រាជធានីភ្នំពេញ ៖ បច្ចុ​ប្បន្ន​យុវ​វ័យ​​កម្ពុជា​ដែល​រស់​នៅ​ក្នុង​សម័យ​​ទំនើប​ត្រូវ​បាន​​គេ​សង្កេត​ឃើញថា ​កំពុង​តែ​មាន​ភាព​ជឿន​លឿន​​​លើ​ការ​ប្រើ​ប្រាស់​សម្ភារ និង​ការ​តុប​តែង​​ខ្លួន​ទៅ​តាម​យុគសម័យ​​ថ្មី ។ ​ក្នុង​នោះ​​បើ​និយាយ​ពី​ការ​និយម​ស្តាប់​បទ​​ចម្រៀង​វិញ​យុវ​វ័យ​កម្ពុជា​​ភាគ​​ច្រើន​កំពុង​​តែ​មាន​ការ​​​ជក់​ចិត្ត​ដិត​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​បទ​ចម្រៀង​សម័យ​ទំនើប​ច្រើន​ជាង​បទ​ពី​ដើម​ ដែល​ស្ទើរ​តែ​​មិន​មាន​ការ​ចាប់​អារម្មណ៍ ។

​តើ​​ទស្សនៈ​​ដូច​ម្តេចដែល​ធ្វើ​ឱ្យ​ពួក​គេ​និយម​ស្តាប់​បទ​សម័យ​ថ្មី​ជាង​បទ​ចម្រៀង​ពី​ដើម?

កញ្ញា​ ផល្លី មាន​វ័យ​ជាង​២០​ឆ្នាំ ​​បា​ន​បង្ហាញ​ទស្សនៈ​ថា​ តាម​ពិត​សម្រាប់​រូប​កញ្ញា​ផ្ទាល់ គឺ​ចូល​ចិត្ត​ទាំង​បទពីដើម​​ និង​បទសម័យ​​ឥឡូវ​​ព្រោះ​​យល់ថា វា​ពិរោះ​មួយ​បែប​ម្នាក់ ។ បទ​ពី​ដើម​​ស្តាប់​​ទៅ​មាន​ភាព​អន្លង់​អន្លោច​ និងពិរោះ​ស្តាប់​មិន​សាំត្រចៀក ចំណែក​បទ​ឥឡូវ​ពិរោះ​ដែរ តែឆាប់​សាំ​ជាង​​បទ​ពីដើម ព្រោះ​បទ​ឥឡូវ​​ច្រើន​តែ​ចម្លង​ពីគេ​​ជាង​និពន្ធខ្លួន​ឯង ។ ​ទោះ​ជា​យ៉ាង​ណា​កញ្ញា​ទទួល​ស្គាល់​ថា ​បទ​សម័យ​ឥឡូវ​​ស្តាប់​ទៅ​វា​ពិរោះ​​ត្រង់​​ថា វា​ត្រូវ​នឹង​សាច់​រឿង​ដែល​កើត​​ឡើង​ចំពោះ​យុវ​វ័យ​ ហើយ​អ្នក​និពន្ធ​បាន​និពន្ធ​​បទ​ចម្រៀង​នេះឡើង​ឱ្យ​​ត្រូវ​យុវ​វ័យ​សម័យ​ថ្មី ។

​លោក​លី ម៉េង​ហ៊រ មាន​អាយុ​២៥​ឆ្នាំ ​ជា​អ្នក​ធ្វើ​ការ​នៅ​ក្នុងក្រុម​ហ៊ុន​ឌីហ្សាញ​មួយ​នៅភ្នំ​ពេញ​បាន​​បញ្ចេញ​​ទស្សនៈ​ថា ​មូល​ហេតុ​ដែល​​លោក​ចូល​ចិត្ត​ស្តាប់​​បទ​សម័យ​​ឥឡូវ ព្រោះ​លោក​កើត​មក​ចេះ​ឮតែបទចម្រៀង​ឥឡូវ ​ចំណែក​បទ​ពីដើម​​លោក​មិន​សូវ​បានឮ​​ឡើយ ហេតុ​នេះ​​បទ​ឥឡូវ​​​​វា​ពិរោះ​ណាស់​សម្រាប់​លោក ។ លោក​បន្ត​ថា ពេល​ដែល​លោក​បាន​ស្តាប់​បទ​ចម្រៀង​​សម័យ​ឥឡូវ​​លោក​មាន​អារ​ម្មណ៍​​ថា ​ខ្លួន​ឯង​​ហាក់​​ដូចជា​ស្ថិត​នៅ​ក្នុង​សាច់​​រឿង​នោះ​​អញ្ចឹង​ដែរ ហើយ​​ពេល​ខ្លះ​វា​ត្រូវ​នឹង​សាច់​រឿងរបស់​លោក​តែ​ម្តង។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]