ខេត្ត​កំពង់ចាម ៖ ស្រ្តី​ម្នាក់​​បាន​ស្លាប់​​ភ្លាមៗ និង​មនុស្ស​៣នាក់ទៀត​រង​របួស​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​បង្ក​ដោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់​ដាយ​ ពណ៌ខៀវ មួយគ្រឿង ​​ចំណុះ​១​តោន​កន្លះ ​បុក​រះ​ដោយ​សារ​តែ​ជាន់ហ្វ្រាំងមិន​ស៊ី ។ ឧប្បត្តិ​ហេតុ​​​នេះ​បាន​កើតឡើង កាល​ពីវេលាម៉ោង​១២​ថ្ងៃត្រង់ ​​ថ្ងៃទី​១១ កក្កដា ​​នៅ​លើ​កំណាត់​ផ្លូ​វជាតិ​លេខ​៧ ​ក្នុងភូមិ​អំពិល​លើ ឃុំអំពិល ​ស្រុកកំពង់​សៀម​ ​​​ហើយ​ភ្លាមៗនោះ អ្នក​បើក​រថយន្ត​​​​បម្រុង​នឹង​រត់​គេច​ខ្លួន​​ក៏ត្រូវ​បាន​អ្នក​​ឃើញ​ហេតុ​ការណ៍​ចាប់​​ឃាត់​ខ្លួនប្រគល់​ឱ្យ​សមត្ថកិច្ច ។

បើតាម​បុរស​ឈ្មោះ កន ជាង ​ហៅ​សីហា អាយុ​៣៥​ឆ្នាំ ​ជា​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​ ​​រស់​នៅ​ភូមិ​​​មុខទឹក​ ឃុំ​អូរ​ស្វាយ ស្រុក​កំពង់​សៀម ​ប្រាប់​​ឱ្យ​​ដឹងថា ​គាត់​បាន​​បើក​រ៉ឺម៉កម៉ូតូ​​ចេញ​ពី​ផ្សារ​បឹងកុក ​ដឹក​មនុស្ស​​ជាង​១០នាក់ ​​ឆ្ពោះ​​ទៅព្រៃ​ទទឹង ស្រុក​​ព្រៃ​ឈរ ​ស្របពេល​មក​ដល់​​​ជិត​​​រោង​ចក្រ​កាត់​ដេរ ​ស្រុក​កំពង់​សៀម ​ស្រាប់​តែ​​រ៉ឺម៉កបែក​កង់ក៏​ឈប់​​ដើម្បី​ដោះ​កង់​យក​ទៅ​ឱ្យ​ជាង​ប៉ះ​ឱ្យ ។ លុះ​​ពេល​កំពុង​ឱន​​ដោះ​​កង់​​ចេញ ក៏​ស្រាប់តែ​​​មាន​រថយន្ត​ដឹក​ខ្សាច់​​មួយគ្រឿង ​បើក​​​ពី​​​កើត​ទៅលិ​ច ​ហាក់​ដូចជា​​បាត់​ម្ចាស់​​ការ​បាន​បុក​​​ម៉ូតូ​មួយគ្រឿង ​​ដែល​​ជិះ​ស្របទិស​​គ្នា​​បណ្តាល​ឱ្យ​ស្រ្តី​ម្នាក់​​ស្លាប់ ​ហើយ​រថយន្ត​នោះ​បាន​ជ្រុលមកបុក​រ៉ឺម៉ក​ម៉ូតូ​គាត់​ពី​ក្រោយ​​ពេញ​ទំហឹ​ង​​តែម្តង​ ។ នេះសំណាង​ល្អ​ដែលអ្នក​ជិះបាន​នាំ​គ្នា​ចុះ​ទៅ​អង្គុយនៅក្រោម​ដើម​ឈើ​ ​ ប៉ុន្តែ​រថយន្ត​​ក៏ជ្រុល​ទៅបុក​​​អ្នក​អង្គុយ​​ក្រោម​ដើម​ឈើនោះឱ្យ​របួស​៣នាក់​ផង​ដែរ ។ ក្រោយ​ពេល​កើត​ហេតុ​​អ្នក​បើក​​រថយន្ត​បម្រុង​​បើក​ទ្វារ​រត់​​គេច​ខ្លួន​តែ​​​គាត់​​បានស្ទុះ​ទៅ​ចាប់​​ក្របួច​​ក​អាវ​​ជាប់ ​ប្រគល់​​ឱ្យ​សមត្ថកិច្ច​​​​​តែ​ម្តង ។​

​លោក​​វរសេនីយ៍ត្រី បា៉ក ​ជាតិ ​អធិការ​នគ​រ​បាល​ស្រុក​កំពង់​សៀម​ ​​បាន​ឱ្យ​ដឹងថា ​ស្រ្តី​ដែល​​​ត្រូវ​រថយន្ត​​ដឹក​ខ្សាច់​​បុកស្លាប់​​នោះ ឈ្មោះ ​ផល សុភាព​ ​អាយុ​២៨ឆ្នាំ ​រស់​នៅ​ភូមិ​​ប្រសំ​ ​ឃុំ​រអាង ​ស្រុក​កំពង់​សៀម​​​ជា​ប្រពន្ធ​របស់​មន្ត្រី​​នគរ​បាល​ស្រុក​កំពង់​សៀម ហើយ​រថយន្ត​បានជ្រុល​ទៅ​​បុក​​អ្នក​​ជិះរ៉ឺម៉ក​ម៉ូតូ​​​ ដែល​កំពុង​អង្គុយ​នៅក្រោម ​ដើម​ឈើ​រង​របួស​​៣នាក់​ទៀត ​។ អ្នក​​ស្លាប់​ត្រូវ​បាន​​រថយន្ត​​​សាមុយ​របស់​មន្ទីរ​ពេទ្យ​​​៧D ​ដឹក​យក​ទៅ​ផ្ទះ​រៀបចំ​​​​ធ្វើ​បុណ្យ​តាម​ប្រពៃណី ​។ ​​​អ្នក​បើក​​បរ​រថយន្ត​ឈ្មោះ សេង ​រុណ ​​ភេទ​ប្រុស​ អាយុ​​៤៣​ឆ្នាំ ​រស់នៅភូមិ​​ថ្នល់​​ជាតិ ឃុំ​បារាយណ៍ ស្រុ​ក​បារាយណ៍ ​ខេត្ត​​កំពង់​ធំ ។

​ចំពោះ​​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​បុក​​ស្ត្រី​​ម្នាក់រហូត​ដល់ស្លាប់​នេះ គឺ​ដោយ​សារ​តែ​បញ្ហា​បច្ចេក​ទេស​ហ្វ្រាំង​​រថយន្ត​​​មិន​​ស៊ី សូម្បី​តែ​នៅ​ពេល​ដែល​បើករថយន្ត​បង្ក​នេះ​យកទៅ​ទុក​នៅ​អធិការ​ដ្ឋាន​​នគរ​បាល​ស្រុក​កំពង់សៀម​​​ពេល​ជាន់​ហ្វ្រាំង​​​ក៏​មិន​ស៊ី​ដែរ ។ នេះ​អាច​ជា​ការ​ធ្វេស​ប្រហែស​​​របស់​អ្នក​បើក​បរ​ដែល​​មុន​ពេល​ចេញ​ដំណើរ​​មិន​បាន​ត្រួត​ពិនិត្យ​ឱ្យ​បាន​គ្រប់​ដូចជា ហ្វ្រាំង សម្បក​កង់ ​ជា​ដើម ៕

​បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

 ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]