ខេត្ត​តា​កែវ​​​​ ៖ យប់​ថ្ងៃ​ទី​១៣ កក្កដា ​វេ​លា​ម៉ោង​​៣​និង​៣៥​នាទី​ទៀប​ភ្លឺ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១៣២​A ចន្លោះ​​បង្គោល​គីឡូ​ម៉ែត្រ​លេខ​១២-១៣ ចំណុច​​ភូមិ​ត្រពាំង​ស្វាយ ឃុំ​​ត្រពាំ​ង​ធំ​ខាង​ជើង​ ស្រុក​ត្រាំ​កក់ រវាង​រ៉ឺ​ម៉កម៉ូតូ​​ និង​សេ​១២៥ ជិះ​បញ្ច្រាស​ទិស​គ្នា​បណ្តាល​ឱ្យ​ស្លាប់​​មនុស្ស​៤​នាក់​នៅ​នឹង​កន្លែង​ ឯ​២​នាក់​ទៀត​​របួស​ធ្ងន់​ធ្ងរ​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​បង្អែក​អង្គរ​កា ។

តាម​ការ​ឱ្យ​ដឹង​​ពី​លោក​ ឡាយ​ វ៉ាវ (​អតី​ត​​នាយក​សាលា​មង្គល​មាន​លក្ខណ៍​ចូល​និវត្តន៍​  ដែល​មាន​ទី​លំនៅ​​ក្បែរ​​កន្លែង​កើត​ហេតុ​​បាន​និយាយ​​​ថា ម៉ូូតូ​ឌ្រីម សេ​១២៥ ស៊េរី​២០០៤ ​ឡើង​ស៊េរី​២០១២ ​ដែល​ជិះ​គ្នា​៤​នាក់​ធ្វើ​ដំណើរ​​ពី​​លិចទៅ​កើត​​ ឯ​រ៉ឺ​ម៉កម៉ូតូ​​មាន​គ្នា​២​នាក់​​ធ្វើ​ដំណើរ​​ពី​ខាងកើត​​ទៅ​លិច​ បាន​បុក​គ្នា​ចំពី​មុខ​​លាន់​ដូច​រន្ទះ​​ និង​ឮ​សូរ​ស្រែក​អូយ​មួយ​មាត់​ក៏បាត់​មាត់​ឈឹង​​តែ​ម្តង​ ។ ពេល​នោះ​គាត់​ និង​បង​ប្អូន​នាំ​គ្នា​យក​ពិល​ទៅ​ចុចបញ្ចាំង​​មើល​ឃើញ​ដេក​ស្តូក​នៅ​លើ​ថ្នល់​ចំនួន​៥​នាក់ និង​ម្នាក់​ទៀត​​ខ្ទាត​ទៅ​ក្នុង​ប្រឡាយ​​ទឹក​ខាង​ត្បូង​ផ្លូវ​​ សរុប​៦​នាក់ ក្នុងនោះ​​ស្លាប់​នៅ​នឹង​កន្លែង​​ចំនួន​៤​នាក់ ។ ក្រោយ​ពេល​​ឃើញ​ហេតុ​ការណ៍​ដ៏​ធ្ងន់​ធ្ងរ​​បែប​នេះ ​លោក​គ្រូ​បាន​​ទំនាក់​ទំនង​​ទៅ​ប៉ូលិស​​ប៉ុស្តិ៍​​ឃុំ​​ត្រពាំង​ធំ​ខាង​ជើង​ និង​ទូ​រស័ព្ទ​​ទៅ​ប៉ូលិស​ស្រុក​​ត្រាំ​កក់​ ហើយ​ទាក់​ទង​ហៅ​​រថយន្ត​សង្គ្រោះ​​មក​ដឹក​អ្នក​របួស​ពីរ​នាក់​​ដែល​នៅ​មាន​ដង្ហើម​យក​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​អង្គ​រ​កា ។

