រាជធានីភ្នំពេញ  ៖ ខណៈពេល​កើត​មាន​​ជំងឺ​​ចម្លែក​ដែល​ត្រូវ​បាន​​​ចាត់​ទុក​ថាមាន​​សភាព​សាហាវ ​ដោយ​ការ​​ឆ្លង​ទៅ​លើ​​​​កុមារ​​និង​បាន​សម្លាប់​កុមារ​​​កម្ពុជាប្រមាណ​​ជាង​៦០​នាក់​​​មក​​ហើយ​នោះ​ ​កុមារ​ដែល​​​មាន​ជំងឺផ្សេងៗទៀត​ មកពី​​​បណ្តា​​ខេត្ត​ជុំ​វិញ​រាជធានីភ្នំពេញ យ៉ាង​តិច​មួយ​ពាន់​នាក់​ក្នុង​​មួយ​ថ្ងៃ​ត្រូវ​បាន​​ម្តាយ​​​នាំ​មក​កាន់​​មន្ទីរ​​ពេទ្យ​​​គន្ធ​បុប្ផា​​ ដែល​មាន​ទីតាំង​​​នៅខាង​ជើង​រមណីយ​ដ្ឋានវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំខណ្ឌ​ដូនពេញដើម្បី​​ទទួល​ការ​ពិនិត្យជំងឺទូទៅ ។ នេះ​បើតាមការឲ្យ​ដឹងពីមន្ត្រី​ពេទ្យ​ប្រចាំការ​នៅ​មាត់​ច្រក​ចូលមន្ទីរ​ពេទ្យគន្ធបុប្ផាកាលពីរសៀល​ថ្ងៃ​ទី១១ កក្កដា ។

មន្ត្រីពេទ្យមួយរូបនៅមន្ទីរពេទ្យគន្ធបុប្ផា​និយាយក្នុងន័យសុំមិនឲ្យបញ្ចេញឈ្មោះប្រាប់​កោះសន្តិភាពនៅរសៀលថ្ងៃទី១១ កក្កដាថា​ក្នុងមួយថ្ងៃមន្ទីរពេទ្យទទួលកុមារស្រី-​ប្រុស​តាម​បណ្តាខេត្តនិងរាជធានីយ៉ាងជាង១ពាន់នាក់ ។ នៅ​ពេលព្រឹកអនុញ្ញាតឲ្យចូលពី៧០០នាក់ទៅ​៨០០នាក់ ហើយនៅពេលថ្ងៃពី៤០០នាក់​ទៅ​៥០០នាក់ ។ រីឯជំងឺមានច្រើនយ៉ាង ខ្លះកើតជំងឺ​គ្រុនឈាម គ្រុនក្តៅ ខ្លះមានជំងឺដែលទើប​កើត​មានពេល​ថ្មីៗកន្លងមកនេះ ។

អ្នកស្រីហេង ណាង មកពីស្រុកល្វាឯម​ ខេត្ត ​កណ្តាល អោបកូន​​ប្រុស​​​មានជំងឺ​បាននិយាយថា គាត់បានធ្វើដំណើរ​មកពី​ឃុំបឹង​ត្រុំ​ តាំងពីព្រឹក​ដើម្បីយកកូន​ប្រុស​អាយុ​៣​ឆ្នាំ ដែលកើត​ជំងឺ​ពងក្នុងមាត់ និង​ដៃជើងមកមន្ទីរពេទ្យគន្ធ​បុប្ផា ​និង​យោងតាមការ​​ណែនាំ​របស់គ្រូពេទ្យ​បង្អែក​​ល្វាឯម រហូតដល់​រសៀលថ្ងៃទី១១ កក្កដា  ទើប​គាត់​ត្រូវបាន​គេ​អនុញ្ញាតឲ្យនាំកូនចូល ។ គាត់ជា​អ្នក​ក្រីក្រមិន​មានលទ្ធភាពនាំកូនទៅគ្លីនិកឯក​ជន​ដើម្បី​ព្យាបាល​នោះទេ ។

