រាជធានីភ្នំពេញ ៖ មិ​ន​មាន​ចេតនា​​ធ្វើ​ឱ្យ​នរណាម្នាក់​បាត់​បង់​សេចក្តី​ថ្លៃ​ថ្នូរ​​ទេ តែ​ជា​​ការ​ចូល​​រួម​ផ្តល់នូវ​​ការ​បារម្ភ​​មួយ ​ដែល​ស្ត្រី​រូប​ស្រស់​ម្នាក់​បែរ​ជា​​ដេក​​ក្នុង​រថយន្ត​ ដោយ​​បញ្ឆេះ​ម៉ាស៊ីន​រថយន្ត​ចោល​​មុខ​ស្ថាន​ទូត​បារាំង​​ វេលាយប់​អធ្រាត្រ​ដែល​​គេសង្ស័យ​​ថា ស្ត្រីនោះ​ទំនង​ជា​ស្រវឹង​ធ្លាក់​ភ្នែក​ខ្លាំង​ណាស់​ហើយ​ ​ទើប​មិន​អាច​បើក​រថយន្ត​ទៅមុខ​ទៀត​បាន​ក៏​ឈប់​​អែប​របង ហើយ​ដេក​លក់​យ៉ាងស្កប់ស្កល់ នៅក្នុង​រថយន្ត​របស់​ខ្លួន ។ ​ស្ត្រី​​​រូបនេះ ​​តាម​មើល​ឃើញ គឺ​ស្រស់​ស្អាត​មាន​អាយុ​​​ប្រហែល​​២០ប្លាយឆ្នាំ​ និង​មិន​​ស្គាល់​អត្ត​សញ្ញាណ​​នោះទេ ។ 

អ្នក​ឆ្លើយ​ឆ្លង​​​ព័ត៌​មាន​ពេល​រាត្រី​បាន​រាយ​ ការណ៍ថា ​ស្រី​ស្អាត​​​រូបនេះជិះ​រថយន្ត​ម៉ាក​​កាមរី​ឆ្លាម​មក​ឈប់​អែបនៅ​​​មុខ​ ស្ថាន​ទូត​បារាំង​​តាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ហើយ​ដេក​លក់​យ៉ាង​​​ស្កប់​ស្កល់​​ក្នុង​រថយន្ត​របស់​ខ្លួន​​ដែល​មិន​ បិទភ្លើង​​​ និង​មិនពន្លត់​ម៉ាស៊ីនទេ ធ្វើ​ឱ្យ​ប៉ូលិស​​យាម​នៅ​មុខ​ស្ថាន​ទូត​បារាំង​​ភ្ញាក់​ផ្អើល ​ស្មាន​តែ​នាង​ត្រូវ​សន្លប់​នៅក្នុង​រថយន្ត​ ហើយ​ក៏​ខ្លាច​មាន​បញ្ហា​អ្វី​មួយកើត​មាន​នៅ​មុខ​ស្ថាន​ទូត ដែល​ខ្លួន​យាម​ទទួល​ខុស​ត្រូវ ​។ ​ភ្លាម​ៗ​​នោះ​ប៉ូលិស​បាន​ព្យាយាម​ទាក់​ទង​ទៅ​សមត្ថ​កិច្ច​មូលដ្ឋាន​ដើម្បី​ ជួយ​អន្តរាគមន៍​ ព្រោះ​​វា​ខុស​ប្រក្រតីពេក​ ។​ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពីវេលា​ម៉ោង​​​​១​​និង​២៥​នាទី​រំលង​ អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​១២ កក្កដា ​​នៅ​តាម​មហាវិថី​ព្រះមុនីវង្ស ​តាម​បណ្តោយ​របង​ថ្ម​ដ៏​ខ្ពស់មុខ​ស្ថាន​ទូត​បារាំង ​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌ​ដូន​ពេញ ។

​ប្រភព​ព័ត៌មាន​ពីមន្ត្រី​ប៉ូលិស​យាម​ការ​ពារ​នៅ​មុខ​ ​​ស្ថាន​ទូត​បា​រាំង​បាន​ឱ្យ​ដឹង​ថា ​ស្ត្រី​​​រូបនេះ​បាន​ជិះ​រថយន្ត​ម៉ាក​កាមរីឆ្លាម ពណ៌​ត្រីឆ្លូញ មួ​យ​គ្រឿង ​តាម​បណ្តោយ​មហាវិថី​ព្រះ​មុនីវង្ស ​​ពី​ជើង​ទៅ​ត្បូង ​ស្រាប់​តែ​មក​ដល់​ទន្ទឹម​ស្ថាន​ទូត​ក៏​បើក​រថយន្ត​ឡើង​លើ​ចិញ្ចើម​ផ្លូវ​​ អែប​ជាប់​របង​ស្ថាន​ទូត​ ក៏​បាន​ចត​រថយន្ត​​ អត់​ឃើញ​មាន​មនុស្ស​​ ចេញ​ទេ ។​ លុះ​ដើរ​ទៅ​ជិត​អើតមើល​ក៏​ឃើញ​គាត់​ដេក​​លក់​យ៉ាង​ស្កប់​ស្កល់ ​​ទំនង​ជា​ស្រវឹង​ជោក​​​មក​ពី​កន្លែង​ណាមួយ ​ព្រោះ​​​ពេល​​គោះ​ទ្វារ​ហៅ​យ៉ាង​ណាក៏មិន​ព្រម​ភ្ញាក់​​ដែរ ។ ​មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា ​ស្រីស្អាត​​រូបនេះ ​មុន​​ពេល​ឈប់​រថយន្ត​​ដេក​ បាន​ចុច​បិទសោទ្វារ​​​ជាប់​​មិន​អាច​បើក​បាន​ទេ ​​​។

មាន​ការ​កត់​សម្គាល់​ថា ករណី​ដូច​គ្នា​នេះ ​កាលពីពេល​​កន្លង​មក ​មាន​អ្នក​ឈប់​រថយន្ត​ទី​សាធារណៈបែប​នេះ ហើយ​ដេក​លង់លក់​ដោយ​មិន​បាន​បិទសោ​ទ្វារ​ធ្វើ​ឱ្យ​មានជន​​ឆក់​ឱកាស​​​លប​បើក ​ទ្វារ​រថយន្តលួច​យក​​ទូរស័ព្ទ​​ដៃ​ កាបូប​លុយ ​និង​ទ្រព្យ​សម្បតិ្ត​មួយ​ចំនួន ។​​ ជា​ញយ​ដង​ហើយ​ដែលករណី​បែប​នេះ​​តែង​តែ​កើត​ឡើង​នៅ​តាម​ដង​វិថី​នានាពេល​យប់​ ​​​ ព្រោះ​តែ​ស្រវឹង​ពេក​បើក​បរ​លែង​កើត​ ហើយ​តែង​តែ​ធ្វើ​ឱ្យមាន​ការ​ភ្ញាក់​ផ្អើលដល់​មន្ត្រីប៉ូលិស​ និង​អ្នក​ធ្វើ​ចរាចរ​​ណ៍តាម​ដងផ្លូវ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]