ខេត្ត​កំពត ៖ សពស្ត្រី​មេម៉ាយ​​​​ម្នាក់​​ ត្រូវ​​​បាន​​ពល​រដ្ឋ​​​ប្រទះ​ឃើញ​​​​ហើម​ស្អុយ​​​នៅក្នុង​​​ស្រូវ​​​កណ្តាល ​​ស្រែ​​​ ស្ថិត​ក្នុង​​​ភូមិ​ត្នោត​​​​ ឃុំ​ត្នោត​​​ចុង​​ស្រង់​ ស្រុក​បន្ទាយ​មាស កាល​ពី​ថ្ងៃទី​​​​១០ កក្កដា។ សព​ស្ត្រី​​​រង​គ្រោះ​​​​ដែល​​​​​ឃាត​​ករ​​​សម្លាប់​​យ៉ាង​​​​សាហាវ​​​ព្រៃ​ ផ្សៃ​​ ដោយ​មាន​វះ​ពោះ​​ផង​នោះ​ ​ត្រូវ​បាន​​​គេ​ស្គាល់​ថា ​​ឈ្មោះ​សៅ​​ លី​​ អាយុ​​៤៤​ឆ្នាំ​ ជា​ស្រ្តីមេ​ម៉ាយ​​​កូន​​​៣នាក់​ ។ ​ក្រោយ​ពី​​ការ​ប្រទះ​​ឃើញ​​​​សព​នៅ​វេលា​រសៀល​​​ថ្ងៃ​ដដែល​​​​ ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​​ខេត្ត​​​រួម​ទាំង​​​ប៉ូលិស​​​​ការិយា​ល័យ​​​បច្ចេក​​ ទេស​​​ខេត្ត​​ សហ​ការ​ជា​មួយ​​​​ប៉ូលិស​​​អធិការ​ដ្ឋាន​​​​ស្រុក​​ និង​ប៉ូលិស​​ព្រំ​ដែន​​​​គោក​​ ក៏​​បាន​ទៅ​ពិនិត្យ​​​​មើល​​សព​ស្ត្រី​​​​​​​ដែល​​​គេ​សម្លាប់​​នេះ ។ ​

​អ្នក​​​ភូមិ​និយាយ​​គ្រប់​​មាត់​ថា ​​ស្ត្រី​រូប​នេះ​​​​​​​គេ​សម្លាប់​​​រួច​​​ហើយ​ ទើប​​​គេ​វះយក​ថ្លើម​​ និង​​ក្រលៀន​​​​ទៅ​បាត់​​ ។ ទោះ​បី​​ជា​​បែបណា តាម​​មន្ត្រី​ប៉ូលិស​​​អធិការ​ដ្ឋាន​​ស្រុក​​​និយាយ​ថា ​​ស្ត្រី​មេ​ម៉ាយ​​​រូបនេះ​​​រស់​នៅ​​​ជា​មួយ​​កូន​ស្រី​​​ម្នាក់​​​អាយុ​​​ ១០​ឆ្នាំ ចំណែក​​ឯ​កូន​​២នាក់​​ទៀត​​ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​កាត់​ដេរឯរាជ​ធានី​ ភ្នំពេញ​។ មុន​ពេល​កើត​ហេតុ គឺ​យប់​ថ្ងៃទី​៧ កក្កដា ស្ត្រី​រង​គ្រោះ​បាន​ដើ​រ​មក​ទិញ​ប្រេង​កាត​ដុត​បំភ្លឺ​​នៅ​ពេល​យប់​នៅ​ផ្ទះ ​ក្មួយ​ខាង​ជាង​ផ្ទះ​របស់​ខ្លួន ចម្ងាយ​ប្រហែល​មួយ​គីឡូ​ម៉ែត្រ ក៏​បាត់​ខ្លួន​រហូត​មិន​ដឹង​ជា​ទៅ​ទី​ណា​ ហើយ​ក្រុម​សាច់​ញាតិ​បាន​តាម​រក​ដែរ​តែ​រក​មិន​ឃើញ​ ។ លុះ​មក​ដល់​ព្រឹក​ថ្ងៃទី​១០ កក្កដា ស្រាប់​​តែ​ប្រទះ​ឃើញ​សព​ត្រូវ​ជន​មិន​​ស្គាល់​មុខ​សម្លាប់​ ហើយ​យក​សព​ដាក់​ចោល​នៅ​ក្នុង​ស្រូវ​ ។

ទាក់​ទង​នឹង​ហេតុ​ការ​ណ៍​នេះ លោក​គង់ កុសល មន្ត្រី​ប៉ូលិស​បច្ចេកទេស​ខេត្ត​ដែល​បាន​ធ្វើ​កោសល្យ​វិច័យ​​សព​​អះ​អាង​ថា ឃាត​ករ​មិន​មែន​សម្លាប់​ស្ត្រី​រូប​នេះ​វះ​យក​ថ្លើម​ និង​ក្រលៀន​នោះ​ទេ ។ ​យោង​តាម​ការ​​ត្រួត​ពិនិត្យ​ជុំ​វិញ​ការ​សម្លាប់ រួច​​វះពោះ​នេះ ​មន្ត្រី​ប៉ូលិស​បាន​រក​ឃើញ​ពោះ​វៀនជន​រងគ្រោះ​​មួយ​កំណាត់​ប្រហែល​កន្លះ​ ម៉ែត្រ​នៅ​ឆ្ងាយ​ពី​សព ។ ​

​លោក​ ចាប សុផាត អនុប្រធាន​ផ្នែក​​នៃ​​ការិ​យាល័យនគរបាល​​​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​ខេត្ត​ មាន​ប្រសាសន៍​ថា ​​ស្ត្រី​រងគ្រោះ​ពិត​ជា​​ត្រូវ​ឃាត​ករ​សម្លាប់​​មែន តែ​ប៉ូលិស​កំពុង​ស្ថិត​នៅក្នុង​ការ​ស៊ើប​អង្កេត​​នៅឡើយ​ថា​ តើ​ឃាតករ​វះ​ពោះ​ស្ត្រី​​រង​គ្រោះ​មាន​បំណង​អ្វី? អ្នក​ភូមិ​​និយាយថា ស្ត្រី​រងគ្រោះ​ធ្លាប់​​តែ​ផឹក​ស្រា​ស្រវឹង​ជាញឹក​ញាប់​ហើយ​​គេ​សង្ស័យ​​​ ច្រើន​ជាង​គេនោះ គឺ​ទំនង​ត្រូវ​គេ​ចាប់​រំលោភ ។ ទោះជា​បែប​ណា ក៏​មិន​ទាន់​មានពន្លឺ​អ្វីសម្រាប់សមត្ថកិច្ច​នៅឡើយ​ទេ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]