​តាម​សម្តី​លោក ឃី វណ្ណា អធិការ​រង​​ស្រុក​ត្រាំ​កក់​​ទទួល​បន្ទុក​​សណ្តាប់​ធ្នាប់​ចរាចរណ៍​ជើង​គោក​បាន​ស្រាវ​ជ្រាវ​​រក​គ្រួ​សារ​​ និង​ជួយ​ធ្វើ​ចរាចរណ៍​​នៅ​កន្លែង​កើត​ហេតុ​ ហើយ​លោក​​បាន​និយាយ​ថា ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ​១២៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​កំពត​ ១A-៨៧៣៣ ​បើក​បរ​ដោយ​ឈ្មោះ​ឡេន​ សំណាង​​ ភេទប្រុស​ អាយុ​២៥​ឆ្នាំ​​ស្លាប់​នៅ​កន្លែងកើត​ហេតុ​​ជាប់​ជាមួយ​​ម៉ូតូ​​ រស់​នៅ​ភូម​ត្រពាំង​ខ្ចៅ​ ឃុំ​អូរសា​រ៉ាយ​ ស្រុក​ត្រាំ​កក់​ ខេត្តតាកែវ​ ២-ឈ្មោះ​ ឡេន​ លួន​ ​ភេទប្រុស អាយុ​២៦ឆ្នាំ​ នៅភូមិ​បឹង​សាទង​ ឃុំ​អូរសារ៉ាយ​ ​ស្រុក​ត្រាំកក់​ ​ស្លាប់​ នៅចំ​កណ្តាល​ទ្រូង​ថ្នល់​ ៣-ឈ្មោះ​​ឡាច​ ចាន់ធី​ ភេទប្រុស អាយុ​៣០​ឆ្នាំ​ រស់​នៅ​ភូមិត្រពាំងខ្ចៅ​ ឃុំ​អូរសារ៉ាយ​ ស្រុ​កត្រាំកក់​ ស្លាប់​​​ដោយ​ខ្ទាតធ្លាក់​ផុត​ពីថ្នល់​ចូល​​ក្នុងប្រឡាយ​គ្មានទឹក​ដក់​ និង​៤-ឈ្មោះ​ នេន​ ហ៊ីម​ ភេទប្រុ​ស​ អាយុ​២៥ឆ្នាំ​ នៅភូមិត្រពាំង​ខ្ចៅ​ រងរបួសធ្ងន់​ ។

ចំណែក​រ៉ឺ​ម៉ក​ម៉ូតូ​មាន​គ្នា​២នាក់ ​ជា​ជាង​កាត់កញ្ចក់​ ជិះ​ម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​ គ្មាន​ពាក់​ស្លាក​លេខ​បើ​កបរ​ដោយ​ឈ្មោះ​ស៊ឹម​ សារុំ​ ភេទប្រុស​ អាយុ​២១​ឆ្នាំ​ នៅភូមិ​ពោធិ៍​ដុះ​ ឃុំ​ត្រពាំង​ធំ​​ខាងជើង​ ស្លាប់​​នៅ​កន្លែង អ្នករួម​ដំណើរ​ឈ្មោះ​ទៀង​ តុលា​ ភេទប្រុស​ អាយុ​២២​ឆ្នាំ​ ​នៅភូមិ​ពោធិ៍​ដុះ​ ឃុំ​ត្រពាំង​​ធំខាងជើង​​ ស្រុងត្រាំកក់​ ខេត្តតាកែវ​ រងរបួសធ្ងន់​ ។

លោក​ឃី​ វណ្ណា​ អធិការរង​ស្រុក​ត្រាំកក់​បានគូសបញ្ជាក់ថា ម៉ូតូ​សេ​១២៥ បើក​មកពីទិស​ខាងលិច​ ដែលជិះគ្នា​បួន​នាក់​ គ្មាន​ពាក់​មួក​​​សុវត្ថិភាព​ ហើយវ៉ា​រថយន្ត​មួយ​គ្រឿង​ក្នុង​ល្បឿន​លឿន​បានមក​បុក​​រ៉ឺ​ម៉ក​ម៉ូតូ​ ដោយ​គ្មានអំពូល​​​ភ្លើងបំភ្លឺ​ផ្លូវ​​មា​នតែ​ភ្លើង​ក្បាល​ពិល​បំភ្លឺ​ប៉ុណ្ណោះ​ ទំនង​មើល​មិន​ច្បាស់​ ឬ​ពុំ​ចាប់​អារម្មណ៍​ ទើប​បើក​បុក​បណ្តា​​ល​ឱ្យ​​ស្លាប់​ និង​របួស​​រដូក​រណែល​ពេញ​ថ្នល់​​បែប​នេះ ។

លោក​អធិការ​រង​ទទួល​បន្ទុក​ចរាចរណ៍​ស្រុក​ត្រាំកក់​បាន​សំណូម​ពរ​​សុំ​ឱ្យ​ប្រជា​ពលរដ្ឋ​​ដែល​ធ្វើ​ដំណើរ​​តាម​ដង​ផ្លូវ​នានា​​ក្នុង​ពេល​យប់​ក្តី​ ថ្ងៃ​ក្តី​សុំ​ឱ្យ​ពាក់​មួក​​សុវត្ថិ​ភាព​​ឱ្យ​បាន​គ្រប់​ៗ​គ្នា និងយាន​យន្ត​ត្រូវ​​មាន​ភ្លើង​ស្តុប ស៊ីញ៉ូ ឆ្វេង​ស្តាំ ភ្លើង​បំភ្លឺ​ផ្លូវ​ឱ្យ​បាន​គ្រប់​គ្រាន់​​ដើម្បី​ចៀស​​វាង​​គ្រោះថ្នាក់​​​​ដែល​កើត​មាន​​ឡើង​ជា​យថា​ហេតុ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]