លោកយាយ​ឈ្មោះ​ប្រាក់ នាង មកពី​ស្រុក​ព្រៃ​ឈរ​​ ខេត្តកំពង់ចាមបានឲ្យដឹងថា ចៅស្រី​របស់​​គាត់​អាយុ៥ឆ្នាំ មានអាការៈ​គ្រុន​ក្តៅ​ផ្តា​សាយ​ និង​ឈឺ​បំពង់កទើបគាត់​ប្រញាប់​យក​មក​មន្ទីរពេទ្យគន្ធ​បុប្ផា​ព្រោះ​ពេទ្យនេះ​ព្យាបាល​កុមារ​ដោយ​មិន​បង់លុយ ។ ​គាត់​បញ្ជាក់​ទៀត​ថា កាលពីឆ្នាំទៅ​មិញចៅប្រុសរបស់គាត់​បានកើត​ជំងឺ​គ្រុ​ន​ឈាម​ក៏​បញ្ជូន​ទៅមន្ទីរពេទ្យគន្ធ​បុប្ផា​ទាន់​ពេល​វេលា​បាន​​រស់មកដល់​សព្វ​ថ្ងៃនេះ ។ ដោយ​ឡែក​អ្នកស្រី​ញ៉ែម គន្ធា នៅស្រុកមេមត់ខេត្ត​កំពង់​ចាម​បាន​និយាយ​ទាំងទឹកមុខក្រៀមក្រំ​ខណៈ​ពេលជួបអ្នក​យកព័ត៌មានកោះសន្តិភាព​នៅក្រៅរបងមន្ទីរ​ពេទ្យគន្ធបុប្ផាឲ្យដឹងថា កូនស្រី​របស់គាត់​មាន​អាយុ៤ឆ្នាំ នាងបានកើតជំងឺឈិ ព្រោះ​មាន​រោគ​សញ្ញាពងក្នុងមាត់ និងដៃជើង ពងបែក​ជា​ច្រើន​កន្លែង នេះបើតាមការអះអាង​របស់​គ្រូពេទ្យ​ជំនាញ​ឲ្យដឹង ។ ពេលនេះកូន​នាងបានធូរស្រាល​ច្រើនហើយ និងនៅក្រោម​ការ​តាមដានយ៉ាងយក​ចិត្តទុកដាក់ពីក្រុមវេជ្ជ​បណ្ឌិត ។

អង្គ​ការ​សុខ​​ភាព​​ពិភព​លោក​​រួម​ជាមួយ​​​នឹង​ក្រសួង​​​សុខា​ភិបាល​​កម្ពុជា​​បាន​​​សន្និដ្ឋាន​ថា ​ជំងឹ​​ដែល​សម្លាប់​​កុមារ​​អស់​​៦៤​នាក់​ ដោយ​អាថ៌​កំ​បាំង​​នោះ​ ជា​ប្រភេទ​​ជំងឺ​​បង្ក​ដោយ​​​មេរោគ​​ចម្រុះ​គ្នា​ ។​ មេរោគ​​​ចម្រុះ​គ្នា​​រួម​​មានមេរោគ Enterovirus​71, Streptococcous suis​ និង​​គ្រុន​ក្តៅ​ ។ បន្ថែម​លើ​​នេះ​​​ក៏​មាន​​​កា​រប្រើ​​ប្រាស់​​​ថ្នាំ​​​មិន​ត្រឹម​ត្រូវ​​ ដែល​បង្ក​​​ឱ្យ​ប្រព័ន្ធ​​​ការ​​ពារ​ទន់​ខ្សោយ​ និង​ធ្វើ​​ឱ្យ​អាការ​​អ្នក​ជំងឺ​​​កាន់តែ​ធ្ងន់​​ធ្ងរ​​ ។

