កណ្តាល ៖ អ្នកធ្វើដំណើរតាមផ្លូវម្នាក់ បានខ្ទាតប៉ើងធ្លាក់ចូលប្រឡាយទឹកស្លាប់ភ្លាមៗ នៅកន្លែកើតហេតុ រីឯម៉ូតូរបស់ខ្លួនត្រូវបានរថយន្តម៉ាក Tundra បុកហើយអូសចម្ងាយ ២គីឡូម៉ែត្រ រួចឈប់រថយន្តគេចខ្លួន បាត់តែម្តង។

គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោងប្រហែល ៥ ល្ងាចថ្ងៃទី១៤ ខែកក្កដា នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ ១ ទល់មុខវត្តកោះ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

សេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូម៉ាក សេ ១២៥ ស៊េរីឆ្នាំ២០១២ តែម្នាក់ឯង នៅតាមបណ្តោយផ្លូវជាតិលេខ ១ ស្រាប់តែដល់មុខវត្តកោះ ក៏ត្រូវរថយន្ត Tundra ពណ៌ស ពាក់ស្លាកលេខ ខេមរភូមិន្ទ ២-៨១៦៨ បុកចំពីមុខពេញមួយទំហឹង បណ្តាល ឲ្យជនរងគ្រោះប៉ើងធ្លាក់ចូលទឹក ប្រឡាយនៅជាប់ផ្លូវជាតិ ស្លាប់ភ្លាមៗតែម្តង រីឯម៉ូតូរបស់ជនរងគ្រោះ ត្រូវបានរថយន្តអូសចម្ងាយប្រហែល ២គីឡូម៉ែត្រ ទើបឈប់ ហើយអ្នកបើកបរ រួមទាំងអ្នកជិះ ក្នុងរថយន្ត ចំនួន ៤នាក់ ក្នុងនោះស្រី ២នាក់ បានរត់គេចខ្លួនបាត់។

ជនរងគ្រោះមិនទាន់ត្រូវបានសមត្ថកិច្ច បញ្ជាក់ពីអត្តសញ្ញាណទេ ប៉ុន្តែមានអាយុជិត ៣០ឆ្នាំ ហើយរស់នៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅវាស់វែង ហើយស្ទួច យកម៉ូតូ និងរថយន្តបង្កហេតុ ទៅរក្សាទុក ដើម្បីដោះស្រាយបន្តទៀត ខណៈដែលអ្នកបើករថយន្ត និងអ្នក រួមដំណើរដែលគេមិនស្គាល់អត្តសញ្ញាណ បាននឹងកំពុងរត់គេចខ្លួន៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]