បាត់ដំបង ៖ ក្មេងស្រីអាយុ១៥ឆ្នាំ ម្នាក់ត្រូវបានកម្លោះឆ្លងដែនម្នាក់ ពង្រត់ពីភ្នំពេញមកបាត់ដំបង កាលពីល្ងាចថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១២ ពេលម្តាយនាងបានដឹងក៏ប្តឹង នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ លុះល្ងាចថ្ងៃដដែល នគរបាលការិយាល័យជំនាញ ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ នៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង នាំយកមកស្នងការខេត្ត ធ្វើការសាកសួររួច កសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាកាខេត្ត ដើម្បីចាត់ការបន្ត តាមច្បាប់។ ចំណែកកូនស្រីត្រូវម្តាយនាំ យកទៅភ្នំពេញឲ្យទៅរៀនវិញ។

លោកវរសេនីយ៍ទោ កុយ ហៀង នាយការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត បានឲ្យដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចខ្លួន មានឈ្មោះ រស់ សុទ្ធថា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកម្មករសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។ ចំណែកជនរងគ្រោះមាន អាយុ១៥ឆ្នាំ មានទីលំនៅភូមិសន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមការរៀបរាប់ពីអាណាព្យាបាលរបស់ឈ្មោះ ជនរងគ្រោះបាននិយាយថា កូនស្រីរបស់លោក ស្ថិតក្នុងវ័យសិក្សា ក្នុងថ្នាក់ទី៩ នៃអនុវិទ្យាល័យដំបូកខ្ពស់នៅឡើយ។ លោកបន្តថារាល់ថ្ងៃកូនស្រីរបស់គាត់ គឺទៅរៀននៅម៉ោង ១២ និង៣០នាទី ថ្ងៃត្រង់ និងចេញមកដល់ផ្ទះម៉ោង ៥និង១៥នាទី មិនដែលបាត់ពីផ្ទះទេ។ លុះនៅល្ងាចថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ២០១២ មិនឃើញកូនស្រីត្រឡប់មកផ្ទះ ធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង អំពីសុវត្ថិភាពរបស់កូន ហើយក៏នាំគ្នាចេញទៅតាមរក តែរកមិនឃើញ។ ក្រោយពីបាន២ថ្ងៃ គឺថ្ងៃទី១០ ខែកុម្ភៈ ទើបគាត់បានទទួលដំណឹងថា កូនស្រីកំពុងរស់នៅខេត្តបាត់ដំបង គឺនៅផ្ទះយុវជនម្នាក់មានឈ្មោះ រស់ សុទ្ធថា អាយុ ២១ឆ្នាំ រស់នៅក្នុងសង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង។

ក្រោយមកគាត់បានឡើង មកដល់ខេត្តបាត់ដំបងហើយ បានមកដាក់ពាក្យបណ្ដឹងនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្ត និងសុំឲ្យ សមត្ថកិច្ចជំនាញជួយអន្តរាគមន៍។ លុះដល់វេលាម៉ោង១០យប់ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១២ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពួកគេទាំង២នាក់ មកស្នងការខេត្ត ទាំងយប់តែម្តង។ ក្រោយពីឃាត់ខ្លួនហើយ ឪពុកខាងប្រុស បានចេញមុខមកអះអាងថា ពួកកូនទាំង២នាក់ បានស្រឡាញ់គ្នាដោយមានកណត់ហេតុ ពីការព្រមព្រៀងគ្នារបស់លោកស្រីចៅសង្កាត់ បានបញ្ជាក់ជាសំអាងទៀតផង។តែទោះជាយ៉ាងណាក៏ដោយឪពុកម្តាយខាងស្រី មិនយល់ព្រមទេ គ្រាន់តែគាត់បាន យកកូនស្រីគាត់ ត្រឡប់ទៅភ្នំពេញវិញ ហើយរឿងផ្សេងទុកឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ទៅចុះ ។

ក្រោយពីខាងស្រី បានសម្រេចចិត្តហើយ ការិយាល័យជំនាញបានធ្វើការឃាត់ខ្លួន បណ្តោះអាសន្ន នៅស្នងការខេត្ត និងកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដកស្រង់ពី គេហទំព័រ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]