ខេត្ត​​ព្រះ​សីហនុ៖ ​​នៅ​​បញ្ជាការ​​ដ្ឋាន​​នគរ​បាល​​អង្គភាព​បង្ក្រាប​បទ​ល្មើស​​លើ​ផ្ទៃ​ សមុទ្រ​ ដែល​មាន​ទី​តាំង​​តាម​បណ្តោយ​​ទំនប់​កោះ​ព្រាប​ ស្ថិត​នៅក្នុង​​សង្កាត់​លេខ​១​ ក្រុង​​ព្រះ​សីហនុ នារសៀល​ថ្ងៃទី​​៧ កក្កដា ឆ្នាំ​២០១២​ កន្លង​ទៅ​​ លោក​វរ​សេនីយ៍​​ទោ សាក់​ សុវណ្ណ​​ តំណាង​​​លោក​ឧត្តម​សេនីយ៍​​ទោ តេង សួន​ ប្រធាន​​នាយក​ដ្ឋាន​​ព្រំ​ដែន​ទឹក​ រួ​ម​ទាំង​​មន្ត្រី​​នគរ​បាល​​​អង្គ​​ភាព​បង្ក្រាប​​បទ​ល្មើស​លើ​ផ្ទៃ​ សមុទ្រ​​​ជាច្រើន​រូប​ទៀត​បាន​ធ្វើ​ពិធី​ប្រគល់​កម្មករ​​ទូក​នេសាទម្នាក់​​ ដែល​ជា​ជន​រងគ្រោះ​ទៅ​ឱ្យ​ក្រុម​គ្រួសារ​វិញ។

​​កម្មករ​រូប​នេះ​បាន​ធ្វើ​​​ចំណាក​ស្រុក​​​​ខុស​ ច្បាប់​អស់​រយៈ​ពេល​​៨ឆ្នាំ ដោយ​រស់​នៅ​លើ​ទូក​​​នេសាទ​​ កណ្តាល​សមុទ្រ​​​នៅ​ប្រទេស​ថៃ​ ​ដោយ​មិន​អាច​ស៊ូ​ទ្រាំ​​នឹង​ការ​ធ្វើ​​​ទារុណ​​កម្ម​និង​ការងារ​​​ពល​កម្ម​ យ៉ាង​ធ្ងន់​ធ្ងរ​ ក៏​​បង្ខំ​​ចិត្ត​​លួច​លោត​ទឹក​ហែល​​​ផ្សង​សំណាង​​​ក្នុង​មួយ​​មឺុនគ្រោះ​ ថ្នាក់ ជា​កុសល​ល្អ​ ​បាន​​​ទូក​នេសាទ​ជន​ជាតិ​​វៀត​ណាម​​ជួប​ប្រទះ​ ហើយ​ជួយ​ស្រង់​​នាំយក​ទៅ​ព្យាបាល​​​ប្រគល់​ជូន​​មក​​អង្គភាពនគរ​បាល​​​​ បង្ក្រាប​បទ​ល្មើស​​​លើ​ផ្ទៃ​សមុទ្រ​​​ដើម្បី​ស្វែង​រក​​ក្រុម​គ្រួសារ​​​ និង​ប្រគល់​ឱ្យ​​ត្រឡប់​​ទៅ​ស្រុក​កំណើេត​​វិញ ។​

លោក​វរ​សេនីយ៍​​​ទោ​ សាក់​ សុវណ្ណ ប្រធាន​​អង្គភាព​​នគរ​បាល​​​បង្ក្រាប​​​បទ​ល្មើស​​​លើ​ផ្ទៃ​សមុទ្រ​​​​បាន​ ឱ្យ​ដឹងថា ​​ជនរង​គ្រោះ​​ដែល​ទៅ​ធ្វើ​ជា​​កម្មករ​ទូកនេសាទ​នៅ​ប្រទេសថៃ​នោះឈ្មោះ សុះ​ ​ស្លេះ ភេទ​ប្រុស​ អាយុ២៥ឆ្នាំ ជា​ខ្មែរ​អ៊ិ​​ស្លាម​ មាន​ស្រុក​កំណើត​​​នៅ​ភូមិ​វិហារ​ក្រោម ​ឃុំ​បឹង​ព្រួល ស្រុក​ត្បូង​ឃ្មុំ​ ខេត្ត​កំពង់​ចាម ។  ​តាម​ការ​រៀប​រាប់​​​របស់​ឈ្មោះ​សុះ ស្លេះ ​ឱ្យ​ដឹងថា ​​រូបគេ​​​បាន​ធ្វើ​ចំណាក​ស្រុក​​​ទៅ​ធ្វើ​ជា​​​កម្មករ​ទូក​នេសាទ​នៅ​ឯ​ ប្រទេស​ថៃ​តាម​រយៈ​មេ​ខ្យល់​ តាំងពី​អំឡុង​ឆ្នាំ​២០០៤​មក​ម្លេះ ហើយ​ថៅ​កែ​ទូក​​មិន​អនុញ្ញាត​ឱ្យ​ឡើង​គោកម្តងណាឡើយ ។

