ខេត្ត​រតនគិរី ៖ រថយន្ត​​ម៉ាក​កាម​រីគូទ​ស្វិត​​មួយ​គ្រឿង បាន​ត្រូវ​​​ម្ចាស់​ដាក់​បញ្ចាំ​នឹង​មន្ត្រី​​ប៉ូលិស​​ចរាចរមួយ​រូប​​នៃ​ អធិការដ្ឋាន​​​ស្រុក​អូរ​​យ៉ា​ដាវ​ ក្នុង​តម្លៃ​​២​លាន​រៀល​រយៈ​​ពេល​មួយ​ខែ លុះ​លើស​​តែ​មួយ​​ថ្ងៃ​ក៏ត្រូវ​លោក​ប៉ូលិសរូប​នោះ​​​​ស៊ី​ដាច់​ដោយ​គ្មាន​​ ការ​យោគ​យល់ ។

ម្ចាស់​​រថយន្ត​​ដែល​​ចោទ​ប្រកាន់​មន្ត្រី​ប៉ូលិស​​ ចរាចរ​​ថា មាន​បំណង​​ស៊ី​ដាច់​​រថយន្ត​​គាត់​នោះ​ឈ្មោះ​ សំ សុខា ភេទ​ប្រុស ​អាយុ​៥៤​ឆ្នាំ​ ជា​អ្នក​ធ្វើ​ចម្ការ​​ រស់​នៅ​ភូមិ​​អ៊ុន ឃុំ​​លំ​ជ័រ​ ស្រុក​អូរ​យ៉ា​ដាវ​ មាន​ស្រុក​កំណើត​​នៅ​​ ឃុំ​អូរ​ម្លូ ស្រុក​ស្ទឹង​​ត្រង់​ ខេត្ត​កំពង់​ចាម ។ លោក សំ សុខា​​ បាន​រៀប​រាប់​​​ថា ដោយ​សារ​​ខ្វះ​ប្រាក់​បើក​ឱ្យ​​កម្មករ​​ដែល​ស៊ី​ឈ្នួល​ធ្វើ​ចម្ការ​​ឱ្យ​ គាត់ ​រូប​គាត់​ក៏​​យ​ក​រថយន្ត​​ម៉ាក​កាម​រីមួយ​គ្រឿង​ ពណ៌​ស្ករ ស៊េរី​​ឆ្នាំ​១៩៨៨ ទៅដាក់​​បញ្ចាំ​ឱ្យ​ឈ្មោះ សូម ​សន អាយុ​ប្រហែល​៣៨​ឆ្នាំ ​ជន​ជាតិ​ចា​រ៉ាយ​ ជា​ប៉ូលិស​​ចរាចរ​​នៅ​អធិការដ្ឋាន​​ស្រុក​អូរ​យ៉ា​ដាវ នៅ​ថ្ងៃ​ទី​១ មិថុនា ចំនួន​២​លាន​រៀល​រយៈ​ពេល​​មួយ​ខែ ។

នៅ​ពេល​ដាក់​រថយន្ត​​បញ្ចាំ​ មន្ត្រី​​ប៉ូលិស​​នោះ​បាន​​ធ្វើ​លិខិត​​ជា​កិច្ច​សន្យា​ដោយ​មាន​មន្ត្រី​ ប៉ូលិស​​ម្នាក់​នៅទី​​នោះ​ធ្វើ​ជា​សាក្សី គឺ​ដាក់​បញ្ចាំ​ត្រូវ​បង់​ការ​ប្រាក់​ចំនួន​២​ម៉ឺន​រៀលក្នុង​មួយ​ថ្ងៃ​ រហូត​ដល់​រយៈ​ពេល​មួយ​ខែ​ បើ​មិន​យក​ប្រាក់​មក​លោះ​រថយន្ត​​វិញ​ទេ គឺ​រថយន្ត​​​នោះ​ត្រូវ​ដាច់​ដោយ​គិត​​ចាប់​ពី​ថ្ងៃ​ទី​១ មិថុនា ​ដល់​ថ្ងៃ​ទី​១​ កក្កដា នឹង​ត្រូវ​ដាច់ ។ ម្ចាស់​រថយន្ត​រៀប​រាប់​​ទៀត​ថា ដោយ​សារ​គាត់​ខ្លាចរថយន្ត​នោះ​​ដាច់​ ក៏​​ទៅ​ខ្ចី​ប្រាក់​គេ​បាន​​ចំនួន​២​លាន​រៀល​ ហើយ​យក​ទៅ​លោះ​រថយន្ត​​នោះ​វិញ នៅ​ថ្ងៃ​ទី​១៩ មិថុនា ប៉ុន្តែ​​មិន​គិត​ការ​ប្រាក់​​ទេ ដោយ​សុំ​អង្វរមន្ត្រី​​​ប៉ូលិស​រូប​នោះ​ឱ្យ​គាត់​យក​តែ​ថ្លៃ​ដើម​សិន ឯ​​រថយន្ត​​ទុក​នៅ​ទី​នោះ​សិន​ចាំ​ថ្ងៃ​បង់​ការ​ប្រាក់​​ជា​ក្រោយ​ទើប​គាត់​ យក​រថយន្ត​ចេញ​វិញ តែ​មន្ត្រី​ប៉ូលិសនោះ​​​នៅ​តែ​មិន​ព្រម ។