ដោយ​ឡែក​​លោក​វេជ្ជបណ្ឌិត​​បេ​អាត​​​ រី​​ជន័រ​ ​ស្ថាប​និក​​មន្ទីរ​ពេទ្យ​​​គន្ធ​បុ​ប្ផា​​​ ត្រូវ​បាន​​អ្នក​រាយ​ការណ៍​​​​​ទូរទស្សន៍​CNN ​បានដក​​ស្រង់​​​សម្តី​​ថ្ងៃទី​ ៣០​ មិថុនាមក​ថា​ ​គ្មាន​​​រោគ​សញ្ញា​​​ថ្មី​​ណា​មួយ​​​ត្រូវ​បាន​​គេ​រក​ឃើញ​​ទេ​ ។ ​​អង្គ​ការ​សុខ​ភាព​​ពិភព​លោក​​​បាន​ប្រ​កាស​​ប្រាប់​ក្រុម​អ្នក​​ថៃ​ទាំ​​ជំងឹ​ថា ​ចៀស​វាង​​ការ​ប្រើ​ប្រាស់​​ថ្នាំ​ស្តេរ៉យ​(Steroids) ​ដែលនាំ​ឱ្យ​ជំងឺ​​​​អាច​ឆ្លង​​​មេរោគ​ ធ្វើ​​ឱ្យ​អ្នក​ជំងឺ​​គ្រុន​ក្តៅ​រលាក​​​ស្រោម​ខួរ ​និង​ពិ​បាក​​​ដ​ក​ដង្ហើម​ ។ កាល​​ពី​​​​៤​ខែ​​កន្ល​ងមក​​​ក្រុម​វេជ្ជ​​​បណ្ឌិត​​នៅ​មន្ទីរ​​ពេទ្យ​គន្ធ​បុ​ប្ផា​​​​បាន​ជួប​​ប្រទះ​នឹង​ជំងឺ​​​​​​ចម្លែក​​ដែល​បាន​​សម្លាប់​កុមារ​​យ៉ាង​​ឆាប់​​រហ័ស​បំផុតគួរឱ្យ​​កត់​សំគាល់​ ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​​​រួមរវាង​ក្រសួង​​សុខា​ភិបាល​ និង​អង្គ​ការ​សុខភាព​ពិភព​លោក​កាល​ពី​ថ្ងៃ​ទី​៨ កក្កដា ស្តី​ពី​​បច្ចុប្បន្ន​​កម្ម​នៃ​​ការ​អង្កេត​​ស្រាវ​ជ្រាវ​ ​ជំងឺ​មិន​ដឹង​មូល​ហេតុ​នេះ ​ជា​លទ្ធ​ផល​នៃ​ការ​អង្កេត​ស្រាវ​ជ្រាវ​​ដែល​កំពុង​​បន្ត​កន្លង​មក​ ក្រសួង​សុខា​ភិបាល​បាន​បញ្ចប់​ការ​ពិនិត្យ​ឡើង​វិញ​​លើ​ករណី​សង្ស័យ​ដែល​បាន​សម្រាក​ព្យាបាល​ក្នុង​មន្ទីរ​ពេទ្យ​ទាំង​អស់​ ។ ការ​ពិនិត្យ​ឡើង​វិញ​នេះ បាន​​រាប់​បញ្ចូល​២​ករណី​ថែម​ទៀត​ គិត​ចាប់​តាំង​ពី​ខែ​មេ​សា ដល់​ថ្ងៃ​ទី​៥ កក្កដា ដែល​ធ្វើ​ឱ្យ​ចំនួន​កុមារ​រង​គ្រោះ​ដោយ​ជំងឺ​នេះ​ឡើង​ដល់​៥៩​នាក់ ដែល​​ក្នុង​នោះ​៥២​នាក់​បាន​ស្លាប់​ ។ កុមារ​ទាំង​នោះ​មាន​អាយុ​ចាប់​ពី​៣​ខែ​ដល់​១១​ឆ្នាំ  ដែល​ភាគ​ច្រើន​មាន​អាយុ​តិច​ជាង​៣​ឆ្នាំ ។​ កុមារ​ភាគ​ច្រើន​មិន​ត្រូវបាន​ធ្វើ​តេស្ត​ដោយ​មន្ទីរ​ពិសោធន៍​ទេ ព្រោះ​ពួក​គេ​បាន​ស្លាប់​មុន​ពេល​សំណាក​ត្រូវ​បាន​ប្រមូល ។

សេចក្តី​ប្រកាស​បន្ត​ថា ​យោង​តាម​លទ្ធ​ផល​មន្ទីរ​ពិសោធន៍​ចុង​ក្រោយ​បំផុត ​​មួយ​ភាគ​ធំ​នៃ​សំណាក​​ដែល​បានធ្វើ​តេស្ត​មាន​លទ្ធផល​វិជ្ជ​មាន​វីរុស​​  Enterovirus 71(EV-71) ដែល​បង្ក​ជំងឺ​ពង​បែក​​នៅ​លើ​ដៃ​ជើង​ និង​ក្នុង​មាត់ (HFMD) ។ វីរុស​​ EV-71 ត្រូវ​បាន​គេ​ដឹង​ថា អាច​បង្ក​ផល​វិបាក​ធ្ងន់​ធ្ងរ​ដល់​អ្នក​ជំងឺ​មួយ​ចំនួន​ ។ ​

