រាជធានីភ្នំពេញ​​​ ៖ យុវជន​ម្នាក់​​បើក​ម៉ូតូ​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១២ មួយ​គ្រឿង​​ក្នុង​ល្បឿន​លឿន ហើយ​ព្យាយាម​បើក​វ៉ា​រថយន្ត​​មួយ​គ្រឿង​​នៅ​ពី​មុខ​ក៏​ជ្រុល​ចង្កូត​​ទៅ​បុក ​ស្ត្រី​ម្នាក់​កំពុង​ដើរ​ឆ្លង​ថ្នល់​​បណ្តាល​ឱ្យ​ដួល​រង​របួស​ធ្ងន់​ ​កាល​ពី​វេ​លា​ម៉ោង​​៥​និង​៣៥​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​១១ កក្កដា ​តាម​បណ្តោយ​​មហាវិថី​សហព័ន្ធ​រុស្ស៊ី សង្កាត់​កាកាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ រួច​ហើយ​យុវជន​អ្នក​បើក​ម៉ូតូ​​បាន​រត់​ចោល​ម៉ូតូ​បាត់ ។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ឌ្រីម សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១២ មួយ​គ្រឿង​​ បើក​បរ​ដោយ​យុវជន​ម្នាក់​មិន​ស្គាល់​អត្ត​សញ្ញាណ​បាន​បើក​​យ៉ាង​លឿន​តាម​ មហាវិថី​សហព័ន្ធ​រុស្ស៊ី ក្នុង​ទិស​ដៅ​ពី​លិច​​ទៅ​កើត​ ស្រាប់​តែ​មក​ដល់​ចំណុច​កើត​ហេតុ​បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​​មួយ​គ្រឿង​​ នៅ​ពី​មុខ​​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​ស្ត្រី​​ម្នាក់​កំពុង​ដើរ​​ឆ្លង​ថ្នល់​ ចំពី​មុខ​​ពេញ​ទំហឹង​ បណ្តាល​ឱ្យ​ស្ត្រី​នោះ​រង​របួស​ធ្ងន់​ត្រូវ​បាន​បង​ប្អូន​ដឹក​តាម​រ៉ឺ​ម៉ក​​ ម៉ូតូ​កង់​៣​យក​ទៅ​សង្គ្រោះ​បន្ទាប់​នៅ​មន្ទីរ​​ពេទ្យ ។ ​

យុវជន​បង្ក​ហេតុ​បាន​រត់​បាត់​នៅ​សល់​តែ​ម៉ូតូ​នៅ​ កន្លែង​កើត​ហេតុ​ត្រូវ​បាន​ប៉ូលិស​​ចរាចរ​យក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​ ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]