បាត់ដំបងៈ កម្លាំងនគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្ត បានធ្វើការឃាត់ ខ្លួនជនសង្ស័យ៥នាក់ ពីបទលួចប្រេងម៉ាស៊ូត លក់និង ទទួលទិញផល ចោរកម្មម្នាក់ បានជា បន្តបន្ទាប់ កាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១២ នៅចំណុចការដ្ឋាន សាង សង់ ម៉ាស៊ីនកិនស្រូវ ស្ថិតក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល ។

លោកមៀន ឡាយ នាយការិយាល័យព្រហ្ម ទណ្ឌកំរិតស្រាល ខេត្ត បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចឃាត់ខ្លួន បានជាបន្តបន្ទាប់ចំនួន ៦នាក់មាន ៖ទី១ឈ្មោះ លាស់ ឡៃ ភេទ ប្រុស អាយុ៣២ឆ្នាំ (មេការរង) ទី២ឈ្មោះមឿន បញ្ញា ហៅត្រេន ភេទប្រុស អាយុ១៨ឆ្នាំ (ព្រូឡាន) ទី៣ឈ្មោះ សល់ ម៉ាប់ ភេទប្រុស អាយុ១៩ឆ្នាំ ទី៤ឈ្មោះ ភិន ធារី ភេទប្រុស អាយុ ១៨ឆ្នាំ (ព្រូឡាន) ទី៥ឈ្មោះសល់ ថា ភេទប្រុស អាយុ២៤ឆ្នាំ (ព្រូឡាន) ទាំង៥នាក់នេះ ស្នាក់ នៅ ក្នុងការដ្ឋាន ក្នុងភូមិវាលទ្រា ឃុំអូរតាគី ស្រុកថ្មគោល និងទី៦ អ្នកទទួលទិញផល ចោរកម្ម ឈ្មោះលីម គឹមលាង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ .ឃុំអូរតាគី ស្រុកថ្មគោល។ ចំណែកជនរងគ្រោះ (មេការ) មានឈ្មោះអឿន ថារៈ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅក្នុងការ ដ្ឋានជាមួយគ្នា ជាមេការការដ្ឋាន សាងសង់ម៉ាស៊ីនកិន ស្រូវរបស់ថៅកែ។

លោកមៀន ឡាយ បានបន្តថា យោងតាមពាក្យបណ្តឹង របស់ឈ្មោះអឿន ថារៈ ជាមេការកាល ពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៩ ខែកក្កដា ដោយមានការ សង្ស័យថា ប្រេងម៉ាស៊ូត ប្រើប្រាស់អស់ច្រើន ជាងធម្មតា រួចមកខ្លួនបាន ទិញស្រាបៀឲ្យពួកព្រូឡាន ទាំងនោះផឹក ពេលស្រវឹង ទើបសួរទៅធ្លោយមាត់ប្រាប់ថា ប្រេងដែលបាត់នេះ គឺពួកខ្លួនជាអ្នកលួច យកទៅ លក់ ពិតប្រាកដមែន។

ក្រោយពីបានទទួលពាក្យបណ្តឹងហើយកម្លាំងជំនាញ បាន ចុះស្រាវ ជ្រាវឈានដល់ធ្វើការឃាត់ខ្លួន ជនសង្ស័យបាន ជាបន្តបន្ទាប់ចំនួន៦នាក់ នាំយកមកសាកសួរ នៅការិយាល័យជំនាញ ទើបដឹងថា ពួកគេបាននាំគ្នាលួចបូម ចេញពីឡាន ដឹកដី ដែលខ្លួនបើកយកមកលក់ឲ្យគេ ស្ទើរាល់យប់យកលុយស៊ីចាយអស់។

ក្រោយបានសាកសួរ ហើយជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថា ពួកខ្លួននាំគ្នា បូមប្រេងម៉ាស៊ូតលក់១ពីដុង៣០លីត្រតម្លៃ១២០.០០០រៀល បានលក់ឲ្យទឈ្មោះ លីម គឹមលាង ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិ.ឃុំអូរតាគី ស្រុកថ្មគោល។ ក្នុងរយៈ ពេល ជាង២ខែនេះ សរុបប្រេងដែលលួច លក់អស់ប្រហែលជាង៣.០០០លីត្រ។ ចំណែកអ្នកទទួល ទិញផលចោរកម្មបានឆ្លើយសារភាពថា ខ្លួនពិតជាបានទិញប្រេង ពីព្រូឡានទាំង៥នាក់ នេះម្តង១ទៅ២ពីដុងរយៈពេលជិត២ខែទិញ បានប្រហែលជាង៣ពានលីត្រ ពិតប្រាកដមែន ដោយសារតែមានតម្លៃថោកជាងទីផ្សារ ១លីត្រខុសគ្នា៣០០រៀល ហើយខ្លួនក៏មិនដឹងថា ទិញប្រេងនេះជា របស់ចោរលួចនោះដែរ។

បច្ចុប្បន្នកម្លាំងជំនាញ បានកសាងសំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទាំង៦នាក់ទៅតុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]