ចំពោះ​ជំងឺ​ពង​បែក​​​ដៃជើង​ និង​ក្នុង​​មាត់​​ កើ​ត​ឡើង​​ញឹក​ញាប់​​​ចំពោះ​​ទារក​ និង​កុមារ​តូច​​ៗ​​ ហើយ​រោគ​សញ្ញា​​​ដែល​យើង​​ជួប​ប្រទះ​ញឹក​ញាប់​​​រួម​មាន​​ ក្តៅ ខ្លួន ​ឈឺ​ក្នុង​​មាត់ ពង​​កន្ទួល និង​​ពង​បែក​​​​លើ​ដៃ​និង​គូទ ។ ​ជំងឺ​​ពង​បែក​​ដៃ​ជើង​ និង​ក្នុង​មាត់​ ជា​ញឹក​ញាប់​​​បង្ក​ឡើង​ដោយ​​​កុក​​សាគី ​វីរុស A16 ​​ដែល​បង្ក​​ឱ្យ​មាន​​ជំងឺ​ស្រាល​ដោយ​ពុំ​​ចាំ​បាច់​​ទទួល​ការ​​ព្យា​បាល​ដោ​យ​បុគ្គលិក​​សុខា​ភិ​បាល ​និង​មួយ​​​ចំនួន​ប៉ុណ្ណោះ​​ដែលមាន​​​ផល​វិបាក​​ធ្ងន់​ធ្ងរ​ ។ ក៏​ប៉ុន្តែ​​ជំងឺ​ពង​បែកដៃ​ជើង​ និង​​​ក្នុង​មាត់​​ក៏​អាច​​​បង្ក​​​ផង​ដែរ​ដោយ​​សារ Enterovirus​​ ដែល​ក្នុង​នោះ​​មាន Enterovirus71 (EV-71) ដែលអាច​​​បង្ក​ឱ្យ​​​មាន​ជា​ផល​វិបាក​​​ធ្ងន់​ធ្ងរ​​ និង​អាច​​​បង្ក​​​ឱ្យ​ស្លាប់​ ។​ ជំងឺ​ពង​បែក​​ដៃ​ជើង​​ និង​ក្នុ​ង​មាត់​​ជា​ទូ​ទៅ​កើត​​​ក្នុង​ចំណោម​​កុមារ​ដែល​​​មាន​អាយុ​តិច​​​ជាង​​​​១០​ឆ្នាំ ​តែ​ភាគ​ច្រើន​​​គឺកើត​​​ក្នុង​ចំណោម​​​កុមារ​ដែល​​​មាន​អាយុ​តិ​ច​ជាង​​៥​​ឆ្នាំ ​ហើយ​កុមារ​ដែល​​មាន​អាយុ​​​តិច​ងាយ​​​មាន​រោគ​សញ្ញា​​ធ្ងន់​ធ្ងរ ។ រយៈ​ពេល​ចាប់​ផ្តើម​​ពី​ឆ្លង​រោគ​​​ដល់​ចេញ​​​រោគ​សញ្ញា​​ជា​ទូ​ទៅ​​​៣​ទៅ​​​៧​ថ្ងៃ​​ ហើយ​រោគ​សញ្ញា​​​ញឹក​ញាប់​​​​នៃជំងឺ​​នេះ​ គឺ​​ក្តៅ​​ខ្លួន​ដែល​​​​មាន​​រយៈ​ពេល​​​ពី​​​២៤​ទៅ​​​៤៨​​ម៉ោង ។

​ស្នាម​​​កន្ទួល​​រមាស់​​ភាគ​ច្រើន​​​មាន​នៅ​លើ​​​​បាត​ដៃ​ គូទ​ និង​អវ​យវៈ​ភេទ ។ អ្នក​ជំងឺ​ពង​បែក​ដៃ​ជើង​​ និង​ក្នុង​មាត់​ អាច​មិន​​មាន​រោគ​សញ្ញា​អ្វី​ទាំង​អស់​ ឬ​មាន​តែ​​ស្នាម​កន្ទួល​​ឬ​ពង​បែក​មាត់​ ។​

​ជំងឺ​​ពង​បែក​​​ដៃជើង ​​និង​ក្នុង​មាត់​​ ជា​ជំងឺ​​​ឆ្លង​​​ដែល​អាច​​ឆ្លង​ពី​មនុស្ស​​ម្នាក់​ទៅ​មនុស្ស​​​ម្នាក់​​ដោយ​ការ​ប៉ះ​ពាល់​ផ្ទាល់​ទៅ​នឹង​សំបោរ កំហាក​ ទឹក​មាត់​ ទឹក​រងៃ​ដែល​ចេញ​ពី​ព​ង​បែក​ ឬ​លាមក​នៃ​អ្នក​ជំងឺ​ ។ អ្នក​ជំងឺ​​អាច​ចម្លង​​អ្នក​ដទៃ​​បាន​ខ្លាំង​​​​បំផុត​ក្នុង​អំ​ឡុង​​​សប្តាហ៍​ទីមួយ​​នៃ​ជំងឺ​ តែ​គាត់​អាច​​​​ចម្លង​ជំងឺ​​បាន​រហូត​​ដល់​ច្រើន​សប្តាហ៍​​​ក្រោយ​ទៀត​ ។ ជំងឺ​ពង​បែក​ដៃ​ជើង​ និង​ក្នុង​មាត់​​មិន​អាច​ចម្លង​​​ពី​សត្វ​ចិញ្ចឹម​ ឬ​សត្វ​​ដទៃ​ទៀត​ឡើយ ។ បើ​មាន​បញ្ហា​ខាង​លើ​សូមទាក់​​​ទង​ទូរ​ស័ព្ទ​​ទាន់​ហេតុ​ការណ៍​​​១១៥​(ឥតគិត​ថ្លៃ) ឬ​០១២ ៤៨៨ ៩៨១ ឬ​ ០៨៩ ៦៦៩ ៥៦៧ ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]