មន្រ្តីសុខាភិបាលបាននិយថា ក្រសួងសុខា​ភិបាល​បាន​រកឃើញប្រភេទ​មេរោគដែល​បណ្តាល​ឲ្យកុមារកម្ពុជាស្លាប់​ ៦៤នាក់ហើយ។ វិទ្យា​ស្ថានជាតិប៉ាស្ទ័រ បានធ្វើតេស្ត​លើកុមារ​២៤​នាក់​រកឃើញថា កុមារ១៥នាក់មាន​ផ្ទុក​មេ​រោគម្យ៉ាងហៅថា មេរោគឆ្លងតាម​ពោះ​វៀន​ប្រភេទ៧១ (Enterovirus Type 71) ដែល​អាច​បង្កទៅជាជំងឺមាត់ ដៃ និងជើង ហើយក៏​អាច​បង្ក​ឲ្យកើតមានបញ្ហាប្រព័ន្ធ​ប្រសាទធ្ងន់ធ្ងរ ភាគច្រើនកើតទៅលើកុមារ និង​បណ្តាល​ឱ្យ​ស្លាប់​ក្នុង​រយៈ​​ពេល​លឿន​។

លោកវេជ្ជបណ្ឌិត Phillipe Buchy ប្រធាន​វិទ្យាស្ថានរោគសាស្ត្រ​មាន​ប្រសាសន៍​ថា លទ្ធ​ផល​ទាំងនេះ​បានផ្តល់នូវ​ការ​ពន្យល់ដ៏ល្អ ចំពោះ​ការ​រាលដាលនៃជំងឺនេះ។ យើងនឹងទទួលបាន​លទ្ធ​ផល​ជាក្តីសង្ឃឹមទៀត​នៅថ្ងៃអង្គារ ឬពុធ​ក្រោយ ដើម្បី​យល់​មេរោគ​កាន់​តែ​ច្បាស់ និង​​រិះ​រក​វិធី​ព្យាបាល។ កាលពីឆ្នាំ២០០៦ ជំងឺ​ប្រភេទ​នេះ​បានកើតឡើងម្តងរួច​ហើយ​នៅ​ប្រទេស​ប៊្រុយណេ និងឆ្នាំ២០០៨ រាលដាលដល់ ប្រទេស​ចិន។

លោកវេជ្ជបណ្ឌិត បេអាត រីជន័រ នៃមន្ទីរ​ពេទ្យ​គន្ធ​បុប្ផាថ្លែងថា បើទោះបីជាបានរកឃើញ​ប្រភេទជំងឺ EV71 នៅកម្ពុជា ជារឿងសំខាន់​ក៏​ដោយ ក៏ទំនងជាមានកត្តា​ជា​ច្រើនផ្សេង​ទៀត ដែល​អាច​បណ្តាល​ឱ្យ​​កុមារ​ស្លាប់​យ៉ាង​លឿន​បែប​នេះ។ លោកថា កាលពីជាង៣ខែមុន កុមារ​៦៦នាក់ អាយុ​ចន្លោះពី២ទៅ៣ឆ្នាំ ត្រូវ​បាន​នាំ​យក​ទៅ​មន្ទីរ​​ពេទ្យគន្ធបុប្ផា ហើយ២នាក់ក្នុង​ចំណោម​​កុមារ​​ទាំងអស់​បាន​ស្លាប់យ៉ាង​អាថ៌​កំបាំង​​ដោយ​សារ​ បញ្ហាផ្លូវដង្ហើម និងប្រព័ន្ធ​ប្រសាទ​ធ្ងន់ធ្ងរ។

កាលពីថ្ងៃអាទិត្យ មន្ត្រីអង្គការសុខភាព​ពិភព​លោក (WHO) បាន​រំលឹកថា ការរាលដាល​នៃ​ជំងឺ​នេះ​មិនទាន់ត្រូវបានដោះស្រាយទាំងស្រុងទេ គេត្រូវការវិភាគ​បន្ថែម​ទៀត។ លោករីជន័រ បាន​រិះគន់ WHO ចំពោះការធ្វើរបាយការណ៍​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយដោយមិនមានការពិត​ច្បាស់​ លាស់។ ក្នុងរបាយការណ៍​នោះ WHO បាន​ជូន​ដំណឹង​ដល់ពិភពលោកថា ជំងឺសម្លាប់ជីវិត​អាថ៌​កំបាំង​ថ្មីមួយកំពុងរាតត្បាតកម្ពុជា វាបង្ក​ការ​ភ័យ​ខ្លាច​ដល់ប្រទេសកម្ពុជា៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]