បរទេស៖ ក្នុងចំណោមឧបករណ៍ បច្ចេកវិទ្យាទាំងអស់ ទូរស័ព្ទស្មាតហ្វូន គឺត្រូវបាន គេមើលដឹងថា ជាប្រភេទឧបករណ៍ ដែលមនុស្ស ជាពិសេសគឺ យុវវ័យ ជាច្រើន ជុំវិញពិភពលោក ត្រូវការជា ចាំបាច់ ហើយសឹងតែ ដាក់ជាប់ខ្លួន ពួកគេរហូត ទៅទៀត ក៏ព្រោះតែ តួនាទីរបស់ ទូរស័ព្ទស្មាតហ្វូន អាចជួយសម្រួល ការងារ និងការសិក្សា ព្រមទាំងផ្តល់ ការកំសាន្ត ជាច្រើនបែប ដល់ពួកគេ។

លើសពីនេះទៀត យុវវ័យមួយចំនួនធំ បានអះអាងថា ពួកគេមិនដែល ធ្លាប់ឃ្លាតឆ្ងាយ ពីទូរស័ព្ទ របស់គេម្តងណាឡើយ គឺសូម្បីតែពេលគេង ក៏ដាក់វានៅ ក្បែរខ្នើយគេង ឬក៏ចូលបន្ទប់ទឹក ក៏យកវា ទៅតាមផងដែរ។ ដូច្នេះហើយ ទើបមានរបាយការណ៍ មួយត្រូវបាន បញ្ចេញមកដោយ អ្នកជំនាញ ខាងបច្ចេកវិទ្យា ដើម្បីចង់ស្ទាបស្ទង់ ថាមនុស្សញៀន នឹងទូរស័ព្ទស្មាតហ្វូន ដល់កម្រិតណា។

ប្រិយមិត្តរបស់ ខ្មែរឡូតក៏អាច សាកល្បងស្ទាបស្ទង់ ខ្លួនឯងផងដែរ អំពីកម្រិតនៃ ការញៀនចំពោះ ទូរស័ព្ទស្មាតហ្វូន។ ខាងក្រោមនេះ គឺជាការ សញ្ញាទាំង៦បែប រួមជាមួយ សំនួរជាច្រើន ដែលអាច បញ្ជាក់អំពី កម្រិតញៀន ចំពោះទូរស័ព្ទដៃ របស់អ្នក ដូច្នេះចង់ដឹងថា តើអ្នកញៀន នឹងចុចទូរស័ព្ទដៃ ដល់កម្រិតណា តោះទៅមើល ទាំងអស់គ្នា៖

ទី១. សញ្ញានៃ ការលេចឡើង អំពីការញៀន ចំពោះទូរស័ព្ទ ស្មាតហ្វូន៖

_ រឿងទីមួយ ដែលអ្នកតែងតែ ធ្វើបន្ទាប់ពី ភ្ញាក់ពីគេង នៅពេលព្រឹក គឺចាប់កាន់ ទូរស័ព្ទដៃ របស់អ្នក, តើមែនទេ?
_ ប្រសិនបើ ចេញពីផ្ទះ ហើយធ្វើដំណើរ ជិតដល់កន្លែង ធ្វើការទៅហើយ តែអ្នកនឹកឃើញថា ភ្លេចទូរស័ព្ទ នៅផ្ទះ អ្នកនឹងត្រឡប់ ទៅយកវាវិញ យ៉ាងពិតប្រាកដ, តើមែនទេ?

ទី២. សញ្ញា នៃការប្រើប្រាស់ ទូរស័ព្ទដៃ ដើម្បីជា ការកំសាន្តប៉ុណ្ណោះ នេះមានន័យថា អ្នកមិនបាន ញៀនខ្លាំង ក្នុងការប្រើប្រាស់ ទូរស័ព្ទដៃ នោះទេ៖

_ នឹកឃើញចុច ទូរស័ព្ទដៃ ដើម្បីកំសាន្ត នៅពេលណា ដែលអ្នកមាន អារម្មណ៍ថា ធុញប៉ុណ្ណោះ, តើមែនទេ?
_ លើកទូរស័ព្ទដៃ មកចុច ដើម្បីគេចចេញពី ស្ថានភាពដែល ធ្វើឲ្យអ្នកមិន ស្រួលក្នុងចិត្ត ពេលដែល ស្ថិតនៅក្នុង ចំណោមមនុស្សច្រើន, តើមែនទេ?

ទី៣. សញ្ញានៃ ការចាប់ផ្តើមវក់ ក្នុងការលេង ទូរស័ព្ទដៃ នេះបានន័យថា អ្នកត្រូវការ ទូរស័ព្ទដៃ ជាខ្លាំង ដើម្បីបំពេញ ភាពរីករាយ ហើយក៏គ្មានអ្វី ដែលអាចមក ធ្វើឲ្យអ្នក រំសាយអារម្មណ៍ បានក្រៅពី ទូរស័ព្ទដៃ នោះដែរ៖

_ ពេលវេលា ភាគច្រើនរបស់អ្នក គឺចំណាយទៅលើ ការចុចទូរស័ព្ទដៃ, តើមែនទេ?
_ ប្រើប្រាស់ទូរស័ព្ទដៃ លើសពីធម្មតា ឬក៏លើសពី រយៈពេលដែល គួរតែប្រើវា, តើមែនទេ?

