ភ្នំពេញ ៖ អ្នកបើកបររថយន្ដដឹកអ្នកដំណើរ ចេញពីភ្នំពេញឆ្ពោះទៅអ្នកលឿង ខេត្ដព្រៃវែង បានបើកវ៉ារថយន្ដ ដែលនៅពីមុខស្របទិសគ្នា ស្រាប់តែវ៉ាក់ជាមួយរថយន្ដដឹកត្រីមួយគ្រឿង ទៀតបើកច្រាសទិសគ្នា ក៏ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្ដាលកំប៉ិត កាប៊ីនខាងមុខ គៀបអ្នកបើកបរស្លាប់នៅជាប់នៅ នឹងដៃចង្កូត ចំណែកឯអ្នកបើកបរថយន្ដ នីសាន់ វិញ រងរបួសធ្ងន់ ត្រូវបញ្ជូនមកកាន់មន្ទីរកាល់ម៉ែតជាបន្ទាន់ កាលពីវេលា ម៉ោង២១និង៤០នាទី នៅតាមបណ្ដោយផ្លូវជាតិ លេខ១ ស្ថិតនៅចន្លោះគីឡូម៉ែត្រ លេខ៥៥ និង៥៦ ភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំពេញ ស្រុកលើកដែក ខេត្ដកណ្ដាល។

សាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា រថយន្ដ ដឹកដំណើរម៉ាកត្រូពិចប្រភេទ ទួរីស១២កៅអីពណ៌ លឿងឆ្លូតក្រហម ពាក់ស្លាក លេខ ច ៨៨៩៧ ភព២ បើកបរ ក្នុង ទិសដៅពីភ្នំពេញ អ្នកបើកបរ ពុំត្រូវបានស្គាល់អត្ដសញ្ញាណនោះទេ ស្លាប់នៅក្នុង កាប៊ីនរថយន្ដតែម្ដង ។ ចំណែកឯរថយន្ដដឹកត្រី ម៉ាកនីសាន់ ពាក់ស្លាកលេខ ភ្នំពេញ 2L-7195 អ្នកបើកបរឈ្មោះ កុល វីរៈ ភេទប្រុស អាយុ៣២ ឆ្នាំ រស់នៅភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះ ស្ដេច ខេត្ដព្រៃវែង និងអ្នករួមដំណើរឈ្មោះ តន់ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅក្នុងភូមិ-ឃុំជា មួយគ្នា អ្នកទាំងពីររងរបួសធ្ងន់ត្រូវបញ្ជូនមកកាន់ មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះអាយុជីវិត ជាបន្ទាន់ បើកបរក្នុងទិសដៅ ពីអ្នកលឿងទៅភ្នំពេញ ច្រាសទិសជារថយន្ដតួរីស។

ប្រភពព័ត៌មាន បានឱ្យដឹងទៀតថា មុនពេល កើតរថយន្ដតួរីសដឹកអ្នកដំណើរ បើកបរចេញពីភ្នំពេញ ឆ្ពោះទៅអ្នកលឿង លុះដល់ចំណុចកើតបានឡើង វ៉ារថយន្ដមួយ គ្រឿងទៀត ដែលនៅពីមុខស្របទិស គ្នា ពេលនោះក៏បានវ៉ាក់ជាមួយរថយន្ដដឹកត្រី ជ្រុលទៅបុកយ៉ាងពេញទំហឹង បណ្ដាលឱ្យកំប៉ិតកាប៊ីនមុខ ដាច់កញ្ចក់ជាបំណែក គៀបអ្នកបើកបរជាប់នៅ នឹងដៃចង្កូតស្លាប់ភ្លាមៗ ចំណែកឯរថយន្ដនីសាន់ ដឹកត្រីក៏ក្រឡាប់ចាក់ធុងត្រីចោលពេញផ្លូវ ប៉ុន្ដែអ្នកបើកបរ និងអ្នករួមដំណើរត្រូវ បានរងរបួសជាទម្ងន់ បន្ទាប់ពីកើតហេតុ ត្រូវដឹកតាមរថយន្ដ សង្គ្រោះបញ្ជូនមកកាន់មន្ទីរពេទ្យកាល់ម៉ែត ដើម្បីជួយសង្គ្រោះអាយុជីវិត ។ ប៉ុន្ដែរហូតដល់ពេលនេះ គេពុំទាន់ ដឹងថា ស្ថានភាពជំងឺយ៉ាងម៉េចនោះ ទេ ។

បច្ចុប្បន្នសាកសព ត្រូវបានប្រគល់ទៅឱ្យក្រុម គ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី ចំណែកឯ រថយន្ដទាំងពីរគ្រឿង ត្រូវយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកលើកដែក ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

www.dap-news.com

ដោយ ៖ សេងឡុង

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]