ខេត្ត​ពោធិ៍​សាត់​ ៖ ក្របី​ចំនួន​៦​ក្បាល​កំពុង​​តែ​វង្វេង​ម្ចាស់​និង​វង្វេង​ទឹក​ដី​ ដោយសារ​ក្រុម​ចោរ​​កៀង​បម្រុង​ឡើង​រថយន្ត​​ តែ​ត្រូវ​​​សមត្ថ​កិច្ច​មានការសង្ស័យ​ក៏​ស្ទាក់​ចាប់​បាន​ទាន់ពេល​វេលា​។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​៦ កក្កដា​ វេលាម៉ោង​១០​និង​៣០​នាទី​យប់​ នៅភូមិ​ធ្លា​​អំពិល​ ឃុំ​ស្រែ​ស្តុក​ ស្រុក​កណ្តៀង​ ។

​លោក​នាយ​ប៉ុស្តិ៍​នគរ​បាល​​ស្រែ​ស្តុក​ឱ្យ​ដឹង​ថា​ ​នៅយប់​ថ្ងៃ​ទី​៦ ​កក្កដា​ វេលា​ម៉ោង​១០​និង​៣០​នាទី​​ ​មានមនុស្ស​​​២នាក់​បាន​ដេញ​ក្របី​តាម​ផ្លូវ​ក្នុងភូមិ​ ។ ដោយ​សារ​មានការសង្ស័យ ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បានសហការ​ជាមួយ​​កម្លាំង​ប្រជា​ការពារ​​​ហៅ​សួរ​ នាំ​ស្រាប់​តែ​ពួក​គេ​នាំ​គ្នា​រត់​គេច​ខ្លួន​អស់​បន្សល់​ទុក​ក្របី​ចំនួន​៦ ​ក្បាល​នៅទីនោះ​​ ក៏ដឹក​យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ដើម្បី​​ធ្វើ​​កំណត់​ហេតុ​និង​សួរ​រក​ ម្ចាស់​ ​។ លោក​នាយ​ប៉ុស្តិ៍​​​បានធ្វើ​ការសន្និដ្ឋាន​ថា​ ​​ក្របី​ទាំងនេះ​ អាច​ត្រូវ​​ក្រុម​ចោរ​កៀង​​​មកពីព្រៃ​រនាម​ ឬ​ក៏​ភូមិ​-ឃុំ​ផ្សេង​ ឆ្ល​ងកាត់​តាម​ភូមិ​ធ្លា​អំពិល​​ ឃុំ​ស្រែ​ស្តុក​នេះ​ បម្រុង​ឡើង​រថយន្ត​ឈ្មួញ​ដែល​ឈប់​រង់​ចាំ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ​ប៉ុន្តែ​សមត្ថ​កិច្ច​យើង​សង្ស័យ​ក៏​ស្ទាក​់​ទាន់ពេល​វេលា​ ។

​ក្របី​ទាំង​៦ក្បាល​ ​ក្នុងនោះ​មាន​ញី​២ក្បាល​​ត្រូវបាន​រក្សា​ទុកនៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ ស្រែ​ស្តុក​ ដើម្បី​រង់​ចាំ​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​ ។​លោក​​នាយ​ប៉ុស្តិ៍​​បាន​អំពាវ​នាវ​​ដល់​បង​ប្អូន​​ប្រជា​​ពល​រដ្ឋ​ណា​ដែល​ បាត់​ក្របី​ សូម​មក​ពិនិត្យ​មើល​នៅប៉ុស្តិ៍​ស្រែ​ស្តុក​នេះ​ ហើយ​បើ​ពិតជា​ក្របី​របស់​ខ្លួន​មែន​ សូម​ធ្វើ​លិខិត​បញ្ជាក់​អះអាង​ពី​អាជ្ញាធរ​ភូមិ​-ឃុំ​មក​លោក​នឹង​សុំ​យោបល់​ ពី​លោក​អធិ​ការ​​នគរបាល​ស្រុក​​កណ្តៀង​ ក៏ដូច​​លោក​ស្នងការ​នគរ​បាល​ខេត្ត​ ដើម្បី​ប្រគល់​ជូន​វិញ​ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]