រាជធានីភ្នំពេញ ៖ ​ដោយ​សារ​ខឹង​​ប្តី​ពូ​កែ​​ផឹក​ស្រា​​រៀង​រាល់​ថ្ងៃ​​ និង​ចង់​ឱ្យ​ប្តី​​ឈប់​ផឹក​​តទៅ​ទៀត ​ប្រពន្ធ​​ក៏​​ទៅ​ឱ្យ​ពេទ្យ​​ផ្សំ​ថ្នាំ​លេប​​ឱ្យ​ប្តី​ឈប់​ផឹក ហើយ​​​អ្នក​ផ្សំ​ថ្នាំ​​និយាយ​ថា ​បើ​លេប​​ថ្នាំ​​ដែល​ផ្សំ​នេះ​ហើយ​​ហាម​​ផ្តាច់​មិន​ឱ្យ​ផឹក​ស្រា​ទៀត​ទេ ។ ផ្ទុយ​ទៅ​វិញ​ ​ពេល​លេប​​ថ្នាំ​រួច​ហើយ​ប្តី​ក៏​​ផឹក​ស្រា​​អស់​មួយ​កែវ​​ ធ្វើ​ឱ្យ​ក្អួត​​ប្រកាច់​បែក​​ប្រមាត់​ថ្លាន់​ស្ទើរ​ស្លាប់​ស្ទើរ​រស់ ដែល​ហេតុ​​ការណ៍​​នេះ​កើត​ឡើង​​​កាល​ពី​វេលា​ម៉ោង​​៨និង​​៤០​នាទី​យប់​ ថ្ងៃទី​៨ កក្កដា​ នៅ​ក្នុង​ភូមិ​​ទឹក​ថ្លា សង្កាត់​ទឹក​ថ្លា​​ ខណ្ឌ​សែន​សុខ ។

បើ​តាម​​​​ស្ត្រី​ជា​ប្រពន្ធ​ប្រាប់​ថា ​ប្តី​គាត់​ដែល​​ចូល​ចិត្ត​ផឹក​ស្រា​ និង​ស្រវឹង​ជា​រៀង​រាល់​ថ្ងៃ​នេះ​ឈ្មោះ​ ខាន់​ ឌី អាយុ​៤៧ឆ្នាំ ដែល​​ពេល​ខ្លះ​ស្រវឹង​រហូត​ដេក​ដួល និង​ពេល​ខ្លះ​ជិះ​ម៉ូតូ​​ដួល​ខ្លួន​ឯង​​​រង​របួស​​ក៏​មាន​​ ធ្វើ​ឱ្យ​គាត់​ពិបាក​​​រស់​នៅ​ជាមួយ​​ពេក​ទើប​​ទៅ​​ប្រាប់​ពេទ្យ​ឱ្យ​ផ្សំ​​ ថ្នាំ​លេប​​ទៅ​ឈប់​ផឹក​ស្រា​យក​មក​ឱ្យ​ប្តី​លេប ។ ពេល​​គាត់​ទិញ​​ថ្នាំ​ហើយ​បាន​ឱ្យ​ពេទ្យ​កិន​ឱ្យ​ម៉ដ្ឋ​លាយ​ចូល​គ្នា​​រួច​ យក​ទៅ​ឱ្យ​ប្តី​ផឹក​ម្តង​កន្លះ​ស្លាប​​ព្រា​បាយ​ លុះ​ពេល​ផឹក​ថ្នាំ​ហើយ​​ប្តី​គាត់​ក៏​ទៅ​ផឹក​​ស្រា​អស់​មួយ​កែវ ស្រាប់​តែ​​ក្អួត​​ប្រកាច់​ប្រកិន​​បែក​ប្រមាត់​ថ្លាន់​​ស្ទះ​ណែន​ទ្រូង​​ ថប់​ដង្ហើម​សន្លប់ ។ ដោយ​សារ​ឃើញ​​ប្តី​ប្រកាច់​បែប​នេះ​ភ័យ​ពេក​ គាត់​ក៏​ដឹក​​ប្តី​យក​ទៅ​​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។

ខណៈ​មក​ដល់​មន្ទីរពេទ្យ​ គ្រូ​ពេទ្យ​បាន​ចាក់​ថ្នាំ​​បន្សាប​ និង​ព្យួរ​សេរ៉ូម​​បណ្តេញ​ជាតិ​​ពុល​ចេញ​ពី​​ក្នុង​ខ្លួន​ និង​បាន​គ្រាន់​បើ​ឡើងវិញ ។ នេះ​ជា​បាតុ​ភាពមួយ​ដែល​បុគ្គល​ជា​ពេទ្យ​​មិន​គប្បី​​ចេះ​តែ​ផ្សំ​ថ្នាំ​ ផ្តេស​ផ្តាស​​ឱ្យ​មនុស្ស​លេប​នោះ​ទេ ហើយ​នេះ​សំណាង​ហើយ​ដែល​ជ​ន​រង​គ្រោះ​​មិន​ធ្ងន់​ធ្ងរ​ ឬ​ក៏​ស្លាប់​ ។ សួរ​ថា ​បើ​សិន​ជា​អ្នក​លេប​ ឬ​ផឹក​ថ្នាំ​នោះ​ហើយ​មាន​ប្រតិ​កម្ម​​ដល់​ស្លាប់​ តើ​នរណា​ជា​អ្នក​ទទួល​ខុស​ត្រូវ​ ?

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]