ទី៤. សញ្ញានៃអាការៈ អត់ទូរស័ព្ទមិនបាន នៅពេលដែលអ្នក ស្ថិតក្នុងស្ថានភាព បែបនេះអ្នក តែងតែមាន អារម្មណ៍ ធុញថប់, ឆេវឆាវ, នឿយហត់, ពិបាកចិត្ត ជាខ្លាំងនៅពេល ណាដែលអ្នក នៅឆ្ងាយពី ទូរស័ព្ទរបស់អ្នក៖

_ អារម្មណ៍របស់អ្នក ប្រែជានៅមិនស្ងៀម អន្ទះសា ឬក៏ឆេវឆាវ ពេលដែល មិនមាន ទូរស័ព្ទដៃ នៅក្បែរ ឬក៏រកវា មិនឃើញ, តើមែនទេ?
_ អ្នកប្រែទៅ ជាមានអារម្មណ៍ រន្ធត់យ៉ាងខ្លាំង ពេលដែលអ្នក គិតថាអ្នក បានធ្វើបាត់ ទូរស័ព្ទដៃ, តើមែនទេ?

ទី៥. នេះគឺជា សញ្ញាទូទៅ មួយ ដែលបង្ហាញថា អ្នកកំពុងតែ ញៀននឹងទូរស័ព្ទដៃ របស់អ្នក។ តើអ្នកមានដែល ត្រូវគូស្នេហ៍ ឬក៏គ្រួសារ របស់អ្នក រអ៊ូពីរឿង ចុចទូរស័ព្ទ របស់អ្នកពេល ដែលនៅជាមួយ ពួកគេដែរទេ? តើអ្នកតែងតែ កាន់ទូរស័ព្ទ ឬក៏ចុចវាលេង នៅពេលធ្វើ ដំណើរកំសាន្ត ដែរទេ? តើការងារ ឬក៏ការសិក្សា របស់អ្នកត្រូវបាន រំខានដោយ ការលេងហ្គេម ឬក៏ឆែក ហ្វេសប៊ុក និងចូលមើល អ៊ិនធើណេត ផ្សេងៗទៀត តាមរយៈទូរស័ព្ទដៃ ដែរទេ? បើសិនជាធ្លាប់ នោះបានន័យថា អ្នកបានស្ថិតនៅ ក្នុងស្ថានភាពមួយ ដែលញៀននឹង ទូរស័ព្ទដៃហើយ៖

_  ជារឿយៗ មានរឿងឈ្លោះប្រកែកគ្នា ជាមួយគូស្នេហ៍ មិត្តភក្តិ ឬក៏គ្រួសារ ព្រោះតែការចុច ទូរស័ព្ទដៃ, តើមែនទេ?
_ សូម្បីតែ កំពុងបើកបរ ក៏អ្នកអាច ចុចទូរស័ព្ទបានដែរ, តើមែនទេ?

ទី៦. សញ្ញានៃ ជំងឺចាស់ រើឡើងវិញ នេះមានន័យថា អ្នកធ្លាប់បានដឹង អំពីផលអាក្រក់ ចំពោះទូរស័ព្ទដៃ ដូច្នេះអ្នក បានព្យាយាមបញ្ឈប់ ការប្រើប្រាស់វា ហួសប្រមាណ តែវាមិនបានផល៖

_ អ្នកព្យាយាម នៅឆ្ងាយពីទូរស័ព្ទដៃ តែការប្រឹងប្រែងនេះ មិនបានយូរនោះទេ, តើមែនទេ?
_ អ្នកព្យាយាម កាត់បន្ថយការ ប្រើប្រាស់ទូរស័ព្ទដៃ តែវាមិនបានផល, តើមែនទេ?

ប្រសិនបើ អ្នកឆ្លើយសំនួរ ខាងលើនេះ ហើយទទួលបាន ចម្លើយ មែន ចាប់ពី ៨ឡើងនោះ មានន័យថា អ្នកគឺញៀន នឹងការប្រើប្រាស់ ទូរស័ព្ទដៃ ខ្លាំងមែនទែន ដែលគួរតែ ទៅជួបអ្នក ជំនាញដើម្បី ពិភាក្សាអំពី រឿងនេះ។ តែបើបាន អំឡុងពី ៥ដល់៧ អ្នកកំពុងតែ ស្ថិតនៅក្នុង ស្ថានភាពមួយ ដែលងាកទៅរក ការញៀនទូរស័ព្ទដៃ យ៉ាងរហ័សបំផុត។ បើមានចម្លើយ មែន ត្រឹម៣ឬ៤ នោះមានន័យថា អ្នកមិនទាន់ ញៀនចុច ទូរស័ព្ទដៃ ណាស់ណានោះទេ ដូច្នេះចូរ ប្រយ័ត្នចំពោះវា។ ជាចុងក្រោយ បើមានចម្លើយ មែន ត្រឹម២ចុះក្រោម នោះអ្នកគឺជា មនុស្សដែល អាចគេចផុត ពីការពង្វក់នៃ ឧបករណ៍បច្ចេកវិទ្យា បាន៕

តើប្រិយមិត្ត ស្ថិតនៅក្នុង កម្រិតណាដែរទៅ?


រូបភាព នៃការប្រើប្រាស់ ទូរស័ព្ទដៃ ដែលអាចធ្វើ ឲ្យមនុស្សញៀនបាន

ប្រភព៖ យ៉ាហ៊ូ!

ដោយ៖ Xeno

ខ្មែរឡូត

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]