ភ្នំពេញ៖ មនុស្សគ្រប់រូប តែងមានក្តីប្រាថ្នា និងទេពកោសល្យរៀងៗខ្លួន ប្រសិនបើយើងមិនចេះ កំណត់គោលដៅជីវិត និងប្រើប្រាស់ ទេពកោសល្យ ដែលខ្លួនមានទេ នោះជីវិតរបស់យើង ប្រៀបដូចជាក្បូន រសាត់គ្មានកោះត្រើយដូច្នេះដែរ។ គ្រប់បុគ្គលជោគជ័យ ទាំងអស់ក្នុង ពិភពលោកយើងនេះ ពួកគេសុទ្ធតែអភិវឌ្ឍន៍ ជំនាញ និងទេពកោសល្យរបស់ខ្លួន ដោយកំណត់នូវគោលដៅជាក់លាក់ ព្រមទាំងពុះពាររាល់ឧបសគ្គ ដើម្បីសំរេច នូវក្តីប្រាថ្នារបស់ខ្លួន។ ដោយមានក្តីប្រាថ្នា និងការតាំងចិត្តមុះមុត ទើបធ្វើអោយកូនខ្មែរម្នាក់ ដែលអតីតកាល មានជីវភាពមិនសូវជាធូរធារ បានអភិវឌ្ឍន៍ខ្លួនក្លាយជា អ្នកច្នៃម៉ូតវ័យក្មេង ដែលមានទេពកោសល្យ និងមានការគាំទ្រជាច្រើន ព្រមទាំងបានចូលរួម បង្ហាញស្នាដៃក្នុងកម្មវិធីធំៗ ជាច្រើនផងដែរ។


លោក ហ៊ុង ឈីន

ក្នុងទស្សនៈ ចង់អោយកម្ពុជា មានមុខមាត់ក្នុងវិស័យច្នៃម៉ូត លោក ហ៊ុង ឈីន អាយុ ២៣ឆ្នាំ និងជាម្ចាស់ហាង សំលៀកបំពាក់ ដែលច្នៃដោយដៃខ្លួនផ្ទាល់ មានយីហោរ ដុកទ័រហ្វេសិន (Dr. Fashion) បានចាប់យកអាជីព ជាអ្នកច្នៃម៉ូតសំលៀកបំពាក់ ប្លែកៗ និងមានភាពស្រស់ស្អាត សំរាប់តម្រូវការ មនុស្សគ្រប់វ័យ និងសំរាប់ចូលរួម ស្ទើរគ្រប់កម្មវិធីផងដែរ។ ជាមួយនឹងទឹកមុខរីករាយ លោក ឈីន បានផ្តល់កិច្ចសម្ភាសន៍ ដល់ក្រុមការងារខ្មែរឡូត អំពីជីវិត ការតស៊ូ និងបទពិសោធន៍ផ្សេងៗ យ៉ាងក្បោះក្បាយ។ 

លោក ឈីន បាននិយាយប្រាប់ថា លោកមានទឹកចិត្តស្រឡាញ់ វិស័យច្នៃម៉ូតនេះ តាំងពីលោកដឹងក្តីមកម្ល៉េះ ដែលកាលពីក្មេង លោកចូលចិត្តធ្វើអ្វីៗ ទាក់ទង នឹងការរចនាម៉ូតផ្សេងៗ។ ដោយឃើញពីទេពកោសល្យ និងចំណង់ចំណូលចិត្ត ដែលខ្លួនមានពីកំណើត ផងនោះ លោកបានសំរេចចិត្ត ចូលរៀនផ្នែកច្នៃម៉ូត សំលៀកបំពាក់ នៅសាកលវិទ្យាល័យ Limkokwing បន្ទាប់ពីប្រឡងបាក់ឌុបជាប់។ មិនខ្វល់នឹងការរិះគន់ និងការជំទាស់ពីមិត្តភក្តិ និងក្រុមគ្រួសារ លោក ឈីន បានសំរេចចិត្តចូលរៀន ជំនាញនេះ ដោយគ្មានរុញរា។ មានមិត្តភក្តិខ្លះ បាននិយាយទៅកាន់គាត់ថា "ឈីនឯងរៀនអាហ្នឹងធ្វើអី? គេរៀនកាត់ដេរ តែ២-៣ខែចេះបាត់ហើយ!" ប៉ុន្តែគាត់មិនបានតបត ឫបោះបង់ចោលក្តីប្រាថ្នានោះទេ ព្រោះយល់ថា មិត្តភក្តិទាំងនោះ ពួកគាត់គ្មានគំនិត អាក្រក់នោះទេ គ្រាន់តែគាត់មិនបាន យល់ពីជំនាញនេះ អោយបានច្បាស់ ដោយគិតថាជំនាញច្នៃម៉ូត និងការកាត់ដេរ គឺដូចគ្នា តាមពិតវាជាជំនាញ ពីរផ្សេងគ្នា ប៉ុន្តែវាធ្វើការជាមួយគ្នា។ ក្រោយពីអង្វរ-ក ឪពុកម្តាយ ជារឿយៗ ទើបឪពុកម្តាយរបស់គាត់ ព្រមអោយគាត់ចាប់យកជំនាញនេះ ទាំងមិនពេញចិត្ត។

