តាកែវ-កំពត ៖ ក្នុងរយៈពេលថ្មីៗនេះ នៅតាមបណ្ដាខេត្ដមួយចំនួន ដូចជាខេត្ដតាកែវ និងខេត្ដកំពតជាដើម មាន ការនិយាយតៗគ្នាថា មានមនុស្សមួយក្រុម ដែលធ្វើដំណើរមកពីប្រទេសជិតខាង បានចាប់ក្មេងៗវះយកគ្រលៀន ដែលបញ្ហានេះ បាននិងកំពុងផ្អើលដល់ប្រជាពលរដ្ឋទូទៅ សូម្បីតែអ្នករស់នៅក្នុងរាជធានីភ្នំពេញ ក្រោយពីពួកគេ បានឃើញផងដែរ ពីការផ្សព្វផ្សាយព័ត៌មាននេះ នៅលើបណ្ដាញទំនាក់ទំនងសង្គម ហៅថា ហ្វេសប៊ុក ។

ទាក់ទិន ពាក្យចចាមអារ៉ាម ដែលនាំឱ្យប្រជាពលរដ្ឋ ដែលមានកូនតូចៗភ័យខ្លាច ហើយបានហាមកូនចៅ មិនឱ្យដើរលេង ទៅឆ្ងាយផ្ដេសផ្ដាសនោះ ត្រូវបានមន្ដ្រីនគរបាលនៃបណ្ដាខេត្ដទាំងនោះ ចេញមកបដិសេធនិង ច្រានចោលទាំងស្រុង ចំពោះព័ត៌មានបែបនេះ ហើយធ្វើការអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋ ទូទៅថា មិនមែនជា ការពិតឡើយ។

ស្នងការនគរបាលខេត្ដតាកែវ លោកឧត្ដមសេនីយ៍ត្រី អ៊ុក សំណាង ជាខេត្ដដែលមានពាក្យចចាម អារ៉ាមចំពោះករណីនេះ បាននិងកំពុងកើតឡើងដូចជានៅក្នុងស្រុកត្រាំកក់ និងស្រុកគិរីវង្សជាដើមនោះ បានបញ្ជាក់ថា អត់មានរឿងបែបនេះកើតឡើងឡើយ គឺជាពាក្យចចាមអារ៉ាម ដែលនិយាយតគ្នាប៉ុណ្ណោះ។

ស្នងការនគរបាលរូបនេះ បានបញ្ជាក់ទៀតថា នៅពេលមានពាក្យចចាមអារ៉ាមខាងលើនេះកើតឡើង លោកបាន បញ្ជាឱ្យមន្ដ្រីនគរបាលនៅតាមមូលដ្ឋានទាំងនោះ ចុះទៅពិនិត្យមើល ប៉ុន្ដែធាតុពិតមិនមានអ្វីកើតឡើង ដូចប្រជា ពលរដ្ឋនិយាយតៗគ្នានោះឡើយ។

លោកឧត្ដមសេនីយ៍ អ៊ុក សំណាង បានធ្វើការអំពាវនាវ និងជំរុញឱ្យសមត្ថកិច្ច នៅតាមគ្រប់ស្រុកទាំងអស់ ត្រូវចាំឃ្លាំមើល និងតាមដានចំពោះបញ្ហានេះ ដើម្បីពង្រឹងផ្នែកសន្ដិសុខ ចៀសវាង ការនិយាយតគ្នានូវរឿងរ៉ាវបែបនេះកើតឡើង ដែលនាំឱ្យប្រជាពលរដ្ឋ មានការភ័យខ្លាច ជាពិសេសកូនៗរបស់ ខ្លួន។

ជាមួយគ្នានេះ ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្ដាលយុត្ដិធម៌ ខេត្ដកំពត លោក អ៊ិន ជីវ៉ា ក៏បានបញ្ជាក់ផងដែរថា អត់មានរឿងខាងលើនេះកើតឡើងឡើយ ពោលជាការផ្អើលតគ្នាប៉ុណ្ណោះ ពីប្រជាពលរដ្ឋ មួយទៅប្រជាពលរដ្ឋមួយទៀត។

ស្នងការរងនគរបាលរូបនេះ បានបញ្ជាក់តាមទូរស័ព្ទទៀតថា លោកបាននិងកំពុងទាក់ទង ជាមួយមន្ទីរព័ត៌មានខេត្ដ ដើម្បីធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ថាពុំមានករណី ចាប់ក្មេងៗវះយកគ្រលៀន នោះឡើយ គឺជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋមួយរូប នៅស្រុកគិរីវង្ស ខេត្ដតាកែវ បាននិយាយថា មានករណីវះយកគ្រលៀនពីក្មេងៗនៅតំបន់ភ្នំក្រពើ ប៉ុន្ដែនៅពេល ភ្នាក់ងារដើមអម្ពិលសួរនាំលម្អិត ចំពោះករណីនេះ ថាបានឃើញផ្ទាល់ភ្នែក និងបាត់ក្មេងៗពីក្នុងភូមិដែរឬយ៉ាងណា នោះ ស្រាប់តែពលរដ្ឋរូបនេះនិយាយថា គ្រាន់តែឃើញតាមរយៈរូបថតប៉ុណ្ណោះ។

គួរបញ្ជាក់ថា ចំពោះព័ត៌មាន ចាប់ក្មេងៗវះយកគ្រលៀនត្រូវបានឮតគ្នា ពីមាត់មួយទៅមាត់មួយ ជាពិសេសភ្ញាក់ផ្អើលខ្លាំង នៅពេលឃើញការ ផ្សាយព័ត៌មាន ដែលគ្មានមូលដ្ឋានច្បាស់លាស់ ត្រូវបានបង្ហោះលើហ្វេសប៊ុក ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ដូច្នេះសមត្ថកិច្ចរួមទាំងអាជ្ញាធរ ពាក់ព័ន្ធមួយចំនួនទៀត សូមធ្វើការអំពាវនាវ ទៅកាន់ប្រជាពលរដ្ឋទូទៅថា ពុំមានព័ត៌មានបែបនេះកើតឡើងឡើយ គឺជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ៕

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]