​មន្ត្រី​សុខា​ភិបាល​បាន​ឱ្យ​ដឹង​ថា ​តាម​រយៈ​មន្ទីរ​ពិសោធន៍​នៃ​វិទ្យាស្ថាន​ជាតិ​ប៉ាស្ទ័រ​ ក្រសួង​សុខា​ភិបាល​​រក​ឃើញ​ប្រភេទ​មេរោគ​ដែល​បណ្តាល​ឱ្យ​កុមារ​ស្លាប់​ទាំង​ ៦៤​នាក់​ហើយ ។ វិទ្យា​ស្ថាន​ជាតិ​ប៉ាស្ទ័រ ​បាន​ធ្វើ​តេស្ត​លើ​កុមារ​២៤​នាក់ ហើយ​​​រក​ឃើញ​ថា កុមារ​១៥​នាក់​មាន​ផ្ទុក​មេរោគ​ម្យ៉ាង​ហៅ​ថា មេរោគ​​ឆ្លង​តាម​ពោះ​វៀន​ប្រភេទ​៧១ (Enterovirus Type​ 71) ដែល​អាច​បង្ក​ទៅ​ជា​ជំងឺ​មាត់ ដៃ​ និង​ជើង ហើយ​ក៏​អាច​បង្ក​ឱ្យ​កើត​មាន​បញ្ហា​ប្រព័ន្ធ​​ប្រសាទ​ធ្ងន់​ធ្ងរ​ ដែល​ភាគ​ច្រើន​កើត​ទៅ​លើ​កុមារ​ ។

លោក​វេជ្ជ​បណ្ឌិត​ Phillipe Buchy ប្រធាន​វិទ្យា​ស្ថាន​​រោគ​សាស្ត្រ​មាន​​​ប្រសាសន៍​ថា លទ្ធ​ផល​ទាំង​នេះ​​បាន​ផ្តល់​នូវ​ការ​ពន្យល់​​ដ៏​ល្អ​ចំពោះ​ការ​រាល​ដាល​នៃ​ ជំងឺ​នេះ ។ យើង​នឹង​ទទួល​បាន​លទ្ធ​ផល​ជា​ក្តី​សង្ឃឹម​ទៀត​នៅ​ថ្ងៃ​អង្គារ​ ឬ​ថ្ងៃ​ពុធ​ក្រោយ​នេះ ។
កាល​ពី​​ឆ្នាំ​​២០០៦ ជំងឺ​​ប្រភេទ​នេះ​បាន​កើត​ឡើង​ម្ត​​ង​រួច​ហើយ​នៅ​ប្រទេស​ប្រ៊ុយ​ណេ និង​ឆ្នាំ​២០០៨ រាល​ដាល​ដល់​ប្រទេស​ចិន ។ វេជ្ជ​បណ្ឌិត​នៃ​មន្ទី​រ​ពេទ្យ​គន្ធ​បុប្ផា​បាន​ថ្លែង​ដោយ​ការ​សង្ស័យ​ថា បើ​ទោះ​បី​ជា​បាន​រក​ឃើញ​ប្រភេទ​ជំងឺ​ EV​71 នៅ​កម្ពុជា​ជា​រឿង​សំខាន់​ក៏ដោយ ក៏​ទំនង​ជា​មាន​កត្តា​ជា​ច្រើន​ផ្សេង​ទៀត ។ កាលពី​ជាង​៣​ខែ​មុន​ កុមារ៦៦​នាក់​មាន​អាយុ​ចន្លោះ​ពី​២ទៅ​៣​ឆ្នាំ ត្រូវ​​បាន​នាំ​យកមក​មន្ទីរ​ពេទ្យ​​គន្ធ​បុប្ផា​ ហើយ​២​នាក់​ក្នុង​ចំណោម​កុមារ​ទាំង​នោះ​បាន​ស្លាប់​យ៉ាង​អាថ៌​កំបាំង​ដោយ​ សារ​បញ្ហា​ផ្លូវ​ដង្ហើម​ និង​ប្រព័ន្ធ​​ប្រសាទ​ធ្ងន់​ធ្ងរ ។

