ច បានចេញបម្រាមមិនឱ្យអ្នក លក់ផ្កា ដាក់តូបលក់ផ្កា ឬក៏វត្ថុអនុស្សាវរីយ៍ នៅក្បែរសាលារៀននោះឡើយ ។

លោកស្រី ស៊ីវ៉ាន់ បុទុម បានគូស បញ្ជាក់ថា អត្ថន័យនៃវីដេអូដែលមានរយៈ ពេល ៣០នាទី មានគោលបំណងអប់រំយុវ ជន ពីអត្ថន័យថ្ងៃនៃសេចក្ដីស្រឡាញ់ ហើយ អត្ថន័យក្នុងវីដេអូ ដែលនឹងចាក់ផ្សាយជូន នោះ នឹងនិយាយអំពីការចំណាយពេលវេលា នៅថ្ងៃ ១៤ កុម្ភៈ ក្នុងនោះរាប់បញ្ចូលរូប ភាពសិស្ស-និស្សិត បានជូនម្ហូបអាហារដល់ គ្រូរបស់ពួកគេ ក្នុងន័យបញ្ជាក់ថា ជាការ ដឹងគុណ ចំពោះការបង្រៀន ។

បើយោងតាមមន្ដ្រីរូបនេះ បានបញ្ជាក់ ទៀតថា ដើម្បីចូលរួមទប់ស្កាត់ចំពោះសកម្ម ភាពគេចសាលារៀនពីបណ្ដាសិស្ស-និស្សិត នៅថ្ងៃទី១៤ ខែកុម្ភៈ នេះ សាលាមួយចំនួន បានចេញកាលវិភាគប្រឡង នៅចំថ្ងៃនេះ តែម្ដង ។

គួរកត់សម្គាល់ថា មុនថ្ងៃទី១៤ ខែកុម្ភៈ មកដល់ ដែលគេនិយមហៅថា ជាថ្ងៃបុណ្យ សង្សារ ដែលឆ្លងមកពីបរទេសនោះ ត្រូវបាន គេមើលឃើញថា តូបលក់ផ្កា និងលក់គ្រឿងអនុស្សាវរីយ៍ជាច្រើន បានបើកលក់ជាហូរហែ នៅតាមបណ្ដាផ្លូវជាច្រើន ក្នុងរាជធានីភ្នំពេញ ដើម្បីអនុញ្ញាតឱ្យយុវ ជន ក៏ដូចជាយុវតីទិញផ្កាទាំងនោះ ប្រគល់ ជូនគូស្នេហ៍របស់ពួកគេ ៕

ផ្តលសិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]