ខេត្តស្វាយរៀង ៖ បុរសម្នាក់ខណៈផឹកស៊ីស្រវឹងបានយកខ្សែក្រវាត់វាយនិងទាត់ធាក់ប្រពន្ធយ៉ាងឃោរឃៅរួចចាប់ច្របាច់កថែមទៀតរហូតសន្លប់ ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១០កក្កដា វេលាម៉ោង៩យប់ នៅភូមិព្រែកចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ។
បើតាមស្រ្តីជាបងបង្កើតរបស់ស្ត្រីរងគ្រោះរៀបរាប់ថា ប្អូនស្រីគាត់ឈ្មោះស៊ិន សួន អាយុ ៣៣ឆ្នាំ ជាកម្មការិនីរោងចក្រនៅក្រុងបាវិត មានកូន២នាក់នៅក្នុងបន្ទុក រីឯបុរសជាប្តីកំណាចឈ្មោះញ៉ វណ្ណី អាយុ៣០ឆ្នាំ ជាកម្មកររោងចក្រកាត់ដេរជាមួយគ្នា ។ មុនពេលកើតហេតុ ២នាក់ប្តីប្រពន្ធមកពីធ្វើការនៅរោងចក្រទាំងអស់គ្នា តែពេលដល់ផ្ទះបុរសជាប្តីបានជួបជុំមិត្តភក្តិបង្កើតកម្មវិធីផឹកស៊ីច្រៀងលេងនៅក្នុងផ្ទះរហូតដល់ម៉ោង៩យប់ក៏ស្រវឹងជោក ។
ពេលនោះប្តីក្រឡេកមកមើលមុខប្រពន្ធឃើញប្រពន្ធធ្វើមុខដូចជាមិនសប្បាយចិត្ត ក៏ច្រឡោតខឹងស្រែកជេរស្តីដោយគ្មានមូលហេតុ រួចស្ទុះឡើងទាញខ្សែក្រវាត់ពីចង្កេះវាយប្រពន្ធជាច្រើនខ្សែក្រវាត់និងទាត់ធាក់រហូតដួលទៅនឹងដីរួចស្ទុះទៅសង្កត់ពីលើចាប់ច្របាច់ករហូតដល់សន្លប់ ។ រីឯមិត្តភក្តិដែលផឹកជាមួយគ្នាឃើញដូច្នេះក៏ឃាត់និងនាំគ្នាចាប់ចេញ បន្ទាប់មកដោយឃើញស្ត្រីជាប្រពន្ធរងរបួសធ្ងន់ជាំក និងសន្លប់ក្រុមគ្រួសារក៏ហៅរថយន្តដឹកទៅកាន់មន្ទីរពេទ្យខេត្តដើម្បីសង្គ្រោះ ។ រីឯកូនស្រីអាយុ១៣ឆ្នាំ ក៏រត់ទៅប្តឹងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រដែលនៅជិតផ្ទះ ពីភាពឃោរឃៅរបស់ឪពុកកំណាចដែលវាយទាត់ធាក់និងច្របាច់កម្តាយ ។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាម សមត្ថកិច្ចក៏ទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនបុរសជាប្តីភ្លាមៗ ដើម្បីសាកសួរនៅប៉ុស្តិ៍រដ្ឋបាលឃុំរួចកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ចាត់ការបន្ត ។ បច្ចុប្បន្ន ស្ត្រីរងគ្រោះកំពុងព្យាលនៅក្នុងមន្ទីរពេទ្យខេត្ត ៕
បញ្ចូលអត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]