ពេល​វេ​លា​ចេះ​តែ​រំលង​​រហូត​ដល់​ថ្ងៃ​ទី​២ កក្កដា ទើប​គាត់​​មាន​ប្រាក់​គ្រប់​​យក​ទៅ​លោះ​យក​រថយន្ត​ និង​បង់​ការ​ប្រាក់​ ស្រាប់​តែ​​មន្ត្រី​ប៉ូលិស​​នោះ​ប្រាប់​ថា​ផុត​កំណត់​ហើយ​មិន​អាច​យក​ទៅ​វិញ ​បាន​ទេ គឺ​​ដាច់​ហើយ ។ ទោះ​ជា​គាត់​សុំ​អង្វរ​​យ៉ាង​ណា​ និង​សុំ​បង់​ការ​ប្រាក់​ដែល​លើស​ចំនួន​​ពីរ​ថ្ងៃ​​គឺ​ថ្ងៃ​ទី​១ កក្កដា និង​​​ទី​២ កក្កដា ​នោះ​ក្នុង​តម្លៃ​​៥​ម៉ឺន​រៀល​ក្នុង​​មួយ​ថ្ងៃក៏មន្ត្រី​​ប៉ូលិស​​នោះ​មិន​ ព្រម​ដែរ ។

ចំពោះ​ករណី​នេះ​ បើ​ទោះ​បី​ជា​​លោក សំ សុខា ជា​ម្ចាស់​រថយន្ត​​ប្តឹង​ទៅ​លោក ម៉ៅ វិចិត្រ អធិការ​ប៉ូលិស​​ស្រុក​ឱ្យ​ជួយ​ដោះ​ស្រាយ​​ក៏​អត់​ប្រយោជន៍​ដែរ ​ដោយ​លោក​អធិការ​ប្រាប់​ថានិយាយ​គ្នា​​ឯង​ទៅ ។ ប្រភព​បាន​ឱ្យ​ដឹង​ថា រថយន្ត​​របស​់​លោក​ សំ​ សុខា ​ដែល​ដាក់​បញ្ចាំ​នោះ​មន្ត្រី​ប៉ូលិស​ឈ្មោះ សូម សន ធ្លាប់​និយាយ​ទិញ​ជា​ច្រើន​លើក​ច្រើ​ន​សាមក​ហើយ ​តែ​ម្ចាស់​រថយន្ត​ចង់​លក់​តម្លៃ​១.៨០០​ដុល្លារ​ ឯ​មន្ត្រី​ប៉ូលិស​រូប​នោះ​ឱ្យ​ត្រឹម​តែ​១.៤០០​ដុល្លារ​ មិន​ត្រូវ​ថ្លៃ​គ្នា ។

ចំណែក​លោក​ សូម សន មន្ត្រី​ប៉ូលិស​​ចរាចរ​ស្រុក​អូរ​យ៉ា​ដាវ បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ល្ងាច​ថ្ងៃ​ទី​៧ កក្កដា ថា រថយន្ត​​ដែល​ដាក់​បញ្ចាំ​នោះ​បាន​ផុត​កំណត់​ចំនួន​ពីរ​ថ្ងៃ​​ហើយ ​មិន​អាចលោះ​យក​វិញ​បាន​ទេ​ ព្រោះ​មាន​កិច្ច​សន្យា​​រយៈ​ពេល​១​ខែ​​ បើ​មិន​យក​ប្រាក់​មក​​លោះ​នឹង​ត្រូវ​ដាច់ ។ មន្ត្រី​ប៉ូលិស​រូប​នេះ​​បន្តថា​ ​លោ​ក​ពុំ​មា​ន​លិខិត​​ធ្វើ​អាជីវកម្ម​​រក​ស៊ី​​ដាក់​បញ្ចាំ​ទេ គឺ​​ឈ្មោះ​សំ​ សុខា ​បាន​សុំ​អង្វរ​​ដាក់​បញ្ចាំ​​ចំនួន​ពីរ​​លាន​រៀលដោយ​ខ្លួន​ឯង​ ថែម​មានមន្ត្រី​​ប៉ូលិសឈ្មោះ​​​ជ្រូក​ធ្វើ​សាក្សី​​ទៀត​ផង ។

​លោក ម៉ា វិចិត្រ​ ​អធិការប៉ូលិស​ស្រុក​អូរ​យ៉ា​ដាវ បានថ្លែង​​ថា រូប​លោក​មិន​អាច​យក​អំណាច​​ទៅ​គាប​សង្កត់​កូន​ចៅ​ឱ្យ​ប្រគល់​រថយន្ត​​នោះ​ ឱ្យ​ម្ចាស់​វិញ​បាន​ទេ ព្រោះ​មាន​លិខិត​បញ្ជាក់​​ និង​សាក្សី​​ច្បាស់​លាស់​ ហើយ​តំបន់​នោះ​ជា​តំបន់​​ជន​ជាតិ​​និយាយ​ម៉ាត់​ណា​គឺ​ម៉ាត់​ហ្នឹង​​មិន​អាច​ កែ​ប្រែ​​បាន​ទេ ​សូម​ឱ្យ​ពួក​គាត់​សម្រុះ​សម្រួល​គ្នា​ និង​អង្វរករ​​គេ​ទៅ ។

ទោះ​បី​ជា​បែប​ណា​​ អ្នក​​​ភូមិ​គ្រប់​គ្នា​បាន​រិះ​គន់​ឥរិយាបថ​មន្ត្រី​ប៉ូលិស​​រូប​នេះ​ថា ​មិន​គួរ​មិន​មាន​ការ​លើក​លែង​​នោះ​ទេ ព្រោះ​​ការ​ដែល​ដាក់​រថយន្ត​​​បញ្ចាំ​នោះការ​​ប្រាក់​​ថ្លៃ​ណាស់ ហើយ​មាន​រយៈ​ពេល​ខ្លី​​មិន​ខុស​​ពីច្របាច់​​ក​គេ​​ទេ លើស​ខ្វះ​បន្តិច​បន្តួច​​គួរ​លើក​លែង​ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]