ខេត្ត​កំពង់​ឆ្នាំង ៖​​ ​បុរសវ័យ៨០​ឆ្នាំ​ម្នាក់​រួម​ដំណើរ​ជាមួយ​ក្មួយ​ប្រុស​ម្នាក់​ផង កាល​ពីព្រឹក​ថ្ងៃ​ទី១២​ ​កក្កដា បានមក​កាន់ការិយាល័យ​សិទ្ធិ​​មនុស្ស​អាដហុកខេត្ត​ ​ដើម្បីឱ្យ​ជួយ​រក​កូន​ស្រី​ដែល​​​​​ចេញ​ទៅ​ធ្វើ​ការ​នៅប្រទេស​ម៉ាឡេស៊ី រយៈ​ពេល​ជាង​២ឆ្នាំ​ហើយមិន​ឃើញ​ត្រឡប់​មក​វិញ​សោះ សូម្បី​តែដំណឹង​ក៏គ្មាន ឯ​ខាង​ក្រុម​ហ៊ុន​ទូរស័ព្ទ​ប្រាប់ថា នាង​បាន​រត់​ចេញ​ពីផ្ទះ​ថៅកែ​បាត់​ខ្លួនយូរ​ណាស់​មក​ហើយ ។

នៅចំពោះមុខមន្រ្តី​សិទ្ធិ​មនុស្ស​អាដហុក បុរស​វ័យ​ចំណាស់ក្នុង​ទឹក​មុខ​ពេញ​ដោយ​ទុក្ខ​ព្រួយ ស្បែកជ្រីវ​ជ្រួញ ថ្ពាល់ខូង​ ដោយ​សារ​គ្មាន​ធ្មេញ​ទប់ បា​ន​និយាយរៀប​រាប់​ថា រូប​គាត់​​​ឈ្មោះ​ឆាយ អូន ​មាន​ទីលំ​នៅភូមិ​អូរ​​រូង ឃុំ​ជ្រៃ​បាក់ ស្រុក​រលា​ប្អៀរ ។ កូន​ស្រី​គាត់​ដែល​​​ទៅ​ធ្វើ​ការ​​នៅប្រទេសមា៉ឡេស៊ី​ ហើយ​បាត់​ដំណឹង​នោះ​​ឈ្មោះ​ឆាយ​ អ៊ីម អាយុ ៣២​​ឆ្នាំ។ កូន​ស្រី​គាត់​​បាន​​ចេញ​​​ពីផ្ទះ​ទៅ​រស់​នៅ​ក្នុង​ក្រុមហ៊ុន​ថប​មែន​ផៅវ័រ នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ២០០៩ ហើយ​​ឡើង​យន្តហោះ​ទៅធ្វើការ​នៅប្រទេស​ម៉ា​ឡេស៊ី​ នៅ​ថ្ងៃទី៦ ​កុម្ភៈ ឆ្នាំ២០១០​។​ ក្រោយ​​ពី​​ទៅរស់​នៅ​​ប្រទេស​មា៉​ឡេស៊ី បាន​៣ខែនាង​ទូរស័ព្ទមក​ប្រាប់ថា​ នាង​​សុខ​សប្បាយ​ទេ ប៉ុន្តែចាប់តាំង​ពី​ពេល​​នោះមក​ក៏​បាត់​ដំណឹង​ឈឹងតែម្តង​ ។

