ខេត្ត​ក្រចេះ​ ៖ ​បុរស​ម្នាក់​​ដែល​ក្រុម​គ្រួសារ​អះអាង​ថា មាន​សតិ​មិន​ប្រក្រតី ត្រូវ​បាន​​កម្លាំង​​នគរ​បាល​អធិការ​ស្រុក​ស្នួល តាម​​ចាប់​ខ្លួន​បាន​កាល​ពី​ថ្ងៃទី​៩ កក្កដា ២០១២ ​ក្រោយ​ពី​ជន​ដៃ​ដល់​ម្នាក់​នេះ​ប្រដាប់​ដោយ​ពូថៅ​បា​ន​កាប់​ទៅ​លើ​ស្ត្រី​ ជា​ប្រពន្ធ​​ជា​ច្រើន​ពូថៅ បណ្តាល​ឱ្យ​ស្លាប់​​ក្នុង​ថ្លុក​ឈាម​នៅ​​នឹង​កន្លែង​ ហើយ​ក៏​រត់​គេច​ពី ការ​តាម​ប្រមាញ់​​របស់​នគរបាល និង​​បន្ត​កាប់​មនុស្ស​ម្នា​ក្នុង​ភូមិ​ពីរ​នាក់​​ផ្សេងទៀត បណ្តាល​ឱ្យ​​​របួស​​យ៉ាង​ដំណំ​រៀង​ខ្លួន ។

បុរស​ជាប់​ចោទ​រូប​នេះ​ឈ្មោះ​ត្រៀម ​ជីវ ហៅ​ជាវ អាយុ​៣៤​ឆ្នាំ​​ មាន​ទីលំនៅ​​ចំណុច​អូរ​លុង ភូមិ​ស្អាត ឃុំ​ស្រែ​ចារ ស្រុក​ស្នួល។ ​ចំណែក​ឯ​ស្ត្រី​ជា​ប្រពន្ធ​​ឈ្មោះ​មិន សារិន អាយុ​២៥​ឆ្នាំ ​​ត្រូវ​បុរស​ជា​ប្តី​កាប់​ចំនួន​៤​​ពូថៅ​ ​​​ត្រូវចំ​ក្បាល​​គុម្ព​ត្រចៀក និង​មុខ​​ស្លាប់​ភ្លាម​មួយ​​​​រំពេច​​​នៅ​លើ​ផ្ទះ។

​មន្ត្រី​នគរបាល​​នៃ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ ធ្ងន់​​ខេត្ត​បាន​​ឱ្យ​ដឹង​​ថា កាលពី​​រសៀល​​ថ្ងៃ​ទី​៨ កក្កដា ខណៈ​​ពេល​​ស្ត្រី​ជា​ប្រពន្ធ​​ត្រឡប់​មក​ពី​​ផ្ទះ​ឪពុក​វិញ បុរស​ជា​ប្តី​ក៏​​យក​កូន​តូច​​ពី​ដៃ​​​ប្រពន្ធ​​មក​ព​លេង រួច​ក៏​ហុច​កូន​ទៅ​ឱ្យ​ប្រពន្ធ​វិញ តែ​ស្ត្រី​ជា​ប្រពន្ធ​មិន​ប្រយ័ត្ន​​ក៏​របូត​ដៃធ្លាក់​​កូន​ពីរ​ដៃ ។ ភ្លាម​នោះ​បុរស​ជា​ប្តី​​បាន​ស្ទុះ​ទៅ​ទាញ​​ពូថៅ​​នៅ​លើ​គ្រែ​ ​កាប់មក​​លើ​ស្ត្រី​ជា​ប្រពន្ធ​​ចំនួន​៤​ពូថៅ បណ្តាល​ឱ្យ​ដាច់​ខ្យល់​ស្លាប់​​មួយ​រំពេច ។

ប៉ូលិស​បាន​ឱ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពី​កាប់​សម្លាប់​ប្រពន្ធ​រួច ជនដៃដល់បម្រុង​ស្ទុះ​​ទៅ​​កាប់​កូន​​តូច​នោះ​​ទៀត តែត្រូវ​​បាន​គេ​ជួយ​ទាន់ ។ ​ក្រោយ​ពី​បង្ក​ហេតុ​ជន​ដៃ​ដល់​ប្រដាប់​ដោយ​ពូថៅ​​បាន​រត់​ទៅ​ខាង​ត្បូងភូមិ ហើយ​ពេល​រត់​ទៅ​​ដល់​ភ្លឺ​ស្រែ​ក៏​ជួប​បុរស​ម្នាក់​ឈ្មោះ​វិត រេវ ដែល​កំពុង​លើក​​ភ្លឺ​ស្រែ​ក៏​ត្រូវជន​ដៃ​ដល់​កាប់​មួយ​ពូថៅ​ចំភ្នែក​ បណ្តាល​​ឱ្យ​រ​ង​របួស​ធ្ងន់​ដួល​ផ្កាប់​មុខ​ទៅលើ​ដី ។ បន្ទាប់មក​ជន​នេះ​បាន​រត់​បន្ត​​ទៅ​មុខ​ទៀត​ក៏​​ជួប​នឹង​បុរស​ម្នាក់​ទៀត​ ឈ្មោះ​តន ​ប្រោង ​ដែល​កំពុង​តែ​ជម្រះ​ស្មៅ​ដំឡូង ក៏​ត្រូវ​ជន​ដៃ​ដល់​ស្ទុះ​​កាប់​​មួយ​ពូថៅ​​ចំស្មា រង​របួស​ធ្ងន់​ដូច​គ្នា ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]