ព្រះសីហនុ៖ ទីបំផុត ការប្រគំតន្ត្រី KAZANTIP ដែលគ្រោងនឹងប្រារព្ធ សរុបចំនួន ១០ ថ្ងៃ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៨ ខែកុម្ភៈ នៅកោះពស់ ស្ថិតនៅទឹកដី នៃក្រុងព្រះសីហនុ ត្រូវលុបចោលជាស្ថាពរ នេះបើតាមការឲ្យដឹងពី គេហទំព័រ សារព័ត៌មាន ដឺហ្កាដៀន ដ៏ល្បីរបស់ចក្រភព អង់គ្លេស។

សារព័ត៌មានដដែល បានបន្តឲ្យដឹងទៀតថា មានភ្ញៀវទេសចរបរទេស ជាច្រើននាក់ បានមកដល់ ទឹកដី នៃខេត្តព្រះសីហនុ កាលពីថ្ងៃពុធ កន្លងទៅ ក្នុងគោលបំណង ដើម្បីចូលរួម ការប្រគំតន្ត្រី KAZANTIP នេះ ប៉ុន្តែត្រូវខកចិត្ត ខណៈអាជ្ញាធរ បានបិទស្ពាន មិនអនុញ្ញាតិឲ្យ ឆ្លងចូលកោះពស់ នោះទេ។

ក្នុងនោះដែរ ការលុបចោលនេះ ធ្វើឡើង បន្ទាប់ពីមាន ការពិភាក្សាយ៉ាងក្តៅគគុក រវាង អាជ្ញាធរក្នុងតំបន់ ជាមួយនឹង ក្រុមប្រឹក្សា ទេសចរណ៍ជាតិ ថាតើគួរអនុញ្ញាតិ ឲ្យមានការប្រគំតន្ត្រី KAZANTIP នៅលើទឹក ដីកោះពស់ រឺក៏យ៉ាងណា។ «កម្ពុជាគឺផ្តោតសំខាន់ ទៅលើ អេកូទេសចរណ៍ និងទេសចរណ៍ វប្បធម៌ ដោយមិនត្រូវការ ដាច់ខាត នូវទេសចរណ៍ ដែលមិន សមរម្យ (សកម្មភាពស៊ិចស៊ី) នោះទេ!» នេះជាការដកស្រង់ ប្រសាសន៍ របស់អភិបាលរង ក្រុងព្រះសីហនុ ឯកឧត្តម ឈិន សេងងួន។

គួរបញ្ជាក់ផងដែរថា ការប្រគំតន្ត្រី KAZANTIP មានដើមកំណើត នៅកោះ Crimea នេះ គឺបង្កើត ឡើង តាំងពីឆ្នាំ ១៩៩២ មកម៉្លេះ ដោយប្រារព្ធ ជាប់ៗគ្នា ជាច្រើនឆ្នាំ នៅប្រទេស អ៊ុយក្រែន ប៉ុន្តែត្រូវបង្ខំចិត្ត ប្រារព្ធនៅទីក្រុង Anaklia ប្រទេសហ្សកហ្ស៊ី កាលពីឆ្នាំមុន ដោយសារតែ អស្ថេរភាព ក្នុងប្រទេសអ៊ុយក្រែន ខណៈពិធីនេះ ទាមទារឲ្យអ្នកចូលរួម ទិញសំបុត្រ «viZa» ដើម្បីស្តាប់ភ្លេង និងរាំលេងកំសាន្ត ជាមួយនឹង DJs ល្បីៗជាច្រើន នៅលើពិភពលោក។

ទោះជាការប្រគំតន្ត្រី KAZANTIP នេះ មិនទាន់ចាប់ផ្តើមនៅឡើយ តែក៏កើត មានឡើង នូវភាពចម្រូង ចម្រាស ទៅហើយ ដោយបន្តិច បើកភ្លើង បៃតង អនុញ្ញាតិឲ្យ ប្រារព្ធ ពីសំណាក់មន្ត្រី ក្នុងតំបន់ តែបន្តិចក៏ បិទទៅវិញ។ ម្យ៉ាងវិញទៀត កាលពីថ្ងៃ ១៥ កុម្ភៈ កន្លង ទៅនេះ ក៏កើត ហេតុការណ៍ មិនប្រក្រតី ឈានដល់ការ ប្រើប្រាស់ អំពើហឹង្សា ពាក់ព័ន្ធនឹងករណី ចែកលុយថ្លៃ ការពារ មិនស្មើគ្នា ខណៈខាង អ្នករៀបចំ ការប្រគំតន្ត្រី KAZANTIP នេះវិញ មិនទាន់ចេញ សេចក្តីថ្លែង ការណ៍ ណាមួយ ដើម្បីឆ្លើយ តបទៅនឹង ការលុបចោល នេះនៅឡើយទេ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះការលុបចោល ការប្រគំតន្ត្រីនេះ?

ប្រភព៖ The Guardian

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]