តាកែវ ៖ អ្នកបើករថយន្តដឹកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនឯកជនមួយ និងព្រូរថយន្តរបស់ខ្លួន បានស្លាប់ភ្លាមៗ នៅកន្លែកកើតហេតុ បន្ទាប់ពីមានគ្រោះថ្នាក់ចរាចរណ៍មួយ ដែលបង្កឡើងដោយ រថយន្តដឹកស៊ីម៉ង់ត៍របស់ ក្រុមហ៊ុនតែមួយ បានបើកប៉ះ និងកៀរគ្នា បណ្តាលឲ្យក្រឡាប់ចូលក្នុងទឹកស្រះ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៣ ក្នុងឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ កាលពីវេលាម៉ោង ១២និង៣០នាទី យប់រំលងអធ្រាត្រចូល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១២។

លោក ឡេង ហ៊ត មន្ត្រីនគរបាលចរាចរជើងគោក ខេត្តតាកែវ បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅកន្លែងកើតហេតុថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងដោយសារ រថយន្តក្រុមហ៊ុនដឹកស៊ីម៉ង់ត៍ចំនួន ២គ្រឿង ដែលជាក្រុមហ៊ុនតែមួយ ប៉ុន្តែលោកមិនដឹងថា ជារបស់ក្រុមហ៊ុនណានោះទេ។

លោក ឡេង ហ៊ត បានបន្តថា ក្រោយពីការសាកសួរប្រជាពលរដ្ឋ នៅក្បែរកន្លែងកើតហេតុ គឺមូលហេតុដំបូងឡើយ រថយន្តធុនធំដឹកស៊ីម៉ង់ត៍ពេញមួយគ្រឿង បានខូច ហើយអ្នកបើកបរបានឈប់ នៅតាមចិញ្ចើមផ្លូវ ដើម្បីធ្វើការជួសជុល ។ ដោយសារតែជួសជុលមិនទាន់ហើយ អ្នកបើករថយន្តបានចូលទៅសម្រាក នៅក្នុងកាប៊ីនរថយន្ត រីឯព្រូរថយន្តបានចងអង្រឹងដេក នៅក្រោមរថយន្ត។

មន្ត្រីនគរបាលចរាចររូបនេះ បានបន្ថែមថា លុះម៉ោងកើតហេតុខាងលើ ស្រាប់តែមានរថយន្តធុនធំ ដឹកស៊ីម៉ង់ត៍របស់ក្រុមហ៊ុនដដែលនេះ បានធ្វើដំណើរមកដល់ ហើយវ៉ា ប៉ុន្តែពេលនោះ ទំនងចាំងភ្លើង ឬប្រហែលមកពីងងុយដេក បានរេចង្កូតមកខាងស្តាំដៃ ខណៈដែលបើកវ៉ា មិនទាន់ផុត ក៏ប៉ះនិងកៀរបណ្តាលឲ្យរថយន្ត ទាំងពីរគ្រឿងក្រឡាប់ចូលទឹកស្រះ នៅក្បែរនោះ ធ្វើឲ្យអ្នកបើករថយន្ត និងព្រូរថយន្តស្លាប់ភ្លាមៗតែម្តង ។ រហូតមកដល់វេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ សាកសពអ្នកបើករថយន្ត បានគាបជាប់នៅក្នុងកាប៊ីន យកមិនទាន់ចេញនៅឡើយទេ រីឯសាកសពព្រូរថយន្តត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋ នៅទីនោះ បានជួយគាស់យកចេញ ក្រោយកើតហេតុភ្លាមៗ។

លោក ឡេង ហ៊ត បានបន្តទៀតថា ដោយឡែកអ្នកបើករថយន្តបង្កហេតុ ត្រូវបានប្រជាពលរដ្ឋនៅទីនោះ និយាយថា បានរត់គេចខ្លួនបាត់ជាមួយ ព្រូរថយន្តរបស់ខ្លួន រួមជាមួយស្ត្រីម្នាក់ទៀត ដែលគេមិនទាន់ស្គាល់អត្តសញ្ញាណ។ សាច់ញាតិមួយរូបរបស់ជនរងគ្រោះ ដែលដៃកំពុងកាន់ធូប បានប្រាប់ដើមអម្ពិលថា អ្នកបើករថយន្ត ឈ្មោះ ជុំ ចាន់ប៉ូលីន មានអាយុ៣០ឆ្នាំ ស្រុកកំណើត នៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ រីឯព្រូរថយន្តឈ្មោះ គឹង អៀង អាយុ២៣ឆ្នាំ មានស្រុកកំណើត នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រហូតមកដល់ព្រឹកថ្ងៃទី១៥ ខែកក្កដា នេះ គិតត្រឹមវេលាម៉ោង ១០និង៣០នាទី កម្លាំងសមត្ថកិច្ចបាននឹង កំពុងជួយអន្តរាគមន៍ យករថយន្តស្ទួចយកស៊ីម៉ង់ត៍ និងរថយន្តទាំងពីរគ្រឿង ចេញពីទឹកស្រះ។

នៅកន្លែងកើតហេតុ ទាំងសមត្ថកិច្ច និងប្រជាពលរដ្ឋមិនបានស្គាល់ ថាជារថយន្តដឹកស៊ីម៉ង់ត៍របស់ ក្រុមហ៊ុនណានោះទេ ប៉ុន្តែបើតាមការពិនិត្យជាក់ស្តែង នៅលើរថយន្ត មានសរសេរអក្សរ T ។ ចំពោះគ្រោះថ្នាក់ចរាចរណ៍ដ៏គួររន្ធត់នេះ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជាច្រើននាក់នៅកន្លែងកើតហេតុ ធ្វើការស្តីបន្ទោសយ៉ាងខ្លាំង ទៅអ្នកបើករថយន្តដឹកស៊ីម៉ង់ត៍ ដែលនឹងកំពុងគេចខ្លួន ថាគ្មានការប្រុងប្រយ័ត្នបន្តិចទាល់តែសោះ ទំនងជាអាងខ្លួន ជាអ្នកបើករថយន្តធុនធំ ហើយអ្នកធ្វើដំណើរផ្សេងៗទៀត គឺជាលក្ខណៈតូចតាច៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ ៖ ស៊ន សុភក្ត្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]