ភ្នំពេញ៖ បន្ទាប់ពីមានបណ្តាញ សារព័ត៌មានក្នុងស្រុក មួយបានធ្វើការចុះផ្សាយ ជាសាធារណៈ កាលពីពេលថ្មីៗនេះ ស្ដែងពីឈុតឆាក ដែលលោក ទិត្យ វិច្ឆិកា និងកញ្ញា ទឹម រដ្ឋា រួមជាមួយ តារាផ្សេងទៀត បានសម្តែង ឈុតកំប្លែងមួយ ប៉ុន្តែមិនទាន់បាន មួយសប្តាហ៍ ស្រួលបួលផង ស្រាប់តែតារាចម្រៀង បុរសមាឌធំ ទិត្យ វិច្ឆិកា បានចេញមុខ ប្រតិកម្មយ៉ាងខ្លាំង ទៅលើការ ចុះផ្សាយនោះថា ជាការមើលងាយ និងជាន់ឈ្លី កិត្តិយសរបស់លោក និងស្នើឲ្យមាន ការកែសម្រួល ជាប្រញាប់ បើមិនដូច្នេះទេ លោកនឹងដាក់ ពាក្យប្តឹងទៅតុលាការ ដើម្បីទាមទារសំណង ជំងឺចិត្ត១លានដុល្លារ ជាក់ជាមិនខានឡើយ ។

នៅពេលថ្មីៗនេះ តារាចម្រៀងបុរស មាឌធំលោក ទិត្យ វិច្ឆិកា បានបង្ហាញឃ្លីបវីដេអូមួយ មានរយៈពេល ជិត៧នាទី រៀបរាប់ពីអារម្មណ៍ ឈឺចាប់ក្នុងចិត្ត របស់លោក ដោយបើកចំហរថា ប៉ុន្មានថ្ងៃមុននេះ មានវេបសាយ មួយបានធ្វើការ ចុះផ្សាយមើលងាយ កិត្តិយសរបស់លោក ដោយសរសេរថា «ប្អូនស្រី ទឹម រដ្ឋា មានសង្សារជា ជនពាល ត្រូវខូចចិត្ត ជាលើកទី២» លោកចង់និយាយថា ពេលដែលលោកចូលរួម ក្នុងកម្មវិធីទូរទស្សន៍នោះ លោកមិនបានដឹងទេថា គេតម្រូវឲ្យលោកសម្តែង ជាតួបែបនោះ បើសិនជាដឹង លោកដាច់ខាត មិនសម្តែងឡើយ ព្រោះថា វាធ្វើឲ្យប៉ះពាល់ កិត្តិយស របស់លោកខ្លាំងណាស់ ។

លោក ទិត្យ វិច្ឆិកា បានរៀបរាប់ទាំងអារម្មណ៍ ឈឺចាប់ទៀតថា «ខ្ញុំនៅចាំថា កាលពីឆ្នាំ២០០៤ ខ្ញុំធ្លាប់ក្លាយជាតារា មួយដួង ដែលមាន ពន្លករះលើវិថីសិល្បៈ តែដោយសារតែមាន អ្នកឈ្នានីស ចង់ជាន់ឈ្លីខ្ញុំ កប់នឹងដី ក៏បានវាយប្រហារ បំផ្លាញខ្ញុំ ដោយគេបានរិះគន់ថា ខ្ញុំបំផ្លាញបេតិកភណ្ឌ ជាតិគឺបទ សូរិយាអស្តង្គត ចុះផ្សាយវាយប្រហារខ្ញុំ ដោយមិនសំចៃដៃ ឆាកជីវិតខ្ញុំ នៅលើវិថីសិល្បៈ ត្រូវបានឆារចោល ខ្ញុំត្រូវរស់នៅ ប្រៀបដូចជា មនុស្សសំរាមសម្ងំ នៅក្នុងព្រៃភ្នំវេទនា ជាមួយកងទ័ព អស់ពេល១០ឆ្នាំ ។ តែដល់ឆ្នាំ ២០១៥នេះ គ្រាន់តែខ្ញុំ ចេញមុខក្នុង កម្មវិធីទូរទស្សន៍បន្តិច ក៏ស្រាប់តែមាន ការរិះគន់ថា ខ្ញុំជាក្មេងពាលទៀត» ។

ម្ចាស់បទ «សូរិយាអស្តង្គត» រូបនេះបានរៀបរាប់ ដោយចោទជាសំណួរទៀតថា លោកចង់ចូលរួម លុបបំបាត់ការ យកបទចម្រៀងពីបរទេស មកច្រៀង ឈប់ចម្លងពីគេ ហើយពេលនោះ លោកក៏បានស្នើ ទៅខាងម្ចាស់ ផលិតកម្ម យកបទដូនតា (សូរិយាអស្តង្គត) មកច្រៀង តែគេបែរជាវាយប្រហារ លោកមិនសំចៃដៃ ជាន់ឈ្លី លោករហូតមិន អាចងើបឈរបាន ។ តែអ្វីដែលលោកឆ្ងល់ គឺពេលដែល តារាជំនាន់ក្រោយ គេចម្លងបទបរទេស មកច្រៀងរងការ រិះគន់ប្រមាថ មើលងាយ ពីប្រទេសជិតខាង តែគេបែរជា ក្លាយជាតារាល្បី ហេតុអីទៅ?...។

លោក ទិត្យ វិច្ឆិកា បាននិយាយដោយ កំហឹងបូករួម ជាមួយអារម្មណ៍ ឈឺចាប់ទៀតថា «ខ្ញុំពិតជាឈឺចាប់ណាស់ ហេតុអីគេ នៅតែចាំបំផ្លាញខ្ញុំ គ្រប់ដង្ហើមបែបនេះ តែខ្ញុំសុំប្រកាសថា ខ្ញុំឈប់ទន់ជ្រាយ ទៀតហើយ ដូច្នេះខ្ញុំចង់ ផ្តាំទៅសារព័ត៌មាន នោះថា គេត្រូវចាំបាច់ធ្វើការ កែសម្រួលអត្ថបទ និងចំណងជើងគេ ឲ្យបានកាន់តែឆាប់ ខ្ញុំទុកពេលឲ្យរហូត ដល់ចូលឆ្នាំខ្មែររួច បើមិនកែទេ ខ្ញុំនឹងដាក់ពាក្យបណ្តឹង ទៅតុលាការពីបទ "បរិហារកេរ្តិ៍ខ្ញុំ ធ្វើឲ្យខ្ញុំខូច កិត្តិយស" ហើយខ្ញុំនឹងទាមទារ សំណងជំងឺ ចិត្ត១លានដុល្លារ ហើយបើសិនជា ខ្ញុំចាញ់ក្តីនេះ រងភាពអយុតិ្តធម៌ ខ្ញុំនឹងចាក់សាំងដុតខ្លួនឯង ខ្ញុំនិយាយមែនទែន ព្រោះថា ខ្ញុំពិតជាមានអារម្មណ៍ឈឺ ចាប់ខ្លាំងណាស់» ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទិត្យ វិច្ឆិកា