ខេត្ត​​កំពង់​ឆ្នាំង​ ៖ មានការភ្ញាក់ផ្អើលមួយ កាលពីវេលាម៉ោង៤ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៨ កក្កដា ដោយសារតែកូនស្រីរបស់ស្រ្តីម្នាក់ បាន រត់ទាំងត្រហេបត្រហបមក​ប្រាប់ជីដូន​ដែល​ពិការភ្នែកទាំងសងខាង​ថា មានគេចាប់​ម្តាយ​របស់​ខ្លួនដាក់លើម៉ូតូយកទៅបាត់​ខណៈដែល​ម្តាយ​ និងកូនស្រីទាំង​ពីរនាក់កំពុង​ដើររើស​ត្នោត​ទុំនៅ​ចម្ងាយ​ប្រមាណ២០០ម៉ែត្រ​ ខាងក្រោយផ្ទះ។ ​

លោកជាង សុវណ្ណរិទ្ឋ អធិការ​នគរ​បាល​​ស្រុក​បរិបូណ៌​ថ្លែង​ថា ​ហេតុ​ការ​ណ៍​ភ្ញាក​់​ផ្អើល​​នេះ​​កើត​មាន​​នៅ​ភូមិ​​ភ្នៀត​ ឃុំ​ផ្សារ​​​ ស្រុក​បរិបូណ៌​​ ប៉ុន្តែ​លោក​មិន​ទាន់​ជឿ​ថា​មាន​គេមក​ចាប់មនុស្ស​ឆៅៗបានស្រួលបែបនេះ​ទេ ទោះ​ជា​យ៉ាង​ណា​​លោកទទួលស្គាល់ថាស្ត្រីរូបនោះ ពិតជា​បាត់​ខ្លួន​​ពីផ្ទះពិតមែន ។ លោកបន្តថា ស្ត្រីរូបនោះ​ឈ្មោះ លី គឹមអេង អាយុ ៣៥ឆ្នាំ ​ជា​ស្ត្រី​​មេម៉ាយ​​មាន​កូន​​៣នាក់​​ និង​​មានទីលំនៅក្នុង​ភូមិភ្នៀត ។ លោក​បានដក​​ស្រង់សម្តីរបស់កុមារី ផាន សុភី អាយុ​១៤​ឆ្នាំ ដែលជាកូន​ស្រីរបស់​ស្រ្តីរូប​នោះថា មុន​ពេល​​កើតហេតុ នាងនិង​ម្តាយ​បាន​ទៅដើរ​រើស​ត្នោតទុំនៅក្រោយ​ផ្ទះដូច​សព្វ​ដង ។ ប៉ុន្តែ​នៅថ្ងៃ​នោ​ះ ពេលនាងនិងម្តាយ​កំពុង​រើស​ត្នោតទុំ ស្រាប់​តែមាន​មនុស្សប្រុស២​នាក់ ម្នាក់​នៅចាំលើ​ម៉ូតូ ​និង​ម្នាក់ទៀត​​ស្ទុះមក​ចាប់​ម្តាយនាង​ដាក់​លើម៉ូតូ រួចបើកគេចចេញទៅបាត់តែម្តង ដោយ​មិនបានធ្វើអ្វីមកលើរូបនាងឡើយ ហើយ​នាង​ក៏​បាន​រត់មកប្រាប់ជីដូននៅឯផ្ទះទើបមានការ
ឆោ​​ឡោឡើង ។
លោកអធិការ ​នគរ​បាល​ស្រុក​បន្ត​ថា ការ​ចាប់មនុស្សម្នាក់ដាក់លើម៉ូតូបែបនេះមិនមែនជាការស្រួលៗទេ ហើយក្រោយពីបានទទួល​ដំណឹង​នេះ លោកក៏បាន​ដឹកនាំក​ម្លាំងចុះស្រាវជ្រាវ​ដល់​កន្លែងកើតហេតុ តែ​គ្មានបន្សល់ទុក​នូវអ្វីដែល​គួរ​សង្ស័យឡើយ ។ លោកបានបញ្ចាក់ពីប្រវត្តិខ្លះៗរបស់​ស្ត្រីរូបនោះថា នាងជាស្រ្តីមេម៉ាយ ហើយ​កាលពី​ពេល​មុនកើត​ហេតុ​ធ្លាប់​បានពង្រត់​បុរស​ម្នាក់​ដែល​ មានប្រពន្ឋកូនលែង​គ្នាមិនទាន់ដាច់​ស្រេច​​ទៅស្រុកវាលវែង ខេត្តពោធិ៍សាត់ បាត់​ជាង​​​៣ខែ ទើប​ត្រឡប់​មកវិញ ។ ប៉ុន្តែ​ពេល​មក​ដល់​​ស្រុកប្រហែលជាមានបញ្ហាអ្វី ទើប​ស្រ្តី​រូប​នោះដាក់ពាក្យប្តឹង​បុរសរូបនោះ ដែលសំណុំរឿង​នេះ​នៅ​មិនចប់នៅឡើយទេ ព្រោះតែបុរស​​រូប​នោះ​មិន​ចូលខ្លួនមកដោះស្រាយ ហើយមិន​ត្រឹម​តែ​ប៉ុណ្ណោះ​​បុរសរូបនោះនៅបានបោះពាក្យ​សម្តី​ថា គេនឹងយកស្ត្រីរូបនោះ​មក​ធ្វើជា​ប្រពន្ឋឱ្យ​ខាង​តែបាន។

លោក​អធិ​ការ​​បានបន្តដែរថា​ មុនពេល​កើត​ហេតុ​នេះ ​គេបានឃើញបុរសរូប​នោះមាន​វត្ត​មាន​នៅក្នុងស្រុកភូមិ​២ថ្ងៃហើយក៏​បាត់ខ្លួន​ ទៅវិញ ស្របពេលជា​មួយនឹង​មាន​ករណី​ផ្ទុះរឿង​ចាប់មនុស្សដាក់លើម៉ូតូនេះ ។  ទោះបីជា​បែប​នេះ​ក្តី លោក​កំពុងស្រាវជ្រាវ​ករណី​ខាង​លើ​នេះ ​ព្រោះ​​ខ្លាច​មានអំពើអ្វីផ្សេងទៀតកើតឡើង។

សូមបញ្ជា​ក់ថា កូន៣នាក់​របស់ស្រ្តីរូប​នេះ​កំពុងរស់នៅជាមួយជីដូនពិការ​ភ្នែកទាំង​សង​ខាង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]