តាម​ការ​រៀប​រាប់​​ឱ្យ​ដឹង​​ទៀត​ថា ​នៅ​លើ​ទូក​នេសាទ​​​មាន​កម្មករ​​​ប្រមាណ​១០​នាក់​សុទ្ធ​​សឹង​ជា​ជន​ជាតិ​ថៃ ។ បន្ទាប់​ពី​វិល​​​មក​ពី​នេសាទ​​នៅ​សមុទ្រ​​ឥណ្ឌូនេស៊ីក៏​ត្រឡប់​ចូល​មក​ ប្រទេស​ថៃ​រួច​​បន្ត​​ម​ក​ធ្វើការ​នេសាទ​​នៅ​ព្រំ​ដែន​​​សមុទ្រ​អន្តរ​ជាតិ​ ​​កម្ពុជា ។ ពេល​នោះ​​​រូប​គេ​​​បាន​ស្តាប់​ឮ​​​ពាក្យ​ខ្សឹប​ខ្សៀវ​របស់​កម្ម​ករ​​​ទូក​​ ​ជា​ជន​ជាតិ​ថៃពីការ​​ រៀប​ចំគម្រោង​​​សម្លាប់​រូប​គេ​​ទម្លាក់​ទឹក​សមុទ្រ​ក៏​សម្ងំ​ស្ងៀម​មិនហ៊ាន ​ស្តី​តប​ត​អ្វី​ទាំងអស់ បើ​ទោះ​បី​ជា​​រង​ការ​ប្រមាថ​ជេរ​ស្តី​​ពី​កម្មករ​នេសាទ​ថៃ​យ៉ាង​​ណា​ក្តី​ ។ លុះ​ដល់​វេលា​ម៉ោង​​៨ព្រឹក​ ថ្ងៃទី​​២៤ មិថុនា ឆ្នាំ២០១២ ខណៈ​ទូក​នេសាទ​ត្រូវ​ចូល​​ចត​​សម្រាក​នៅ​ក្បែរ​កោះ​មួយ​ក្នុង​ដែន​​សមុទ្រ​​ អន្តរជាតិ ស្រប​ពេល​អ្នក​បើក​បរ​​ និង​កម្ម​ករ​​នេសាទ​ឯទៀត​​ដេក​លង់​លក់​អស់​ រូប​គេ​ក៏​សម្រេច​ចិត្ត​​​លោត​ទឹក​ រួច​ហែលផ្សង​ព្រេង​​ទៅ​តាម​យថាកម្ម​កណ្តាល​សា​គរ​រក​កោះ​ត្រើយ​គ្មាន។​

កម្មករ​រូប​នេះ​រៀប​រាប់​ទៀត​ថា​ ការ​ហែល​​នៅ​ក្នុង​​លំហ​សមុទ្រ​អន្ត​រជាតិ​​ចាប់​ពី​ម៉ោង​​​៨ព្រឹក​ រហូត​ដល់​ម៉ោង​៥ល្ងាច គឺមាន​រយៈ​ពេល​៩​ម៉ោង​ពេញ​តែ​ម្តង ​ក្រោម​​ការ​តស៊ូ​​ម្ត​ង​លិច​ ម្តង​អណ្តែត និង​ស្ទើរ​​តែ​លិច​បាត់​​​ទៅ​ហើយ ​ជា​សំណាងក៏​ជួប​​​ទូក​នេសាទ​​​វៀតណាម ​គេ​​ជួយ​ស្រង់​​​សង្គ្រោះ​​យក​ទៅ​ព្យាបាល​​នៅ​ឯ​មន្ទី​រពេទ្យ​​យោ​ធា​​ការ​ ពារ​ព្រំ​ដែន​​​សុង​ដុក ខេត្ត​កាម៉ៅ ​ប្រទេស​វៀត​ណាម ។ ​បន្ទាប់​ពី​មាន​សុខ​ភាព​​​ និង​កម្លាំង​ប្រសើរ​​​​​ឡើង​វិញ​ហើយ​​សម្រាក​​​​នៅ​មន្ទីរពេទ្យ​ឯ​ប្រទេស​ វៀត​ណាមអស់​រយៈ​ពេល​៨ថ្ងៃ ទើប​សមត្ថ​កិច្ច​​​ប្រទេស​វៀត​ណាម​​បញ្ជូន​​រូប​គេ​​​ឱ្យ​ត្រឡប់​មក​ប្រទេស​ កម្ពុជា​វិញ តាម​ច្រក​ព្រំ​ដែន​ហា​ទៀង ខេត្ត​គៀង​យ៉ាង ហើយ​សមត្ថកិច្ច​វៀត​ណាម​​​ ខេត្ត​គៀង​យ៉ាង​ ក៏​បាន​ប្រគល់​ជូន​​អង្គ​ភាព​​​​នគ​របាល​​បង្ក្រាប​បទ​ល្មើស​​​លើ​ផ្ទៃ​ សមុទ្រ​​កម្ពុជា​ ។

