ភ្នំពេញ៖ រឿងរាវសន្តិសុខយាម នៅសាកលវិទ្យាល័យន័រតុន ប្រើប្រាស់ដុំឥដ្ឋ គប់ក្បាលនិសិ្សតឆ្នាំទី៥ ម្នាក់បែក កាលពីរាត្រី ថ្ងៃទី០៧ ខែកក្កដា កន្លងទៅ ឥឡូវត្រូវបានខាងភាគី សាលាចង់ធ្វើការសម្របសម្រួល ដើម្បីបញ្ចប់ រឿងដោយផ្តល់ ជាសំណងទឹកប្រាក់៣០០ដុល្លារ។

និស្សិតរងគ្រោះឈ្មោះ ពិន សែន ប្រសិទ្ធិ រៀនឆ្នាំទី៥ ខាងផ្នែកគូរប្លង់ នៅសាកលវិទ្យាល័យន័រតុនដែលរង គ្រោះបែកក្បាល ដេរអស់១២ថ្នេរ បានផ្តល់ព័ត៌មានមកឲ្យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កាលពី ថ្ងៃទី១៣ ខែកក្កដា  ឆ្នាំ២០១២ កន្លងទៅនេះដឹងថា ក្រោយពីដើមអម្ពិល ចេញផ្សាយព័ត៌មានខាងលើរួច មានខាងសាលាបានទាក់ទង មកកាន់រូបលោក ដើម្បីចរចារគ្នា ដោយគេហ៊ានឲ្យ សំណង៣០០ដុល្លារ។ ប៉ុន្តែរូបលោកមិនយល់ព្រមនោះទេ ព្រោះគ្រាន់តែ លោកដេក ព្យាបាលរបួស ប៉ុន្មានថ្ងៃមកនេះ អស់ជាង៥០០ដុល្លារទៅហើយ មិនតែប៉ុណ្ណោះ លោកចង់ឲ្យសមត្ថកិច្ច អនុវត្តន៍ទៅតាមច្បាប់ ព្រោះបើមិនដូច្នេះទេ ថ្ងៃក្រោយសន្តិសុខ រូបនេះអាចដើរគប់ក្បាល និស្សិតស្រេចចិត្ត។ ក្នុងនោះលោកបានបញ្ជាក់ បន្ថែមថា ឥឡូវលោកបាន រៀបចំឯកសារ ដើម្បីដាក់ពាក្យ បណ្តឹងទៅសមត្ថកិច្ច ហើយបន្ទាប់ពីធ្វើការ ប្តឹងផ្ទាល់មាត់ភ្លាមរួចមក។

សូមបញ្ជាក់ថា នៅសាកលវិទ្យាល័យន័រតុន ដែលមានទីតាំងនៅក្នុងសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ខាងសាលា បានអនុញ្ញាត ឲ្យនិស្សិតរៀន ខាងផ្នែកគូប្លង់ឆ្នាំទី៥ ស្នាក់នៅក្នុងសាលា បានដើម្បីធ្វើសារណា ប្រឡងបញ្ចប់ការសិក្សា ដោយមាននិស្សិត ជាង២០នាក់ដេកនៅសាលា ។លុះនៅវេលា អាធ្រាត្រ ថ្ងៃទី០៧ ខែកក្កដា បន្ទាប់ពីសិក្សាចប់ ក្រុមនិស្សិតមានគ្នាជិត១០នាក់ បាននាំគ្នាចេញទៅក្រៅ រកហូបនំចំណី មុននឹងចូលដេក។ ប៉ុន្តែពេលនិស្សិត វិលចូល សាលាវិញខាងសន្តិសុខ មិនព្រមបើកទ្វារឲ្យ ទើបខាងនិស្សិត នាំគ្នាផ្លោះរបងចូល ក៏ត្រូវសន្តិសុខម្នាក់ ដែលគេស្គាល់ថា មានឈ្មោះ គុណ ឈរ នៅជាន់ទី១ យកដុំថ្មគប់មក លើក្រុមនិស្សិត បណ្តាលឲ្យត្រូវជនរងគ្រោះ បែកក្បាលតែម្តងទៅ។

ករណីនេះត្រូវបានក្រុមសន្តិសុខសំអាងថា ការគប់បែបនេះគឺដោយសារតែស្មានថា ចោរផ្លោះរបងចូលលួច ព្រោះចំណុច កើតហេតុ ជាកន្លែងដាក់ម៉ាស៊ីនភ្លើង ដែលកន្លងមកចោរធ្លាប់ ចូលលួចប្រេង និងសម្ភារៈ នៅក្នុងសាលាជាដើម។ ប៉ុន្តែការ អះអាងខាងលើនេះ ត្រូវនិសិ្សតរងគ្រោះ ធ្វើការបដិសេធ ហើយចោទប្រកាន់ថា ជាចេតនាគប់ ក្នុងរឿងគំនុំអ្វីមួយ ព្រោះការ ផ្លោះ របងមិនមែនមានតែម្នាក់ ឬពីរនាក់នោះទេ គឺមានគ្នាជិត ១០នាក់ឯណោះ។ មិនតែប៉ុណ្ណោះ មុននឹងផ្លោះរបងពួកគេ ក៏បានគោះទ្វារ ស្រែកហៅសន្តិសុខ ឲ្យបើកទ្វារឲ្យដែរ តែពួកគេមិនព្រមបើក ហើយសន្តិសុខ អ្នកគប់គឺឈរ នៅរានហាល ជាន់ទី១  មើលស្គាល់ក្រុមនិស្សិតច្បាស់ទៀតផង។

ដោយឡែកម្តាយនិស្សិតរងគ្រោះ បានសម្តែង កំហឹងថា កូនរបស់គាត់ រៀននៅសាលានេះ មួយឆ្នាំៗ ទាំងថ្លៃបង់សាលា ទាំងថ្លៃផ្សេងៗ អស់មិនក្រោម១០០០ដុល្លារ នោះទេ បើកូនគាត់ធ្វើខុស សាលាគួរតែមានបទបញ្ជាផ្ទៃក្នុងហៅទៅអប់រំ ដាក់ពិន័យរដ្ឋបាល មិនមែនសាលាជួលសន្តិសុខឯកជន ឲ្យមកគប់បែកក្បាលកូនរបស់គាត់ ហើយចង់បោះលុយ ៣០០ដុល្លារបិទមាត់ បែបនេះនោះទេ។

ដោយឡែកខាងសាលា មជ្ឈមណ្ឌលព័ត៌ដើមអម្ពិល មិនអាចធ្វើការទាក់ទង ដើម្បី សុំការបំភ្លឺពាក់ព័ន្ធករណីនេះ បានឡើយ៕

www.dap-
news.com

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]