រាជធានីភ្នំពេញ​​​​​ ៖ បណ្តាញ​សង្គម ​ឬហៅ​ថា​​ហ្វេស​ប៊ុក​ គឺ​ជា​បច្ចេកវិទ្យា​ព័ត៌មាន​មួយ​ថ្មី​ដែល​កំពុង​តែ​មាន​ការ​ពេញ​និយម​យ៉ាង​ ខ្លាំង​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​សម្រាប់​ពលរដ្ឋ​​ខ្មែរ ​ជា​ពិសេស​ក្នុង​ស្រទាប់​យុវវ័យ ។បណ្តាញ​សង្គម​មួយ​នេះ​ត្រូវ​​គេ​មើល​ឃើញ​ថា​កំពុង​តែ​មាន​ភាព​ទាក់​ទាញ ​និង​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​សម្រាប់​ប្រជាជន​ជា​ច្រើន​​នៅ​ជុំវិញ​ពិភព​ លោក ។ ដោយ​ឡែក​សម្រាប់​ប្រជាជន​កម្ពុជា​ បច្ចេក​វិទ្យា​នេះ​មាន​ការ​ផុស​ផុល​ខ្លាំង​ក្នុង​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​ចុង​ ក្រោយ​នេះ​ ស្រប​ពេល​​ប្រទេស​កម្ពុជា​កំពុង​តែ​មាន​ការ​អភិវឌ្ឍ​ជឿន​លឿន​​ខាង​ផ្នែកព័ត៌ ​មាន​វិទ្យា ។

យុវវ័យ​​កម្ពុជា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​តែ​ មាន​ការ​ពេញ​និយម​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់​​បណ្តាញ​សង្គម​មួយ​នេះ ​សម្រាប់​ការ​កម្សាន្ត​ក៏​ដូច​ជា​ការ​រាប់អាន​គ្នា​ជា​មួយ​មនុស្ស​គ្រប់​ ស្រទាប់​នៅ​ជុំវិញ​ពិភព​លោក ។ ពួក​គេ​ទាំង​នោះ​ក៏​បាន​ប្រើប្រាស់​បច្ចេក​វិទ្យា​ព័ត៌មាន​ថ្មី​នេះ​ដើម្បី​ ជជែក​កម្សាន្ត​ និង​ផ្ញើ​សារ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បន្ទាប់​ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ ​នោះ ។

អ្នក​និយម​លេង​ហ្វេស​ប៊ុក​​កញ្ញាធារ៉ា ជា​បុគ្គលិក​​ធ្វើការ​នៅ​​អង្គការ​មួយក្នុង​រាជ​ធានី​​ភ្នំពេញ​​បាន​ និយាយកាល​ពី​ថ្ងៃ​ទី​១០ កក្កដា  ២០១២ ​ថា នាង​បាន​បង្កើត​ហ្វេស​ប៊ុក​មួយ​ផ្ទាល់​ខ្លួន​ដើម្បី​ទុក​ជា​ការ​កម្សាន្ត​ ក្រោយ​ពេល​សម្រាក​ពីការ​ងារ។ ហ្វេស​ប៊ុកជា​បច្ចេក​វិទ្យា​មួយ​ថ្មី​ដែល​យើង​អាច​ប្រើប្រាស់​សម្រាប់​ស្វែង ​រក​មិត្ត​គ្រប់​ទីកន្លែង​ ហើយ​បច្ចុប្បន្ន​នាង​មាន​មិត្ត​ភក្តិ​​ចំនួន​ជិត​៥ពាន់​នាក់​ហើយ។

កញ្ញា​រូប​នេះ​បន្ត​ថា​ ជា​រៀង​រាល់​ថ្ងៃ​ក្រោយ​ពេល​សម្រាក​ពី​ការ​ងារនាង​​តែងតែ​ប្រើ​ប្រាស់​ហ្វេស ​ប៊ុក​ដើម្បី​ជជែក​លេង​ជាមួយ​មិត្ត​ភក្តិ​សម្រាប់​បំបាត់​ការ​អផ្សុក​​ ជា​ពិសេស​នោះ​​ក៏​អាច​ប្រើ​ប្រាស់​វា​ដើម្បី​ផ្ញើ​ឯកសារ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ ​មក​​បាន​ដែរ ។
កញ្ញា សុខគា ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​បាន​ផ្តល់​ជា​យោបល់​​ថា​ នាង​បាន​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​គ្រាន់​ជា​ការ​កម្សាន្ត​ និង​ការ​ជជែក​លេង​ជា​មួយ​មិត្ត​ភក្តិ​ដែល​បាន​ស្គាល់​គ្នា ។ ហ្វេស​ប៊ុក​ជា​បច្ចេក​វិទ្យា​មួយ​ទំនើប​ដែល​យើង​អាច​ប្រើ​ប្រាស់​ តាមវិធីជាច្រើនដូចជា ការ​ផ្តល់​ជា​ដំណឹង និង​ការ​បង្ហោះ​រូប​ភាព​ផ្សេងៗ​ដើម្បី​បែង​ចែក​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ។