លោក ឈីន ក៏បានបន្ថែមថា ពេលរៀនដល់ឆ្នាំទី២ លោកក៏មានគំនិតចេញ ម៉ូតខ្លួនឯង ហើយចាប់ផ្តើម ច្នៃសំលៀកបំពាក់ បោះតាមហាងបណ្តើរៗ ដើម្បីយកប្រាក់ទប់ទល់ នឹងការសិក្សា ព្រោះថានៅសាលា គាត់ត្រូវចំណាយលុយច្រើន ពេលគ្រូដាក់ គំរោងឲ្យធ្វើមួយៗ។ ទាំងខ្លួនកំពុងរវល់នឹងការរៀនសូត្រ ចំនែកឯសាលា ក៏នៅឆ្ងាយពីផ្ទះផងនោះ លោកត្រូវអង្គុយដេរ សំលៀកបំពាក់ ដល់យប់ជ្រៅយ៉ាងនឿយហត់ ពេលមកដល់ផ្ទះវិញ មានពេលខ្លះគេង បានតែ១ម៉ោង-២ម៉ោងក៏មាន។ សំណាងល្អដែរ កាលគ្រានោះ មានមិត្តភក្តិល្អរបស់គាត់១រូប បានឃើញពីបញ្ហាជីវភាព របស់គាត់ ទើបសំរេចចិត្ត ឲ្យគាត់ខ្ចីលុយ ទិញម៉ាស៊ីនដេរ១គ្រឿង ដេរត្រុកៗនឹងគេ នឹងឯងដែរទៅ។ លោកថា ព្រោះតែមិត្តភក្តិ មួយរូបនោះហើយ ទើបធ្វើអោយគាត់ មិនបោះបង់ចោលជំនាញនេះ ទោះជាពេលខ្លះលោក នឿយហត់ពន់ពេក ចង់បោះបង់វាចោល ជាច្រើនដងក៏ដោយ អោយតែនឹកគិតដល់រឿងហ្នឹង គាត់តស៊ូងើបឡើង និងបន្តក្តីស្រមៃរបស់គាត់ទៀត ព្រោះមិនចង់ឲ្យមិត្តភក្តិរូបនោះ និងអ្នកជុំវិញខ្លួនគិតថា គាត់ជាមនុស្សគ្មានប្រយោជន៍នោះទេ។

បច្ចុប្បន្ននេះ លោក ឈីន បានក្លាយជាអ្នក ច្នៃម៉ូតមួយរូប ដ៏មានទេពកោសល្យ ដែលស្នាដៃរបស់លោក មានការគាំទ្រច្រើន រហូតដល់បានចូល បង្ហាញស្នាដៃ ក្នុងកម្មវិធីធំៗ ដូចជា Cambodia Fashion Week, The Exhibition and Beauty, Nexgen Designer, Fashion Illumination...ជាដើម ហើយក៏មានក្រុមហ៊ុន និងអ្នករៀបចំកម្មវិធីមួយចំនួន ទាក់ទងរូបលោក ធ្វើគំរោងធំៗ ផងដែរ។ រាល់សំលៀកបំពាក់ ទាំងអស់ដែលបាន តាំងលក់ គឺសុទ្ធសឹងជា ផលិតផលដែលគាត់ច្នៃម៉ូត និងកាត់ដេរដោយផ្ទាល់ដៃ ហើយមានពេលខ្លះ ក៏មានជំនួយពីកូនជាង និងដៃគូសហការផងដែរ ចំពោះគំរោងធំៗ ដូចជាការដើរម៉ូតជាដើម។ ចំពោះសាច់ក្រណាត់ និងគ្រឿងតុបតែង លំអរផ្សេងៗ លោកបានទិញចូលពីប្រទេស ជិតខាង ដូចជា ថៃ ចិន វៀតណាម ជាដើម -ល-។ លោកក៏បានបញ្ជាក់ផងដែរថា វាក៏មានការលំបាកដែរ នៅពេលខ្លះយើង មានគំនិតចង់ធ្វើវា តែយើងរកវត្ថុធាតុអត់បាន ចឹងហើយវាជារបាំង នៃការរចនាម៉ូត អោយបានប្លែកៗ ដើម្បីប្រកួតប្រជែង ជាមួយនឹងអ្នកច្នៃម៉ូត សំលៀកបំពាក់ ដ៏ទៃទៀតនៅស្រុកគេ។