លោកតាវ័យ៨០ឆ្នាំរូប​នេះ​​បន្តថា ក្រោយ​​មក​​គាត់​បាន​ទូរស័ព្ទ​ទៅ​ក្រុម​ហ៊ុន ហើយ​ត្រូវ​ឈ្មោះហ៊ាង សុខលី តំណាង​ក្រុម​ហ៊ុន​​ប្រាប់​គាត់​ថា​​ កូនស្រីគាត់បាន​រត់ចេញ​ពីផ្ទះ​ថៅកែ​តាំង​ពី​នាង​​ទៅរស់​នៅ​ជា​មួយ​ថៅកែ​បាន​ ១០​ខែ​ម៉្លេះ ដោយ​ចោទ​កូន​ស្រី​គាត់​ថា មាន​សង្សារ​​ ហើយ​រត់​​ចេញ​ពីផ្ទះថៅកែដែលពេល​នេះ​ខាង​ក្រុម​ហ៊ុន​បានប្តឹងប៉ូលិសម៉ាឡេស៊ី​ រួច​ហើយ​ដើម្បី​ឱ្យ​ជួយ​រក​នាង​ ។ លោកតា​បន្តថា មក​ដល់​ពេល​នេះ​មាន​​រយៈ​ពេល​២ឆ្នាំ​កន្លះ​ហើយ​ដែល​កូន​ស្រី​គាត់​បាន​ បាត់ខ្លួន​នៅ​ប្រទេស​ម៉ាឡេ​ស៊ី ហើយ​ចាប់​តាំង​​ពីពេល​ចេញ​ទៅនាង​មិន​ដែល​បាន​ផ្ញើលុយ​កាក់​មក​គាត់​សោះ ។ សព្វថ្ងៃនេះគាត់​ចាស់​ជរា​រស់​នៅ២នាក់ប្រពន្ធ ឈ្មោះ​សោម យឿន អាយុ​៧៨ឆ្នាំ ទទួលបន្ទុក​ចិញ្ចឹម​ចៅ​៧​នាក់​ថែម​​ទៀត​ ដែល​ចៅ​ធំបង្អស់​អាយុ១៣​ឆ្នាំ និង​ចៅ​តូច​បង្អស់​អាយុ៣​ឆ្នាំ។

លោក​តាបន្ត​ទៀត​ថា ក្នុង​ចំណោម​ចៅ​ទាំង​៧​នាក់ មាន​ចៅ៣នាក់​ជាកូន​របស់​ឈ្មោះឆាយ អុីម ដែល​បាត់​ខ្លួន​នៅ​ប្រទេស​ម៉ាឡេស៊ី ចំណែក​ចៅ៤​នាក់​ទៀត​គឺជាកូន​របស់​ឈ្មោះឆាយ ញ៉ អាយុ៤៥​ឆ្នាំ ជា​កូន​ស្រីគាត់​ដែល​បាន​បាត់​ខ្លួន​នៅ​ប្រទេស​ថៃពេល​នាង​ទៅ​ធ្វើការ​មិន​ ស្រប​ច្បាប់ ។

លោកសំ ចាន់គា មន្រ្តីសិទ្ធិ​មនុស្ស​អាដហុក​ ​​និយាយ​ថា បន្ទាប់​ពីបាន​ទទួល​បណ្តឹង​នេះ​លោក​នឹងដាក់​ជូន​ក្រសួង​មហា​ផ្ទៃ​ដើម្បី​ឱ្យ ​ជួយ​រក​ពល​ការិនី​ដែល​បាត់ខ្លួននេះ ។ ​កន្លង​មក​ក្រោយ​ពី​ទទួល​​បណ្តឹងពី​ពល​ការិនីដែល​បាត់​ខ្លួន​​ ក្រសួង​មហា​ផ្ទៃ​បាន​ស្រាវ​ជ្រាវ​ជួយ​រក​ឃើញ​ និង​បាន​ត្រឡប់​​មក​ស្រុក​វិញខ្លះៗ​ហើយដែរ ។ លោក​បាន​បញ្ជាក់​​ថា មក​ដល់​ពេល​នេះ​ការិយា​ល័យ​របស់​​លោក​បាន​ទទួល​ពាក្យ​បណ្តឹងជា​ច្រើន​ស្តីពី ​ការ​បាត់​ខ្លួន​ពលការិនី​នេះ​​ ចំណែកឯបណ្តឹង​ស្តីពីការធ្វើ​ទារុណ​កម្ម​របស់​ថោកែ​ម៉ាឡេស៊ី​មក​លើពលការិនី រហូត​មាន​ស្លាក​ស្នាម​ក៏មាន​ច្រើន​ដែរ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]