អ្នក​និយម​លេង​ហ្វេស​ប៊ុកលោក វីរៈ ជា​និស្សិតនៅ​​សាកល​វិទ្យាល័យ​ឯកជន​​មួយ​ក្នុង​រាជធានី​ភ្នំពេញ ​​ផ្តល់​ជា​យោបល់​ថា​លោក​មាន​ការ​ជក់​ចិត្ត​យ៉ាង​ខ្លាំង​សម្រាប់​ការ​ កម្សាន្ត​ជា​មួយ​បណ្តាញ​សង្គម​ដ៏​ទាន់​សម័យ​មួយ​នេះ​ ព្រោះ​លោក​គិត​ថា​​វា​ជា​ផ្នែក​មួយ​មិន​ត្រឹម​តែ​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ​ ទេ​ តែ​វា​ក៏​អាច​ឲ្យ​លោក​ផ្ញើ​ ​និង​ទទួល​ឯកសារ​មេរៀន​ពី​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​ងាយ​ស្រួល ។
អ្វី ​ដែល​ពិសេស​ជាង​នេះ​ទៅ​ទៀត​នោះ​លោក​ក៏​បាន​ប្រើ​ប្រាស់​វា​ដើម្បី​ផ្លាស់​ ប្តូរ​បទ​ពិសោធន៍​ការ​រស់​នៅ ​វប្បធម៌​ និង​ប្រពៃណី​ នៅ​ពេល​ដែល​លោក​បាន​ជជែក​កម្សាន្ត​ជា​មួយ​មិត្ត​ភក្តិ​ផ្សេង​ៗ​នៅ​​ជុំវិញ​ ពិភពលោក ។

យុវ​និស្សិត​កញ្ញា​នីតា​​ បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ថា​ នាង​បាន​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​ដើម្បី​រាប់​អាន​មិត្ត​ភក្តិ​ឲ្យ​បាន​ច្រើន ​ដើម្បី​ជា​ការ​ជជែក​កម្សាន្ត​ និង​បង្ហាញ​រូបភាព​ប្លែកៗ​ ផ្សេងៗ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ ជា​ពិសេស​នោះ​គឺសម្រាប់​ការ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អ្នក​ប្រើ​ ប្រាស់​បណ្តាញ​សង្គម​នេះ​ដូចគ្នា ។

ជុំវិញ​បច្ចេក​វិទ្យា​ថ្មីហ្វេស​ប៊ុក​នេះ ​សម្រាប់​អាណាព្យា​បាល​មួយ​ចំនួន​មិន​សូវ​បាន​យល់​ដឹង​ច្រើន​ពីវា​​ ហេតុ​នេះ​ពួក​គាត់​មិន​សូវ​ជា​ចាប់​អារម្មណ៍​ជា​មួយ​កូន​ដែល​បាន​ប្រើ​ ប្រាស់​បណ្តាញ​សង្គម​នេះឡើយ ។ ចំណែក​​សម្រាប់​ឪពុក​ម្តាយ​​មួយ​ចំនួន​ទៀតដែល​​យល់​ដឹង​ពី​បណ្តាញ​សង្គម​ ថ្មី​នេះ​បាន​លើក​ឡើង​ថា​វា​​ជា​បច្ចេក​វិទ្យា​មួយ​ថ្មី ​បើ​សិន​ជា​កូន​របស់​គាត់​យល់​ដឹង​នោះ ​ក៏​វា​ជា​ការ​ល្អ​ដែរ​ ព្រោះ​នេះ​ជា​ចំណេះ​ដឹង​មួយ​ផ្នែក​ខាង​ព័ត៌មាន​វិទ្យា ។ ទោះ​ជា​យ៉ាង​ណា​ក្តី​​ពួក​​គាត់​ក៏​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ផងដែរ​ ប្រសិន​បើ​កូនៗ​របស់​ពួក​គាត់​មាន​ការ​ងប់​ងល់​ខ្លាំង​ជា​មួយការ​លេង​ហ្វេស​ ប៊ុក​ ព្រោះ​អាច​ប៉ះ​ពាល់​​ដល់​ការ​សិក្សា​​ និង​សុខ​ភាព​ ។ ដូច្នេះហើយ​ជា​រឿយៗ​ពួក​គាត់​តែង​តែ​ដាស់​តឿន​ដល់​កូនៗ​​មិន​ឲ្យ​លេង​ហ្វេស​ ប៊ុក​ច្រើន​រហូត​​ភ្លេច​ការ​សិក្សា​​ទេ ។