ទោះបីជាសំលៀកបំពាក់ ដែលលោករចនាម៉ូតឡើង មានការគាំទ្រភាគច្រើន ប៉ុន្តែក៏មានមនុស្សមួយចំនួនតូច រិះគន់មិនគាំទ្រផងដែរ ព្រោះថានៅពេលដែលលោក ព្យាយាមធ្វើម៉ូតអ្វីឲ្យប្លែក គឺមានមតិមកលើ រូបលោកថា "អ៊ឺរ៉ុបពេកហើយ បាត់បង់ភាពជាខ្មែរ" ហើយនៅពេលដែល ម៉ូតច្របាច់ចូលគ្នា រវាងលក្ខណៈខ្មែរ និងអ៊ឺរ៉ុប គឺគេរិះគន់ថា "ម៉ូតមើលមិនយល់ មិនដឹងជារបស់អ្វី?" ចំណែកពេលដែល ច្នៃម៉ូតឡើងជា លក្ខណៈខ្មែរ គេថា "គ្មានគំនិតអ្វីប្លែក មើលទៅដដែលៗ" ប៉ុន្តែលោកក៏មិនមានការ អាក់អន់ស្រពន់ចិត្តអី្វដែរ គឺលោកមានតែព្យាយាម អភិវឌ្ឍន៍ស្នាដៃ អោយកាន់តែល្អ ជាងមុនតែប៉ុណ្ណោះ លោកបាននិយាយថា "វាដូចជាសម្លរ មួយឆ្នាំងដូច្នេះដែរ មិនអាចតម្រូវមាត់ មនុស្សគ្រប់គ្នានោះទេ អ្នកដែលគាត់យល់ច្បាស់ពី ហ្វេសិន គាត់ក៏សរសើរយើងទៅ អ្នកមិនយល់ គាត់រិះគន់ជារឿងធម្មតា ប៉ុន្តែការរិះគន់ក៏ធ្វើអោយ ខ្ញុំកែប្រែបានច្រើនដែរ"។ 

មកដល់សព្វថ្ងៃនេះ ហាងសំលៀកបំពាក់ របស់លោក គឺមានការគាំទ្រ ជាពិសេសពីសំណាក់យុវវ័យ ព្រោះថាពួកគេអាច ទទួលបាននូវសំលៀកបំពាក់ផលិតដោយ ដៃកូនខ្មែរផ្ទាល់ និងមានម៉ូតប្លែកៗ ហើយមានតំលៃថោក ចាប់ពី ១០$ ឡើងទៅផងដែរ ដែលនេះជាតំលៃ មិនគួរអោយជឿព្រោះ រាល់ផលិតផលនិមួយៗ គឺរចនាម៉ូត កាត់ ដេរ ដោយដៃផ្ទាល់។ លោកក៏បាន បញ្ជាក់ផងដែរថា ចំពោះតំលៃនេះ វាមិនសមនឹងកំលំាង ញើសឈាម និងខួរក្បាល ដែលខិតខំរិះរក ម៉ូតប្លែកៗ និងស្រស់ស្អាតនោះទេ តែដោយសារ ចង់បង្ហាញស្នាដៃ និងចូលចិត្តចំពោះ វិស័យនេះទើប គាត់ចង់អោយ មនុស្សគ្រប់គ្នា ស្គាល់ពីស្នាដៃនៃ អ្នកច្នៃម៉ូតជនជាតិខ្មែរ មួយរូបដូចជារូបគាត់។

ជាចុងក្រោយ លោក ឈីន ក៏បានថ្លែងអំណរគុណ ដល់ក្រុមការងារ ខ្មែរឡូតដែលបាន ធ្វើកិច្ចសម្ភាសន៍ជាមួយរូបគាត់ ហើយលោកមាន សេចក្តីថ្លែងអំណរគុណ ជាខ្លាំងដល់ប្រិយមិត្ត ទាំងអស់ដែលតែងតែ គាំទ្រស្នាដៃលោក និងសំណូមពរ អោយប្រិយមិត្តទាំងអស់ រិតតែបន្តការគាំទ្រ មកលើរូបលោក តទៅមុខទៀត។ ជាពិសេសលោក ក៏បានផ្តែផ្តាំដល់កូនខ្មែរទាំងអស់ ដែលមានទេពកោសល្យ និងក្តីប្រាថ្នារបស់ខ្លួន កុំឲ្យបោះបង់ចោល នូវគោលដៅ របស់ខ្លួនឲ្យសោះ ហើយក៏ដូចជា ឳពុក ម្តាយទាំងអស់ គួរបើកចិត្ត និងលើកទឹកចិត្តកូនរបស់ខ្លួន ឲ្យពួកគេធ្វើអ្វី ដែលខ្លួនគេពេញចិត្ត ដោយកុំរារាំងពួកគេអី។  

ហាងរបស់លោក ហ៊ុង ឈីន មានយីហោរ ដុកទ័រហ្វេសិន Dr.Fashion ដែលមានអាស័យដ្ឋាន ផ្ទះលេខ៧៤ ផ្លូវលេខ ១៦៣ សង្កាត់ទួលទំពូង ខណ្ឌចំការមន បើជិះពីស្តុបភោជនីយដ្ឋាន ទនេ្លបាសាក់ គឺហួសផ្សារទទួលទំពូង ៣ផ្លូវ នៅខាងឆ្វេងដៃ។ អាចទំនាក់ទំនងបាន តាមទូរស័ព្ទលេខ ០៨១ ៦៧៦ ២២២៕

ទស្សនាវីដេអូនៃការបង្ហាញជូន នូវម៉ូតមួយចំនួន ក្នុងហាង៖

ដោយ Luhan + ដាលីស

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]