សម្រស់ និងការតុបតែងមុខ គឺជារឿងដ៏សំខាន់មួយ ដែលនារីគ្រប់រូប យកទុកដាក់យ៉ាងខ្លាំង ។ ដោយសារតែសព្វថ្ងៃនេះ មនុស្សម្នាក់ៗ គ្មានពេលវេលាគ្រប់គ្រាន់ ក្នុងការតុបតែងមុខ ទើបធ្វើឲ្យពួកគេ មើលរំលងនូវចំនុចមួយចំនួន ដែលនឹងបង្កជាបញ្ហាចំពោះស្បែក នៅពេលក្រោយ។ ក្នុងថ្ងៃនេះ យើងនឹងប្រាប់អ្នក អំពីចំនុចខុសឆ្គង នៅក្នុងការថែរក្សាសម្រស់ និងតុបតែងមុខ៖

១. មើលរំលង ការប្រើប្រាស់ ផលិតផលសម្អាតផ្ទៃមុខ

ការលាងសម្អាតមុខ របស់អ្នក ដោយទឹកធម្មតា មិនអាចជួយសម្អាត បានល្អនោះឡើយ ដូច្នេះមិនថាអ្នករវល់ប៉ុណ្ណាទេ អ្នកគួរតែ ឆ្លៀតពេល លាងសម្អាត មុខរបស់អ្នក យ៉ាងហោចណាស់ ឲ្យបាន ២ដង ក្នុង១ថ្ងៃ ជាមួយ នឹងផលិតផល សម្អាតផ្ទៃមុខ។

២. ភ្លេចផ្ដល់សំណើមដល់ស្បែក

អ្នកត្រូវចងចាំថា ស្បែកមានសុខភាពល្អ គឺជាស្បែកដែលមានសំណើម ពីព្រោះស្បែកស្ងួត បាននាំមកនូវបញ្ហាជាច្រើន ដែលក្នុងនោះ វាធ្វើឲ្យ ស្បែកមុខ របស់អ្នក ឆាប់ជ្រីវជ្រួញ និងធ្វើឲ្យមានភាពខ្មៅស្រអាប់ ជាដើម។

៣. ប្រើប្រាស់ក្រែមលាបមាត់ ដោយមិនប្រើក្រែម លាបបំបាត់ប្រេះមាត់

បបូរមាត់ស្អាត និងទាក់ទាញធ្វើឲ្យអ្នក មើលទៅស្រស់ស្អាត រីឯបបូរមាត់ប្រេះ នឹងធ្វើឲ្យអ្នកបាត់បង់នូវសម្រស់ និងភាពទាក់ទាញ។ បែបនេះហើយ ទើបអ្នកត្រូវប្រើប្រាស់នូវ ក្រែមការពារប្រេះបបូរមាត់ មុននឹងប្រើក្រែម លាបបបូរមាត់។ បើអ្នកមានបញ្ហា ប្រេះបបូរមាត់ អ្នកអាចប្រើប្រាស់ ច្រាស់ដុសធ្មេញ សម្រាប់ជម្រុះចោល នូវស្បែក ដែលងាប់ពីបបូរមាត់ របស់អ្នក។ ជាពិសេសនោះ អ្នកអាចប្រើប្រាស់នូវម៉ាស សម្រាប់បបូរមាត់ និងប្រើប្រាស់នូវក្រែមការពារ បបូរមាត់ ជាប្រចាំផងដែរ។

៤. ភ្លេចការដុសខាត់ស្បែក

ការដុសខាត់ស្បែក ជាទៀងទាត់ ដើម្បីជម្រុះចោលនូវ ស្រទាប់កោសិកា ដែលងាប់ និងធ្វើឲ្យស្បែកស្រស់ថ្លា ដែលជាផ្នែកមួយដ៏សំខាន់ ក្នុងការ ថែរក្សាសម្រស់ ប្រសិនបើអ្នកមិនបាន ដុសខាត់ស្បែក របស់អ្នក វាអាច នឹងជួបនូវបញ្ហាខ្លះ ដែលវាអាច បង្កឲ្យស្បែកមុខ មានជាតិខ្លាញ់ ជាហេតុធ្វើឲ្យកើតមុនលើផ្ទៃមុខ។

៥. មិនប្រើប្រាស់ ទឹក toner បន្ទាប់ពី ស្រ្កាប់ស្បែក

នៅពេលដែល យើងធ្វើការ ស្រ្កាប់ស្បែករួច រន្ធញើសនឹងបើក ហើយសម្អាតពពួកធូលី ដែលមាន នៅលើស្បែក។ វាជាការសំខាន់ដូចគ្នា ដើម្បីបិទរន្ធញើសវិញ ដោយការប្រើទឹក toner។ អ្នកក៏អាចយកជា ដុំទឹកកក មកស្អំនៅលើមុខ ធ្វើបែបនេះវានឹងជួយផ្ចិតរន្ធញើស បានផងដែរ។

៦. ចូលគេងដោយ មិនសម្អាតគ្រឿងសំអាង

ជាការពិត ទោះបីជានឿយហត់ជាមួយការងារ យ៉ាងណាក្ដី ក៏អ្នកមិនគួរគេង ទាំងមិនលាងសម្អាត នូវគ្រឿងសម្អាងឡើយ។ ការគេងដោយមិនសម្អាតផ្ទៃមុខ នឹងធ្វើឲ្យមានផលប៉ះពាល់ ចំពោះស្បែកមុខរបស់អ្នក។

ជាការពិត អ្នករាល់គ្នាគ្មានពេលវេលា គ្រប់គ្រាន់ដើម្បី ធ្វើការតុបតែងមុខ បានត្រឹមត្រូវតាមក្បួនខ្នាតនោះទេ តែយ៉ាងណាមិញ អ្នកគួរតែរៀបចំ ពេលវេលា ដើម្បីថែរក្សាស្បែក ។ ការថែរក្សាស្បែក បានល្អនឹងជួយឲ្យអ្នក មើលទៅនៅក្មេង និងស្រស់ស្អាត៕

ប្រភព Magforwomen

ដោយ ដាលីស

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]