ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍ ដែលមិនគួរឱ្យ កើតមានមួយ រវាងម៉ូតូបុកនឹងម៉ូតូ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង៣នាក់ទៀត រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ប៉ុន្ដែក្នុងនោះម្នាក់ រងរបួសធ្ងន់ពេក ក៏ត្រូវដឹកបញ្ជូនទៅសង្គ្រោះបន្ដ នៅមន្ទីរពេទ្យកាល់ម៉ែត ហេតុការគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១៩និង១៥ នាទី ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១២ ស្ថិតនៅតាមបណ្ដោយផ្លូវ ១២១០ ភូមិព្រែករុន្ធ ឃុំព្រែកគយ ស្រុកស្អាង ខេត្ដកណ្ដាល។

លោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់ បង់ជីវិតនោះមានឈ្មោះ គូ ណាត ភេទប្រុស អាយុ ២៣ឆ្នាំ មានមុខរបរជាកម្មកររោងចក្រ រស់នៅភូមិទួលខ្មួញ ឃុំទឹកវិល ស្រុកស្អាង ខេត្ដកណ្ដាល និងអ្នករួមដំណើរពីក្រោយ ឈ្មោះ ជ្រឹង ភាន់ ភេទប្រុស អាយុ ២៥ឆ្នាំ មានមុខរបរជា កសិកររស់នៅ ភូមិលេខ២ ឃុំប្រាសាទ ស្រុកស្អាង ខេត្ដកណ្ដាល រងរបួស។ អ្នកទាំងពីរជិះម៉ូតូមួយ គ្រឿងគុបមូលសេ ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ កណ្ដាល 1B-8316 ក្នុងទិសដៅពីលិចទៅកើត។ ចំណែកម៉ូតូភាគីម្ខាងទៀត ម៉ាក១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AE -0741 អ្នកបើកបរឈ្មោះ អឿន សំអុល ភេទប្រុស អាយុ ៣២ ឆ្នាំ មានមុខរបរជាមីក្រូហិរញ្ញវត្ថុ ក្រេឌីត (បុគ្គលិក) រស់នៅភូមិសួងកើត ឃុំសួង ស្រុកត្បូងឃ្មុំ ខេត្ដកំពង់ចាម រងរបួសធ្ងន់ធ្ងរ និង អ្នករួមដំណើរមានឈ្មោះ អ៊ុន សំណាង ភេទ ប្រុសអាយុ ៤៩ឆ្នាំ មានមុខរបរជាកសិកររស់ នៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្ដ កណ្ដាល រងរបួស ។

លោក សេង សុជាតិ បានបន្ដទៀតថា ជនរងគ្រោះរបួសទាំង៣នាក់ បន្ទាប់ពីកើតត្រូវដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យបង្អែក ស្រុកស្អាងជាបន្ទាន់ ដោយឡែកឈ្មោះ អឿន សំអុល រងរបួសធ្ងន់ធ្ងរពេក ត្រូវដឹកបញ្ជូនបន្ដទៅសង្គ្រោះនៅមន្ទីរ ពេទ្យកាល់ម៉ែត ចំណែកឯម៉ូតូរងការខូចខាតយ៉ាងដំណំ ត្រូវកម្លាំងរបស់លោកយក មករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំដោយស្រាយគ្នាជាក្រោយ។

ចុងក្រោយលោកបាន អំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងធ្វើដោយអ្វីក៏ដោយ សូមឱ្យមានការប្រុងខ្ពស់បំផុត ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ ដែលអាចកើតឡើង ជាយថាហេតុណាមួយ៕

www.dap-news.com

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]