កាល​ពី​ថ្ងៃ​អាទិត្យទី​៨ កក្កដា​ មន្ត្រី​អង្គ​ការ​សុខ​ភាព​ពិភព​លោក​ (WHO) បាន​រំ​លឹក​ថា ការ​រាល​ដាល​នៃ​ជំងឺ​​នេះ​មិន​ទាន់​ត្រូវ​បាន​ដោះ​ស្រាយ​ទាំង​ស្រុង​ទេ គេត្រូវ​ការ​លទ្ធ​ផល​​វិភាគ​បន្ថែម​ទៀត ។ ទោះ​ជា​យ៉ាង​ណា មាន​ការ​រិះ​គន់ WHO ចំពោះ​ការ​ធ្វើ​របាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដោយ​មិន​មាន​ការ​ពិត​​ ច្បាស់​លាស់​ ។ ក្នុង​របាយ​ការណ៍​នោះ​ WHO បាន​ជូន​ដំណឹង​ដល់​ពិភព​លោក​ថា ជំងឺ​សម្លាប់​ជីវិត​អាថ៌​កំបាំង​ថ្មី​មួយ​កំពុង​រាត​ត្បាត​​នៅ​កម្ពុជា​ ហើយ​បង្ក​​ការ​ភ័យ​ខ្លាច​ដល់​ប្រទេស​កម្ពុជា ។
យោង​តាម​វិទ្យុ RF1 បាន​ផ្សាយ​ថា លោក​លី សូវ៉ាន់ អនុ​ប្រធាន​នាយក​ដ្ឋាន​​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង​នៃ​ក្រសួង​សុខា​ភិបាល​ បាន​ថ្លែង​​នៅ​​ថ្ងៃ​សៅរ៍​ទី​៧ កក្កដា កន្លង​មក​​​ថា ក្រសួង​សុខាភិបាល​នឹង​ធ្វើ​ការ​ប្រកាស​ពី​អត្ត​សញ្ញាណនៃ​​​ជំងឺ​អាថ៌​កំបាំង ​ដែល​បាន​សម្លាប់​កុមារ​ជាង​៦០​នាក់​នេះ​​ ។ មន្ត្រី​​សុខា​ភិបាល​រូប​នេះ​​​បញ្ជាក់​ថា​ ក្រុម​វេជ្ជ​បណ្ឌិត​​​កំពុង​ស្រាវ​ជ្រាវ​​ស្វែង​រក​អត្ត​សញ្ញាណ​ជំងឺ​អាថ៌​ កំបាំង​នេះ និង​​បាន​រកឃើញ​តម្រុយ​ជំងឺ​នេះ​ហើយ ប៉ុន្តែ​​លោក​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​លម្អិត​ទេ ។

សេចក្តី​ប្រកាស​ព័ត៌​មាន​របស់​អង្គ​ការ​សុខ​ភាព​​ពិភព​លោក (WHO) ដែល​ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃទី​៦ កក្កដា ​បញ្ជាក់​ថា ក្រុម​គ្រូ​ពេទ្យ​បាន​រក​ឃើញ​​ករណី​ជំងឺ​អាថ៌​កំបាំង​នៅ​លើ​កុមារ​រហូត​ដល់​ ៧៤​នាក់ បើ​គិត​ចាប់​ពី​ខែ​មេសា រហូត​ដល់​ថ្ងៃ​ទី៥ កក្កដា ។ ប៉ុន្តែ​ក្នុង​ចំណោម​ករណី​ទាំង​អស់​នោះ​ ៦១​ករណី​បា​ន​ស្លាប់​​ក្រោយ​ពី​ដឹក​មក​ដល​​់​មន្ទីរ​ពេទ្យ (គន្ធ​បុប្ផា​សៀម​រាប និង​ភ្នំពេញ)​។ ស្ថា​បនិក​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ លោក​វេជ្ជ​បណ្ឌិត​ Beat Richner បាន​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ CNN កាល​ពី​ពេល​ថ្មី​ៗនេះ​ថា «កុមារ​ទាំង​​នោះ​ភាគ​ច្រើន​ត្រូវ​បាន​នាំ​មក​ដល់​​មន្ទីរ​ពេទ្យ​នៅ​នាទី​ ចុង​ក្រោយ​។ ពួកគេ​ស្លាប់​ដោយ​សារ​តែ​សួត​របស់​ពួក​គេ​ត្រូវ​បាន​​បំផ្លាញ» ។
សេចក្តី ​ប្រកាស​ព័ត៌​មាន​បាន​សរ​សេរ​បញ្ជាក់​ថា ក្រុម​ការ​ងារ​ចម្រុះ​ដែល​ដឹក​នាំ​ដោយ​ក្រសួង​សុខា​ភិបាល​កំពុង​ស្វែង​រក​ មូល​ហេតុ​នៃ​ជំងឺ​នេះ​ ។ ​

ភាគ​ច្រើន​នៃ​កុមារ​​ដែល​មាន​ជំងឺ​ទាំង​នោះ​​ ពួក​គេ​មាន​អាការៈ​ដូចគ្នា​ ដូច​ជាក្តៅ​ខ្លួន មាន​បញ្ហា​ផ្លូវ​ដង្ហើម និង​ប្រព័ន្ធ​​សរ​សៃ​ប្រសាទ​ ។ អាការៈ​ទាំង​នេះ​គឺ​ជា​គោល​ដៅ​នៃ​ការ​វិភាគ​រោគ​វិនិច្ឆ័យ​របស់​ក្រុម​គ្រូ​ ពេទ្យ​ក្នុង​ពេល​នេះ ។ កុមារភាគ​ច្រើន​ដែល​មាន​ជំងឺ​នេះ​មាន​អាយុ​ក្រោម​៣​ឆ្នាំ ៕

ខាងក្រោមនេះគឺជារូបភាពដែលអ្នកលេង Facebook ជាច្រើនធ្វើការ Share តៗគ្នា​ ៖

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]