ដោយ​អនុវត្ត​តាម​​​បទ​បញ្ជា​របស់​លោក​ នាយ​ឧត្តមសេនីយ៍​អគ្គ​ស្នង​ការ​នគរបាលជាតិ​ ជា​ពិសេស​​បទ​បញ្ជា​​ផ្ទាល់​របស់​លោក​ ឧត្តម​សេនីយ៍​ទោ​​​​តេង​ សួន​ ប្រធាន​នាយក​ដ្ឋាន​​នគរ​បាល​​​ព្រំ​ដែន​​ទឹក ក្រោម​កា​រដឹកនាំ​​របស់​លោក​ឧត្តម​សេនីយ៍​​ត្រី​ ឯម​ ប៊ុន​សាត អនុ​ប្រធាន​​​នាយក​ដ្ឋាន​​​នគរ​បាល​​​បង្ក្រាប​​បទ​ល្មើស​​លើ​ផ្ទៃសមុទ្រ​ ជន​រង​គ្រោះ​​​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ នា​រសៀល​​ថ្ងៃទី​៧ កក្កដា​​ ឆ្នាំ​២០១២​ ព្រម​ទាំង​ជួយ​ឧ​បត្ថម្ភ​ជា​ថវិកាសម្រាប់​ដោះ​ស្រាយ​​ក្នុងការ​ធ្វើ​ដំណើរ​​ វិល​ត្រឡប់​ទៅ​​​ស្រុក​កំណើត​វិញផង​ដែរ​។

ជន​រង​គ្រោះ​​​សុះ ស្លេះ និង​ក្រុម​គ្រួសារ ​​​បាន​ថ្លែង​អំណរ​គុណ​​យ៉ាង​ជ្រាល​ជ្រៅ​ ចំពោះ​ថ្នាក់​​ដឹក​នាំ​​​អគ្គស្នង​ការដ្ឋាន​​​​នគរបាល​ជាតិ​​ ក៏​ដូ​ចជា​​លោក​ប្រធាន​អង្គភាព​​នគរ​បាល​​​បង្ក្រាប​បទ​ល្មើស​ លើ​ផ្ទៃសមុទ្រ រួម​នឹង​​មន្ត្រី​​ក្រោម​ឱ​វាទ​​ទាំងអស់​ ​ដែល​បាន​ជួយ​ឧបត្ថម្ភ ទាំង​កម្លាំង​កាយ​​ ទាំង​កម្លាំង​ចិត្ត​​​ និង​ថវិកា ​ជួយ​សម្រួល​​ដល់​ការ​ធ្វើ​ដំណើរ​​​​វិល​ត្រឡប់​​​ទៅ​ជួប​ជុំ​​​គ្រួសារ​វិញ ។

លោក​វរ​សេនីយ៍​​ទោ​ សាក់​ សុវណ្ណ បាន​អំពាវ​នាវ​​​ដល់​បង​ប្អូន​​​ប្រជាពល​រដ្ឋ​​​ទាំង​អស់ ​កុំ​​ចាញ់​បោក​មេ​ខ្យល់​​ដែល​តែង​តែ​​ប្រើ​ប្រាស់​​មធ្យោ​បាយ​​​គ្រប់​រូប​ ភាព​ ក្នុងការ​​នាំ​ពល​ករ​​ទៅ​ធ្វើ​ចំណាក​​ស្រុក​​​ខុស​ច្បាប់​​ដែល​​ងាយ​នឹង​​រង ​គ្រោះ​ដោយ​ការ​ធ្វើ​​​​ទារុណ​កម្ម​​​ពី​សំណាក់​​ជាតិ​សាសន៍​​គេ ដែល​គេ​​ចាត់​ទុក​ជា​ទាសករ​ដូច​ជន​រងគ្រោះ​​ខាង​លើ​នេះទៀត ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]