ភ្នំពេញ ៖ ជនសង្ស័យ ជាស្ដ្រីចំនួន៣នាក់ ត្រូវបានកម្លាំង នគរបាលការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ ចាប់ខ្លួន ខណៈ កំពុងធ្វើដំណើរ នៅតាមផ្លូវកាលពីថ្ងៃសៅរ៍ ទី៧ ខែកក្កដា ឆ្នាំ២០១២ បន្ទាប់សមត្ថកិច្ច បានធ្វើការស្រាវជ្រាវតាមជំនាញរបស់ខ្លួន ដើម្បីឈានទៅដល់ការឃាត់ខ្លួនជនទាំងនេះ បន្ទាប់ពីបានជួលឃាតក សម្លាប់ស្ដ្រីម្នាក់រស់ នៅភូមិជាមួយគ្នា ប៉ុន្ដែមិនបានសម្រេចគ្រាន់ តែរឿងជម្លោះបន្ដិចបន្ដួចនោះ ។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រាជធានីភ្នំពេញ លោក ជួន ណារិន បានថ្លែង ឱ្យដឹងថា ជនសង្ស័យជាស្ដ្រីទាំង៣នាក់ដែល ត្រូវបាន សមត្ថកិច្ច របស់លោកចាប់ខ្លួនជាបន្ដ បន្ទាប់ ហើយបញ្ជូនខ្លួនទៅសាលាដំបូងរាជ ធានីភ្នំពេញ នារសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១២ គឺជាប់ពាក់ព័ន្ធនឹងការជួលឃាត កម្នាក់ តាមសម្លាប់ស្ដ្រីម្នាក់ ក្នុងតម្លៃ៥០០០ ដុល្លារ រួចតថ្លៃត្រឹម ៣០០០ដុល្លារ ប៉ុន្ដែផែន ការសម្លាប់មនុស្សតាមរយៈការជួលឃាតក ខាងលើនេះ មិនបានសម្រេចឡើយ បន្ទាប់ពី កម្លាំងសមត្ថកិច្ចរបស់លោកធ្វើការស្រាវជ្រាវ ហើយតាមចាប់ជនសង្ស័យទាំងនេះ ។

លោក ជួន ណារិន បានបន្ដថា ជនសង្ស័យ ទាំង៣ ដែលប្រឈមនឹងការផ្ដន្ទាទោសតាម ប្រព័ន្ធតុលាការនោះ រួមមានទី១ ឈ្មោះស៊ុន តង ភេទស្រី អាយុ៣៥ឆ្នាំ, ទី២ សុខ ស៊ីនឿន ភេទស្រី អាយុ៤១ឆ្នាំ ដែលអ្នកទាំង ពីររស់នៅក្នុងភូមិកន្ទ្រង់ សង្កាត់ពន្សាំង ខណ្ឌ ពោធិ៍សែនជ័យ និងជនសង្ស័យទី៣ ជាអ្នក ស្វែងរកឃាតកនោះ មានឈ្មោះសៀក លាង អាយុ៤៥ឆ្នាំ រស់នៅផ្ទះជួល ក្នុងសង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ ។

លោក ជួន ណារិន ដែលបានទទួលបញ្ជា ពីលោកស្នងការ ស្នងការរងទទួលផ្នែកព្រហ្ម ទណ្ឌ ដើម្បីស្រាវជ្រាវករណីនេះ ក្រោយពី ការសាកសួរ ជនសង្ស័យទាំង៣នាក់និងជន រងគ្រោះ បានរៀបរាប់ថា អំឡុងខែមិថុនា ឆ្នាំ២០១២ ជនរងគ្រោះឈ្មោះឈុន យ៉ា ដែល រស់នៅក្នុងភូមិជាមួយជនសង្ស័យខាងលើ គឺ ស្ថិតនៅភូមិកន្ទ្រង់ សង្កាត់ពន្សាំង ខណ្ឌពោធិ៍ សែនជ័យ បានមានជម្លោះជាមួយជនសង្ស័យ ចំនួនពីរនាក់ ក្នុងចំណោម៣នាក់ បន្ទាប់ពី ជនរងគ្រោះបានទៅរករឿងប្ដី និងជេរធ្វើឱ្យ ប៉ះពាល់ជនសង្ស័យ ក្នុងវង់ល្បែងដោយសារ តែប្ដីរបស់ខ្លួនទៅលេងល្បែងនៅផ្ទះជនសង្ស័យ ទាំងនេះ ស្ទើរជារៀងរាល់ថ្ងៃ ។

ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ រូបនេះ បានបន្ដទៀតថា បន្ទាប់ពីមានជម្លោះ កើតហេតុ ជនរងគ្រោះអ្នកស្រី ឈុន យ៉ា ដែលមានមុខរបរជាអ្នកលក់ដូរ និងប្ដូរប្រាក់ រួមជាមួយជនសង្ស័យខាងលើ ត្រូវបានសមត្ថ កិច្ចប៉ុស្ដិ៍ពន្សាំង ហៅទៅសម្របសម្រួលនិង ដោះស្រាយគ្នា ដើម្បីបញ្ចប់រឿងពីជនសង្ស័យ ឈ្មោះស៊ុន តង និងឈ្មោះសុខ ស៊ីនឿន បាន ប្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន ដោយចោទថា ស្ដ្រីរងគ្រោះទៅរករឿងដល់ផ្ទះខ្លួន ។

បើ ទោះបីសមត្ថកិច្ចមូលដ្ឋានបានដើរតួជាអ្នក សម្របសម្រួល ដើម្បីដោះស្រាយបញ្ហានេះ ក៏ដោយ ប៉ុន្ដែជនសង្ស័យទាំងពីរនាក់នៅតែ មិនអស់ចិត្ដ ហើយថែមទាំងទៅសហការជា មួយឈ្មោះសៀក លាង ដើម្បីស្វែងរកជួល ឃាតក សម្លាប់ជនរងគ្រោះ ។

លោក ជួន ណារិន បានបញ្ជាក់ទៀតថា បន្ទាប់ពីពួកគេបានរៀបចំផែនការពីការជួល ឃាតកខាងលើនេះ រួចហើយ ក៏បានស្វែងរក ឃាតកម្នាក់ ដោយឱ្យតម្លៃ ៣០០០ដុល្លារ បន្ទាប់ពីចរចាពីតម្លៃ៥០០០ដុល្លារ ។ ប៉ុន្ដែ អ្វីៗត្រូវបានបរាជ័យ បន្ទាប់ពីឃាតករូបនេះ គឺជាមនុស្សល្អ ហើយបានរាយការណ៍ព័ត៌មាន ទាំងនេះមកសមត្ថកិច្ចរបស់លោក ទើបសមត្ថ កិច្ចចាប់ផ្ដើមធ្វើការស្រាវជ្រាវ ដោយមាន បញ្ជាពីព្រះរាជអាជ្ញារងសុខ រឿន ហើយ ឈានទៅដល់ ការឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់នេះ ខណៈកំពុងធ្វើដំណើរតាមផ្លូវកាល ពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៧ ខែ កក្កដា ឆ្នាំ២០១២ ។

បើយោងតាមលោកជួន ណារិន ជនសង្ស័យ ដែលមានចរិកកាចសាហាវនិងឃោរឃៅខាងលើនេះ ធ្លាប់បានជួលឃាតកម្នាក់ កាលពី ពេលកន្លងទៅ ប៉ុន្ដែប៉ះចំឃាតកនោះចិត្ដល្អ មិនយល់ព្រមធ្វើតាម កុំអីជីវិតជនរងគ្រោះ គឺអ្នកស្រីឈុន យ៉ា អាចប្រឈមនឹងការ ស្លាប់ជាក់ជាមិនខាន ។
ក្រោយពីឃុំខ្លួននិងសាកសួររួចមក ជន សង្ស័យទាំង៣ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅ តុលាការ នៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០១២ ដើម្បីផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕

www.dap-news.com

ដោយ ៖ ស៊ន សុភក្ដ្រ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]