រាជធានីភ្នំពេញ ៖ ទោះបីជា​សព្វ​​​ថ្ងៃនេះ​​​មាន​ផលិតផល​​ខោអាវ​ថ្មីៗ​ទាន់​សម័យ​ពីបរ​ទេស​​ ក៏ដូចជា​​ផលិត​ផល​​​ក្នុង​ស្រុក​​ក៏ដោយ ក៏​​​​​​ខោអាវ​ជជុះនៅតែមាន​ការ​ពេញ​និយម​ពី​សំណាក់​​​បងប្អូន​ប្រជាពល​រដ្ឋ​ ខ្មែរ​​យើង​​ដែរ ដោយ​​សារ​តែ​ខោអាវ​ជជុះមាន​តម្លៃ​​ថោក ហើយ​​​បើ​និយាយ​​ពី​​សោភ័ណ​ភាព​​វាមាន​​ភាព​​ស្រស់​ស្អាត​​ប្រហាក់​ប្រហែល​​ នឹង​​​ខោអាវ​ថ្មី​ដែរ។​

បុរស​ម្នាក់​​សម្បុរ​សណ្តែក​បាយ​​មាឌធំ​​ក្រអាញ ​អង្គុយ​​​លើ​កៅអី​​​ភ្នាក់​​ដៃ ហើយនៅ​​ខាង​ក្រោយ​​និង​សងខាង​គាត់​មាន​សុទ្ធ​តែខោ​អាវ​និង​មួក​​រណេងរណោង​ និយាយ​​​ថា​គាត់​​​ឈ្មោះ​សៀវ ឡេង ជាអាជីវករ​​លក់​ខោអាវ​ជជុះ​​​នៅ​ផ្សារ​ដើមគ តាម​​បណ្តោយ​វិថី​ព្រះ​មុនីរ៉េត​ ។

គាត់​ប្រកប​របរ​​នេះ​ជាង២ឆ្នាំ​​​ហើយ​ ដែល​របរ​លក់​​ខោអាវជជុះ​​​​​នេះកាក់​កប​​គ្រាន់​បើ​​​ដែរ ដោយ​សារមាន​ការ​ពេញ​និយម​​ពី​សំណាក់​បងប្អូន​​ខ្មែរ​យើង ​ជាពិសេស​នៅរដូវ​ប្រាំង និង​នៅ​រដូវ​​បុណ្យ​​​ទានធំៗ​ដូចជា​ រដូវ​បុណ្យ​ចូល​ឆ្នាំខ្មែរ​​​ បុណ្យ​ភ្ជុំបិណ្ឌ​ជា​ដើម គឺលក់​ដាច់​ខ្លាំង ពីព្រោះ​បងប្អូន​​​ប្រជាពលរដ្ឋ​យើង​ទិញ​មិន​​​ត្រឹម​តែ​សម្រាប់​​​ស្លៀក​ ពាក់​​ខ្លួន​ឯងទេ​ ថែមទាំង​​សម្រាប់​យកទៅ​​​ចែក​ជូន​បងប្អូន​​នៅ​ឯស្រុក​ទៀត​ ។ ​ខោអាវជជុះ​លក់​​​​ដាច់​​ច្រើន​សម្រាប់​​​​យុវវ័យ​ ជាពិសេស​សិស្សសាលា ហើយ​ក៏​មាន​អ្នក​ធូរធារ​​​មួយ​ចំនួន​ទិញ​យកទៅ​​ស្លៀក​ពាក់​ដែរ ។ លោក​​ឱ្យដឹងថា  ខោអាវជជុះ​​មាន​​ទៅ​តាម​​ប្រភេទ​​ និង​​តម្លៃ​របស់​វា​ ប្រភេទ​​ខ្លះ​​​គាត់​លក់​​ត្រឹម​​តម្លៃ​២ដុល្លារ​ចុះ​ក្រោម ប្រភេទ​ខ្លះ​ទៀត​ចាប់ពី​៤ដុល្លារ​​ឡើង ហើយ​ក៏​មាន​​ប្រភេទ​ខ្លះ​​មាន​តម្លៃ​​រហូត​ដល់​ទៅ៥០​ ឬ៦០​​ដុល្លារ​ក៏​មាន​ដែរ ។​

​នារីម្នាក់​ឈ្មោះ​ស្រីខួច ​ជាកម្មការិនី​​​រោង​ចក្រ​មួយ​​​នៅ​ម្តុំ​​​សួន​ឧស្សា​ហកម្ម​​​កាណាឌីយ៉ា​ និយាយ​​​ថា នាង​​ចូលចិត្ត​​ទិញ​​ខោអាវជជុះ​ ពីព្រោះ​វា​​មាន​តម្លៃ​​ថោក ​ជាពិសេស​សម្រាប់​​ខ្លួន​នាងផ្ទាល់​​​ជាកម្មការិនី​​កាត់ដេរ​​ដែលទទួល​​​​ បាន​ប្រាក់​​​បៀវត្ស​​​តិចតួច​។ ម្យ៉ាង​​ទៀត ​​ខោអាវ​​ជជុះ​ ជជុះ​យើង​ក៏​អាច​ពាក់​វា​ដើរលេង​និងពាក់​​ចូលរួម​​​ក្នុង​កម្មវិធី​​ ផ្សេងៗបានដែរ ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]