ខេត្តពោធិ៍​សាត់​ ៖ ​រថយន្ត​ទីកូ​កញ្ចាស់​មួយ​គ្រឿងពណ៌​ស ​ត្រូវបាន​ជន​មិន​ស្គាល់​​មុខ​បើក​យក​ទៅ​ទុក​​ចោល​នៅ​កន្លែង​លាង​ម៉ូតូ​​ -ឡាន​​មួយ​កន្លែង​ជាប់​មាត់​ស្ទឹង​ខាង​មុខ​ផ្សារ​ពោធិ៍​សាត់ ស្ថិត​ក្នុង​ភូមិ​ពាល​ញែក​២ សង្កាត់​​ផ្ទះ​ព្រៃ ​ក្រុង​ពោធិ៍​សាត់ រយៈ​ពេល​​២​ថ្ងៃ​មក​ហើយ​មិន​ឃើញ​ម្ចាស់​មក​យក​វិញ​សោះ ។

នៅ​ថ្ងៃទី​១០ កក្កដា ២០១២ ​វេលា​ម៉ោង​​១១​ព្រឹក​ បន្ទាប់​ពី​ម្ចាស់​កន្លែង​​លាង​​ម៉ូតូ-ឡាន​រាយ​ការណ៍​ជូន​ទៅ​សមត្ថ​កិច្ច​ ភ្លាម​ លោក​ប៉ង់ ច័ន្ទ​សុយុទ្ធា​រ៉ា ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​បាន​ដឹក​នាំ​កម្លាំង​​ចុះ​ទៅ​ ត្រួតពិនិត្យ​​មើល​ដែល​ធ្វើ​ឱ្យ​មាន​​ការភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង ។ រថយន្ត​​ដែល​ជន​មិន​ស្គាល់​មុខ​យក​ទៅ​ទុក​ចោល​នោះ​ជាប់​សោ​ទ្វារ​ទាំង​អស់​ ហើយ​​ពេល​ហៅ​ជាង​ធ្វើ​សោ​ឱ្យ​មក​បើក​ឆែក​មើល​ក្នុង​រថយន្តពុំ​ឃើញ​មាន​អ្វី​ ក្រៅពី​​ខោអាវ​ចាស់​ៗ​៣ទៅ៤​កំប្លេ ច្រក​ក្នុង​ការ៉ុង​ និង​គ្រឿងអលង្ការ​​កាឡៃ​ពាក់​សម្រាប់​ការ​​ពារ​ជំងឺ​លើស​ឈាម គឺ​ខ្សែ​ដៃ​២​ខ្សែ និង​ខ្សែ.ក​១​ខ្សែ​។ បន្ទាប់​ពី​​ត្រួតពិនិត្យ​​ និង​ធ្វើ​កំណត់​ហេតុ​រួច​លោក​​ប៉ង់ ច័ន្ទ​សុយុទ្ធា​រ៉ា បាន​បញ្ជា​ឱ្យ​​យក​រថយន្ត​​នោះ​ទៅរក្សាទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ ពោធិ៍​សាត់ ​ដើម្បី​ស៊ើប​អង្កេត​​បន្ត។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]