ដោយ​ឡែក​សម្រាប់​ក្រុម​អ្នក​មាន​វិជ្ជា​ជីវៈ​សារ​ ព័ត៌មាន​វិញ​បាន​លើក​ឡើង​ថា​ ហ្វេសប៊ុក​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​សារ​ព័ត៌មាន​បែប​ថ្មី ព្រោះ​អ្នក​ប្រើ​ប្រាស់​​មួយ​ចំនួន​បាន​ប្រើ​វា​សម្រាប់​ផ្តល់​ព័ត៌មាន​ ថ្មីៗ​ដែល​បាន​កើត​ឡើង ​ហើយ​ចែក​ចាយ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​បាន​យ៉ាង​រហ័ស​ ។ ​ជា​ពិសេស​​សម្រាប់​​អ្នក​សារ​ព័ត៌មាន​អាច​ទទួល​បាន​ប្រភព​ព័ត៌មាន​ថ្មីៗ​ពី ​បណ្តាញ​សង្គម​ដ៏​ទាន់​សម័យ​នេះ​ផងដែរ។

ទោះ​ជា​យ៉ាង​ណា​ក្តី​អ្នក​ជំនាញ​មួយ​ចំនួនបាន​លើក​ឡើង ​ពី​បញ្ហា​ប្រឈម​មួយ​ចំនួន​សម្រាប់​ការ​​ប្រើ​​ប្រាស់​បណ្តាញ​សង្គម​មួយ​នេះ ​ដូច​ជាការ​ប្រើ​ប្រាស់​វា​ដើម្បី​បង្ហោះ​រូប​អាសអាភាស ការ​ប្រើ​ឈ្មោះ​អ្នក​ដ​ទៃ​​ដែល​គេ​មិន​បាន​ដឹង​ខ្លួន​ដើម្បី​ធ្វើការ​វាយ​ ប្រហារ​គេ ។ ជាង​នេះ​ទៅ​ទៀតអ្នក​​មួយ​ចំនួន​​​បាន​ប្រើ​ប្រាស់​ហ្វេស​ប៊ុក​​ដើម្បី​ បរិហារ​កេរ​្តិ៍​ពីគ្នាទៅ​វិញ​ទៅ​មក​ ហើយ​មួយ​ចំនួន​ទៀត​បាន​ផ្តល់​ព័ត៌មាន​ខុស​ពីការ​ពិត​បង្ក​ឲ្យ​មាន​ភាព​ ភ្ញាក់​ផ្អើល ។

បើ​យោង​​តាម​​ឯកសារ​​បាន​​បង្ហាញ​​ថា​បណ្តាញ​​ សង្គមហ្វេស​ប៊ុក​​​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ២០០៤ ដោយ​ស្ថាប​និក​​វ័យ​ក្មេង​ជន​ជាតិ​អា​មេរិក​ឈ្មោះMark Zuckerberg ដែល​រហូត​មក​ដល់​ពេល​នេះ​មាន​អ្នក​ប្រើប្រាស់​ចំនួន​៩០០​លាន​នាក់​នៅ​ជុំវិញ ​ពិភពលោក ។ ដោយ​ឡែក​សម្រាប់​ប្រទេស​កម្ពុជា​ទើប​តែ​ពេញ​និយម​ក្នុង​ការ​ប្រើ​ប្រាស់​ បណ្តាញ​សង្គម​មួយ​នេះ​ត្រឹម​តែ​រយៈ​ពេល​២​ទៅ​៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ ប៉ុណ្ណោះ ។បណ្តាញ​សង្គម​ថ្មី​ហ្វេសប៊ុក​នេះ​ត្រូវ​គេ​ចាត់​ទុក​ថា​​បាន​ផ្តល់​ផល​ល្អ​ ផង ​និង​អាក្រក់​ផង​សម្រាប់​អ្នក​ប្រើប្រាស់​ ដោយ​មាន​ការ​​ពេញ​និយម​​សម្រាប់​ប្រជាជន​នៅ​ជុំវិញ​ពិភពលោក ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]